31 C
Phnom Penh

រុស្ស៊ី​គំរាម​អាមេរិក​ពី​ភាព​ផុយ​ស្រួយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​លោក​ជា​ថ្មី បើ​នៅ​បន្ត​លើក​ទឹកចិត្ត​អ៊ុយក្រែន​វាយ​ចូល​ទឹកដី​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov ព្រមាន​សហរដ្ឋ​អាមេរិក កុំ​ឱ្យ​លេងសើច​នឹង​បន្ទាត់​ក្រហម​របស់​រុស្ស៊ី ជាមួយ​នឹង​ការ​ចាប់​លេង​ល្បែង​សង្គ្រាម​នៅ​អ៊ុយក្រែន ព្រោះតែ​លើក​ទឹកចិត្ត​ឱ្យ​អ៊ុយក្រែន ពង្រីក​ការ​វាយលុក​ចូល​ខាង​ក្នុង​ទឹកដី​រុស្ស៊ី ដោយ​ប្រើ​អាវុធ​ជំនួយ​របស់​ប្រទេស​បស្ចិម​លោក​ដឹកនាំ​ដោយ​អាមេរិក។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សារ​ព្រមាន​របស់​ប្រមុខ​ការទូត​រុស្ស៊ី បន្ទាប់ពី​លេច​ឮ​ព័ត៌មាន​ថា ទីក្រុង​វ៉ាស៊ីនតោន កំពុង​រៀបចំ​បញ្ជូន​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​អ៊ុយក្រែន តាម​ការ​ស្នើសុំ​របស់​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី។

Reuters បាន​រំលឹក​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ទទូច​សាជាថ្មី​ឱ្យ​សហរដ្ឋ​អាមេរិក បើក​ភ្លើង​ខៀវ​ឱ្យ​អ៊ុយក្រែន អាច​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី បន្ទាប់ពី​មន្ត្រី​របស់​លោក​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​សីហា។

ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី ក៏​បាន​អំពាវនាវ​ទៅ​កាន់​ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ឱ្យ​យល់ព្រម​ផ្ដល់​សិទ្ធិ​ពេញលេញ​ដើម្បី​ការពារ​អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន ដែល​ត្រូវការ​ការ​ពង្រឹង​សមត្ថភាព​វាយប្រហារ​ដោយ​ប្រើ​មីស៊ីល ឬ​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​វាយ​លើ​គោលដៅ​អ្នក​ឈ្លានពាន ទាំង​ខាង​ក្នុង​ទីតាំង​ទ័ព​រុស្ស៊ី នៅ​ខាង​ក្នុង​ទឹកដី​អ៊ុយក្រែន និង​ខាង​ក្នុង​ទឹកដី​រុស្ស៊ី។

លោក Sergei Lavrov ឆ្លើយតប​ទៅ​នឹង​សេចក្ដី​រាយការណ៍​របស់ Reuters ដែល​ថា​សហរដ្ឋ​អាមេរិក​ខិត​កាន់តែ​កៀក​នឹង​ការ​យល់ព្រម​ផ្ដល់​មីស៊ីល JASSM រយៈ​ចម្ងាយ​ឆ្ងាយ ដែល​មាន​សមត្ថភាព​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី គឺជា​អាវុធ​ដែល​អ៊ុយក្រែន កំពុង​ស្នើសុំ​ពី​សហរដ្ឋ​អាមេរិក។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ ទី​៤ ខែ​កញ្ញា លោក​ប្រមុខ​ការទូត​រុស្ស៊ី បាន​បញ្ជាក់​ថា ចំពោះ​រូបលោក​មិន​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ ពីព្រោះ​សហរដ្ឋ​អាមេរិក​បាន​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​រុស្ស៊ី ទៅ​ហើយ តែ​លោក​ថា​ពួក​លោក​ខាងលិច​គួរតែ​យល់​ឱ្យ​ច្បាស់​ថា​ខ្លួន​កំពុង​លេងសើច​នឹង​បន្ទាត់​ក្រហម​របស់​ក្រុង​មូស្គូ គឺ​មិន​ត្រូវ​ប្រមាថ​រុស្ស៊ី ឡើយ។ លោក​ព្រមាន​ថា បើ​ផ្ទុះ​សង្គ្រាម​លោក​ជា​ថ្មី ក៏​ដោយសារតែ​ពួក​លោក​ខាងលិច​នេះ​ដែរ។

តែ​ជា​ការ​កត់សម្គាល់ គឺ​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយក្រែន ផ្ទុះ​ឡើង​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក ទាំង​លោក Lavrov និង​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តែងតែ​ព្រមាន​លោក​ខាងលិច​កុំ​ឱ្យ​លូក​ដៃ​ចូល​ជ្រៅ​ពេក​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន ជាមួយ​នឹង​ការ​គំរាម​ពី​ការ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣ ឬ​សង្គ្រាម​នុយក្លេអ៊ែរ។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច នៅតែ​បង្កើន​ការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​រថក្រោះ មីស៊ីល​ទំនើបៗ ហើយ​ឈាន​ដល់​ការ​ផ្ដល់​យន្តហោះ​ចម្បាំង F-16 ដែល​ជា​ឧបករណ៍​សង្គ្រាម​គំរាម​ក្រុង​មូស្គូ ហើយ​ជា​ការ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​វិមាន​ក្រឹមឡាំង ម្ដង​ទៀត​រួច​ទៅ​ហើយ តែ​ពុំ​ទាន់​ឃើញ​រុស្ស៊ី វាយ​សងសឹក​ម្ដង​ណា​លើ​ពួក​លោក​ខាងលិច​នៅ​ឡើយ​ទេ។

ស្រប​ពេល​ប្រមុខ​ការទូត​ក្រុង​មូស្គូ ព្រមាន​ពី​ភាព​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​លោក​ជា​ថ្មី កាលពី​ថ្ងៃទី​៤ កញ្ញា បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាន​រំលឹក​ឡើងវិញ​ថា លោក​ពិត​ជា​មាន​ផែនការ​ដែល​អាច​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​អាច​ជួយ​ទប់ស្កាត់​ពិភពលោក​កុំ​ឱ្យ​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ស​ផ្សេង​ទៀត ប៉ុន្តែ​លោក ត្រាំ ថ្លែង​ថា លោក​អាច​បញ្ចេញ​ផែនការ​សន្តិភាព​របស់​លោក លុះត្រាតែ​លោក​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ។

នៅ​ក្នុង​កម្មវិធី Lex Fridman podcast លោក ត្រាំ បញ្ជាក់​ថា រូបលោក​ពិត​ជា​មាន​សមត្ថភាព និង​ឱកាស​ក្នុង​ការ​ជួយ​បញ្ចប់​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ឱ្យ​តែ​លោក​ក្លាយ​ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ម្ដង​ទៀត។

លោក ត្រាំ ក៏​ធ្លាប់​បាន​អះអាង​ថា លោក​នឹង​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន ដោយ​ប្រើ​ពេល​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ ប្រសិនបើ​រូបលោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ជា​ថ្មី​ទៀត ប៉ុន្តែ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ​មិន​បាន​បង្ហើប​ពី​របៀប​ដែល​លោក​ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​វិធី​ណា​នោះ​ទេ។

ចំណែង​អ្នកស្រី Kamala Harris នៅតែ​សន្យា​ថា​នឹង​បន្ត​គាំទ្រ​អ៊ុយក្រែន ហើយ​បញ្ជាក់​ថា​អ្នកស្រី​មិន​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​មេដឹកនាំ​ផ្ដាច់ការ​ដូច​លោក ពូទីន នោះ​ទេ។

តែ​បើ​ទោះជា​តំណាង​ផ្លូវ​រដ្ឋ​របស់​រុស្ស៊ី ព្រមាន​ដូចនេះ​ក្ដី ឃើញ​ថា​ប្រទេស​ជាច្រើន​ដែល​ផ្ដល់​អាវុធ​ធុន​ធ្ងន់ និង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ដូចជា ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ កំពុងតែ​រង់ចាំ​សហរដ្ឋ​អាមេរិក ថា​តើ​ប្រទេស​មហាអំណាច​មួយ​នេះ​បើក​សិទ្ធិ​ទូលំទូលាយ​កម្រិត​ណា​តាម​សំណើ​របស់​អ៊ុយក្រែន ដែល​សុំ​បាញ់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ចូល​ខាង​ក្នុង​ទឹកដី​រុស្ស៊ី ខណៈ​ទ័ព​អ៊ុយក្រែន កំពុង​វាយ​ពង្រីក​ទីតាំង​ឈរជើង​នៅ​ខេត្ត Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី។

អ៊ុយក្រែន បាន​លើក​ទ័ព​ស្រួច​ប្រហែល ៣​ពាន់​នាក់​ដំបូង​កាលពី​ថ្ងៃទី​៦ សីហា ដែល​បំពាក់​ដោយ​រថក្រោះ និង​រថពាសដែក​រាប់​សិប​គ្រឿង​ជា​អាវុធ​ជំនួយ​របស់​អាមេរិក អង់គ្លេស និង​ប៉ូឡូញ បាន​វាយ​បំបែក​ខ្សែ​ការពារ​ព្រំដែន​របស់​រុស្ស៊ី នៃ​តំបន់ Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី។ ពេល​នោះ ទ័ព​អ៊ុយក្រែន វាយ​រុល​បាន​ភ្លាមៗ ហើយ​ក្នុង​រយៈ​មួយ​សប្ដាហ៍ វាយ​គ្រប់គ្រង​លើ​ផ្ទៃដី​ជាង ១០០០​គីឡូម៉ែត្រ​ក្រឡា។ មក​ដល់​ពេលនេះ អ៊ុយក្រែន អះអាង​ថា វាយ​កាន់កាប់​បាន​ជិត ១៣០០​គីឡូម៉ែត្រ​ក្រឡា​លើ​ទីតាំង​ឈរជើង​ជាង ១០០​ភូមិ និង​ទីប្រជុំជន។

តាម​អ្នក​សង្កេតការណ៍ អ្វី​ដែល​ក្រុង​មូស្គូ បារម្ភ​ព្រោះ​មីស៊ីល JASSM រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​វា​អាច​បាញ់​ដល់​ក្រុង​មូស្គូ បើ​អ៊ុយក្រែន បាញ់​ចេញពី​ទឹកដី​តំបន់ Kursk ខាង​ក្នុង​ទឹកដី​រុស្ស៊ី ហើយ​មីស៊ីល​នេះ​ក៏​មាន​ប្រភេទ​រយៈ​មធ្យម គឺ​វា​អាច​បាញ់​បាន ៥០០​គីឡូម៉ែត្រ បើ​វា​បាញ់​ចេញពី​យន្តហោះ F-16 របស់​ពួក​បស្ចិម​ប្រទេស​ដែល​បញ្ជូន​ឱ្យ​អ៊ុយក្រែន។ F-16 បំពាក់​ដោយ​មីស៊ីល JASSM វា​អាច​បាញ់​ងាយ​បំផុត​លើ​គោលដៅ​យោធា​របស់​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស