ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់រដ្ឋធានីអ៊ូឡានបាទ័រ ប្រទេសម៉ុងហ្គោលី នៅថ្ងៃអង្គារ ទី៣ កញ្ញា នេះ។
តាមសេចក្ដីរាយការណ៍ក្នុងទីភ្នាក់ងារព័ត៌មាន Reuters លោក ពូទីន បានជួបលោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី ក្នុងរដ្ឋធានីអ៊ូឡានបាទ័រ ដែលជាដំណើរទស្សនកិច្ចដំបូងរបស់លោក ពូទីន ទៅកាន់ប្រទេសដែលជាសមាជិករបស់តុលាការអន្តរជាតិមួយនេះចាប់តាំងពីមានដីកាចាប់ខ្លួនរូបលោកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
នៅទីលានដ៏ធំមួយក្នុងទីក្រុងអ៊ូឡានបាទ័រ (Ulaanbaatar) ឆ្មាំកិត្តិយសជាតិដែលស្លៀកពាក់ឯកសណ្ឋានពណ៌ក្រហម និងពណ៌ខៀវ ឈរជាជួរយ៉ាងរស់រវើកតាមរចនាបថឆ្មាំជាតិក្នុងរជ្ជកាលមហាចក្រពត្តិរាជ Genghis Khan សតវត្សទី១៣ ដែលជាស្ថាបនិកនៃចក្រភពម៉ុងហ្គោល បានស្វាគមន៍លោក ពូទីន យ៉ាងកក់ក្ដៅ។
លោក ពូទីន និងប្រធានាធិបតីម៉ុងហ្គោលី Ukhnaa Khurelsukh បានដើរលើកម្រាលព្រំក្រហមនៃវិមានរដ្ឋាភិបាល ហើយឱនមុខគោរពរូបសំណាកស្ដេច Genghis Khan មុនពេលចូលទៅក្នុងអគារដើម្បីប្រជុំ។ វត្តមានលោក ពូទីន នៅម៉ុងហ្គោលី ដើម្បីចូលរួមប្រារព្ធខួបលើកទី៨៥ នៃជ័យជម្នះលើចក្រភពជប៉ុន ដោយកងកម្លាំងរួមគ្នារវាងម៉ុងហ្គោលី និងសូវៀត។
មុនពេលទស្សនកិច្ច លោក ពូទីន បានបង្ហាញពីគម្រោងសេដ្ឋកិច្ច និងឧស្សាហកម្មដែលជាការសន្យារបស់លោកធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកាសែតម៉ុងហ្គោលី Unuudur។ ក្នុងចំណោមគម្រោងនោះ ក៏មាននូវការសាងសង់បំពង់ឧស្ម័នតភ្ជាប់ជាមួយចិន និងរុស្ស៊ី ផងដែរ។
ប្រទេសម៉ុងហ្គោលី ស្ថិតនៅចន្លោះមហាអំណាចពីរ គឺរុស្ស៊ី និងចិន។ ចាប់តាំងពីឆ្នាំ១៩៩១ ក្រោយពីសហភាពសូវៀត ដួលរលំ ប្រទេសម៉ុងហ្គោលី ព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសទាំងពីរជាខ្លាំង។
នៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តុលាការអន្តរជាតិ ICC បានស្នើទៅកាន់រដ្ឋាភិបាលម៉ុងហ្គោលី ឱ្យចាប់ខ្លួនលោក ពូទីន ហើយប្រគល់ទៅ ICC នៅក្រុងឡាអេ ប្រទេសហុឡង់ដ៍។
តែវត្តមានរបស់ជនជាប់ចោទនៃឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន នៅលើទឹកដីប្រទេសអាស៊ីកណ្ដាលនេះ ដោយមិនមានសញ្ញាណាមួយថាប្រទេសម្ចាស់ផ្ទះគោរពចំពោះការស្នើសុំឱ្យចាប់ខ្លួនលោក ពូទីន តាមដីកាតុលាការអន្តរជាតិនេះទេ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាមដែលផ្តើមចេញពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។
នៅមុនដំណើរទស្សនកិច្ចរបស់លោក ពូទីន ប្រទេសអ៊ុយក្រែន បានអំពាវនាវឲ្យម៉ុងហ្គោលី ប្រគល់លោក ពូទីន ទៅតុលាការក្នុងទីក្រុងឡាអេ។
ជុំវិញសំណុំរឿងនេះ អ្នកនាំពាក្យរបស់លោក ពូទីន បាននិយាយថា វិមានក្រឹមឡាំង មិនមានការព្រួយបារម្ភទេចំពោះប្រទេសម៉ុងហ្គោលី ទោះជាម៉ុងហ្គោលី ជារដ្ឋសមាជិកមានកាតព្វកិច្ចក្នុងលក្ខន្តិកៈក្រុងរ៉ូម ក៏ដោយ។
តាមលក្ខន្តិកៈក្រុងរ៉ូម ដីកានេះធ្វើឲ្យរដ្ឋាភិបាលម៉ុងហ្គោលី ស្ថិតក្នុងការរិះគន់។ ប្រទេសជាសមាជិកត្រូវអនុវត្តលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីឃុំខ្លួនជនជាប់ចោទ ប្រសិនបើដីកាចាប់ខ្លួនត្រូវបានបញ្ជូនឱ្យប្រទេសនោះ ប៉ុន្តែម៉ុងហ្គោលី ដែលជាប្រទេសជាប់ព្រំដែនរុស្ស៊ី គឺពឹងផ្អែកខ្លាំងលើប្រទេសជិតខាងធំជាងខ្លួន គឺត្រូវការប្រេងឥន្ធនៈ និងអគ្គិសនីដែលក្រុងអ៊ូឡានបាទ័រ ត្រូវតែស្ថិតក្រោមឥទ្ធិពលក្រុងមូស្គូ។
ក្នុងជំនួបជាមួយលោក Khurelsukh លោក ពូទីន បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍលើគ្រប់វិស័យ។ លោក ពូទីន បានអញ្ជើញប្រធានាធិបតីម៉ុងហ្គោលី ឱ្យចូលរួមកិច្ចប្រជុំកំពូលនៃប្រជាជាតិក្នុងសម្ព័ន្ធភាព BRICS ដែលមានរុស្ស៊ី និងចិន ក្នុងចំណោមប្រទេសដទៃទៀតត្រូវធ្វើឡើងនៅក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី នៅចុងខែតុលា។
កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានសម្ដែងការព្រួយបារម្ភថា ដីការបស់ ICC រដ្ឋាភិបាលម៉ុងហ្គោលី អាចមិនប្រតិបត្តិតាមនោះទេ។
អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប អ្នកស្រី Nabila Massrali បាននិយាយថា ម៉ុងហ្គោលី ក៏ដូចជាប្រទេសដទៃទៀតដែរ មានសិទ្ធិរក្សាទំនាក់ទំនងអន្តរជាតិរបស់ខ្លួនស្របតាមផលប្រយោជន៍របស់ខ្លួន។ អ្នកស្រីបានបន្ថែមថា ម៉ុងហ្គោលី គឺជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលបង្កើត ICC ចាប់តាំងពីឆ្នាំ២០០២ ដែលត្រូវគោរពកាតព្វកិច្ចរបស់ខ្លួនជាភាគីហត្ថលេខីនៃច្បាប់ទីក្រុងរ៉ូម ហៅថា Rome Statute។
លោក ពូទីន បានធ្វើដំណើរទៅក្រៅប្រទេសជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីព្យាយាមទប់ទល់នឹងភាពឯកោអន្តរជាតិដែលលោកប្រឈមមុខនឹងការឈ្លានពានប្រទេសអ៊ុយក្រែន។
លោក ពូទីន បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែឧសភា ហើយបានធ្វើដំណើរទៅកូរ៉េខាងជើង និងវៀតណាម ក្នុងខែមិថុនា។ លោកបានទៅកាន់ប្រទេសកាហ្សាក់ស្ថាន ក្នុងខែកក្កដា សម្រាប់កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ។
កាលពីឆ្នាំមុន លោក ពូទីន បានចូលរួមកិច្ចប្រជុំមួយនៅទីក្រុង Johannesburg សាធារណរដ្ឋអាហ្វ្រិកខាងត្បូង តែតាមរយៈវីដេអូ បន្ទាប់ពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានស្នើលោកកុំមានវត្តមានក្នុងកិច្ចប្រជុំកំពូល BRICS នោះ។
Enkhgerel Seded អ្នកស្រាវជ្រាវកិច្ចការវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យមួយនៅទីក្រុងមូស្គូ បាននិយាយថា បើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសដែលមានទំនាក់ទំនងមិត្តភាពជិតស្និទ្ធនឹងមិនចាប់ខ្លួនប្រមុខរដ្ឋក្នុងដំណើរទស្សនកិច្ចផ្លូវការនោះទេ ទោះបីប្រទេសនោះមានកាតព្វកិច្ចចំពោះតុលាការអន្តរជាតិនោះក្ដី៕