អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ប្តឹងក្រុមហ៊ុនសេវាកម្មផែនទីនានា បើគាត់ប្រាកដថាបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនបានរំកិលចូលដីខ្មែររាប់សិបគីឡូម៉ែត្រដូចក្រុមហ៊ុនសេវាកម្មផែនទីទាំងនេះបានបង្ហាញទេនោះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ កញ្ញា នេះថា បន្ទាប់ពីផ្ទៀងផ្ទាត់ជាច្រើនលើកច្រើនសា លោកនៅតែរកឃើញថាបង្គោលព្រំដែនកម្ពុជា-វៀតណាម ពិតជាបានរំកិលចូលដីខ្មែររាប់សិបគីឡូម៉ែត្រប្រាកដមែន។
លោកថា បើលោក ហ៊ុន សែន មិនសុខចិត្តទេ គាត់អាចដាក់ពាក្យបណ្តឹងក្រុមហ៊ុនសេវាកម្មផែនទីទាំងនេះបាន ដូចជា Apple Map, Microsoft Map (bing.com), Open street Map និង Google Map ដើម្បីបញ្ជាក់ថាបង្គោលព្រំដែនទាំងនោះពិតជាមិនបានរំកិលចូលក្នុងដីខ្មែរមែននោះ។
លោក សម រង្ស៊ី នៅតែអះអាងដដែលថា ក្រោយពីផ្ទៀងផ្ទាត់ចំណុចកូអរដោនេភូមិសាស្ត្របង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ 11.67882781369281 និងចំណុចកូអរដោនេភូមិសាស្ត្របង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ 106.3168896623792 ដោយប្រើផែនទីរបស់ក្រុមហ៊ុន Apple, Microsoft (bing.com), Open street Map និង Google Map គឺនៅតែបង្ហាញលទ្ធផលដូចគ្នាដដែលថា បង្គោលព្រំដែនកម្ពុជា-វៀតណាម បានរំកិលចូលដីខ្មែររាប់សិបគីឡូម៉ែត្រយ៉ាងពិតប្រាកដ។
មេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា សូម្បីតែក្រុមហ៊ុនសេវាកម្មផែនទីរបស់ប្រទេសរុស្ស៊ី ឈ្មោះ Yandex ក៏បង្ហាញថាបង្គោលព្រំដែនកម្ពុជា-វៀតណាម ចំណុចកូអរដោនេភូមិសាស្ត្របង្គោលព្រំដែនលេខ 11.67882781369281 និងចំណុចកូអរដោនេភូមិសាស្ត្របង្គោលព្រំដែនលេខ 106.3168896623792 ក៏បានបោះចូលក្នុងដីប្រទេសកម្ពុជាដែរ ដូច្នេះលោក ហ៊ុន សែន មិនអាចបន្តលាក់បាំងនឹងប្រជាពលរដ្ឋបានតទៅទៀតឡើយ។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន សែន បង្ហោះវីដេអូកិច្ចសម្ភាសន៍មួយរបស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដែលបានបដិសេធថាក្រុមហ៊ុនសេវាកម្មផែនទីទាំងនោះ មិនត្រូវគ្នាជាមួយនឹងផែនទីដើមដែលបន្សល់ទុកដោយបារាំង និងកំពុងតម្កល់នៅអង្គការសហប្រជាជាតិឡើយ ព្រោះថាខ្សែផែនទីរបស់ក្រុមហ៊ុន Google Map ដើរចេញចូលៗមិនជាក់លាក់នោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ កញ្ញា នេះថា ទោះលោក ហ៊ុន សែន ប្រឹងប្រកែកយ៉ាងណាក៏ដោយ ក៏ពលរដ្ឋខ្មែរមិនជឿជាក់លើគាត់ដែរ ព្រោះថារយៈពេលជាង ៤០ឆ្នាំនៃការដឹកនាំប្រទេសកម្ពុជាកន្លងមកនេះ គាត់បានធ្វើកិច្ចការលួចលាក់ចំពោះពលរដ្ឋខ្មែរ ជាពិសេសគឺរឿងទឹកដីជាមួយវៀតណាម តែម្តង។
លោក ម៉ែន ណាត បញ្ជាក់ថា បើរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់វង្សត្រកូលលោក ហ៊ុន សែន ចង់ឱ្យពលរដ្ឋខ្មែរមានទំនុកចិត្តលើការដឹកនាំរបស់ខ្លួន ជម្រើសមានតែមួយគត់ គឺស្នើរដ្ឋសភាធ្វើមោឃភាពសន្ធិសញ្ញាខុសច្បាប់នានាដែលលោក ហ៊ុន សែន ធ្លាប់ចុះហត្ថលេខាជាមួយវៀតណាម ចោលទាំងអស់ទៅ៕