ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ព្រមាននឹងផ្សព្វផ្សាយវីដេអូនៃការបញ្ចេញមតិរបស់លោកពីជីវភាពកម្មករខ្មែរក្នុងចម្ការកៅស៊ូវៀតណាម ក្នុងខេត្តរតនគិរី កាលពីឆ្នាំមុនឡើងវិញ ប្រសិនបើតុលាការយកវីដេអូចាស់នោះមកភ្ជាប់នឹងការប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ដែលកំពុងផ្ទុះឡើងនៅពេលនេះ។
លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ កញ្ញា នេះថា ដីការបស់តុលាការខេត្តរតនគិរី គឺជាដីកាដែលបង្គាប់ឱ្យចាប់ខ្លួនលោកតាំងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មកម្ល៉េះ ហើយលោកក៏មិនដែលដឹងថាខ្លួនត្រូវតុលាការចោទប្រកាន់ដែរ។
លោក មាជ សុវណ្ណារ៉ា អះអាងថា បើគិតចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពេលដែលលោកមកលេងក្រុមគ្រួសារនៅសហរដ្ឋអាមេរិករយៈពេលប៉ុន្មានថ្ងៃមកនេះ លោកបានរស់នៅ និងធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជារហូតមក ដូច្នេះហេតុអ្វីតុលាការមិនចេញដីកាបង្គាប់ឲ្យចូលខ្លួនដើម្បីស៊ើបសួរលើការចោទប្រកាន់នេះ។
លោកថា បើលោកមានទោសរហូតតុលាការចេញដីកាចាប់ខ្លួនមែន ចុះហេតុអ្វីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកធ្វើជាប្រធានគណបក្សជំនាន់ថ្មី និងទទួលស្គាល់គណបក្សនេះជាផ្លូវការ ស្របពេលដែលលោកធ្វើសកម្មភាពនយោបាយតាមខេត្តនានា ក៏គ្មានតុលាការណាមកហាមឃាត់លោកដែរ។
ប្រធានគណបក្សជំនាន់ថ្មី រូបនេះអះអាងថា លោកមិនដឹងថាតុលាការមានចេតនាបំភ័យរូបលោកមិនចង់ឱ្យវិលទៅប្រទេសកម្ពុជាវិញ ឬយ៉ាងណានោះទេ ប៉ុន្តែសម្រាប់រូបលោក ទោះត្រូវជាក់គុកក៏ដោយ ក៏លោកមិនរត់ចោលមាតុភូមិរបស់ខ្លួនដែរ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ពេលដែលលោកចាកចេញពីប្រទេសកម្ពុជាមកលេងក្រុមគ្រួសារ លោកគួរតែត្រូវបានអាជ្ញាធរឃាត់ឱ្យរង់ចាំបញ្ជាថ្នាក់លើយ៉ាងតិចក៏ ១ម៉ោងដែរ តែដល់ពេលលោកមកដល់ក្រៅប្រទេស បែរជានាំគ្នាគាស់កកាយដីកាចាប់ខ្លួនលោកតាំងពីមួយឆ្នាំមុន ដើម្បីគំរាមលោកទៅវិញ។
កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក មាជ សុវណ្ណារ៉ា បានទម្លាយដីការបស់តុលាការខេត្តរតនគិរី ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបញ្ជាឱ្យចាប់ខ្លួនលោកពីបទញុះញង់ឱ្យមានការរើសអើង ដែលបានប្រព្រឹត្តនៅខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
ដីកាដដែលនេះអះអាងថា លោក មាជ សុវណ្ណារ៉ា បានគេចខ្លួនមិនដឹងស្ថិតនៅទីកន្លែងណា ដូចនេះការចាប់ខ្លួនជាមធ្យោបាយចាំបាច់បំផុតដើម្បីយកជនត្រូវចោទមកបង្ហាញខ្លួនចំពោះមុខតុលាការ និងដើម្បីបង្ការកុំឱ្យកើតបទល្មើសថ្មី ដូច្នេះតុលាការកំណត់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ចាប់ខ្លួនជនត្រូវចោទក្នុងរយៈពេលខ្លីបំផុតជាកំហិត។
កាលពីចុងខែសីហា ឆ្នាំ២០២៣ លោក មាជ សុវណ្ណារ៉ា ធ្លាប់បានលើកឡើងពីជីវភាពពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងចម្ការចេក និងចម្ការកៅស៊ូឲ្យក្រុមហ៊ុនវៀតណាម លើដីសម្បទានក្នុងខេត្តរតនគិរី ថាកម្មករខ្មែរទទួលបានប្រាក់ឈ្នួលតែជាង ៣ម៉ឺនរៀលប៉ុណ្ណោះក្នុង ១ថ្ងៃ ចំណែកឯកម្មករវៀតណាម ទទួលបានប្រាក់ឈ្នួល ៥ម៉ឺនរៀលក្នុង ១ថ្ងៃ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី លោក សាយ គួហាវ ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ៕