មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ ដើម្បីផ្សះផ្សាជាតិរវាងខ្មែរនិងខ្មែរ ព្រមទាំងបើកលំហសេរីភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
អតីតនាយកខុទ្ទកាល័យប្រធានបក្សប្រឆាំងលោក មុត ចន្ថា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៤ ខែកញ្ញា ថា ចាប់តាំងពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅឆ្នាំ២០១៧ មក ស្ថានភាពសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យត្រូវបានធ្លាក់ចុះយ៉ាងគំហុក ជាពិសេសសិទ្ធិនយោបាយត្រូវបានរួមតូចកាន់តែខ្លាំង។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងរស់នៅនិរទេសក្នុងសហរដ្ឋអាមេរិករូបនេះ អំពាវនាវឱ្យសហគមន៍អន្តរជាតិមានវិធានការថ្មីដើម្បីជំរុញឱ្យមានដំណោះស្រាយចំពោះករណីលោក កឹម សុខា ក្នុងបំណងឱ្យលោកទទួលបានយុត្តិធម៌ និងសេរីភាពពេញលេញឡើងវិញ។
លោកថា មេដឹកនាំបក្សប្រឆាំងរូបនេះបានរងនូវភាពអយុត្តិធម៌អស់រយៈពេលជិត ៧ឆ្នាំហើយ ស្របពេលដែលតុលាការបានកាត់ទោសឱ្យលោកជាប់ឃុំក្នុងផ្ទះជិត ៣ទសវត្សរ៍បន្ថែមទៀត ពីបទចោទដែលមានចរិតនយោបាយសុទ្ធសាធ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា កំពុងត្រូវឃុំខ្លួនក្នុងផ្ទះតាមសាលដីកាសាលាដំបូងក្រុងភ្នំពេញ ដែលកាត់ទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំកាលពីដើមឆ្នាំ២០២៣ កន្លងទៅនេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ និងបន្តឃុំខ្លួនរហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ទើបសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសឃុំខ្លួនក្នុងផ្ទះ ២៧ឆ្នាំ ដោយដកសិទ្ធិធ្វើនយោបាយ និងមិនឱ្យជួបអ្នកដទៃក្រៅពីសាច់ញាតិថែមទៀត។
លោក មុត ចន្ថា លើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងដើរឃ្លាតឆ្ងាយយ៉ាងខ្លាំងពីកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបធ្វើឱ្យស្ថានភាពសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យរបស់កម្ពុជារួមតូចធ្លាក់ចុះដុនដាបដល់សព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា ជាងនេះទៀត អង្គការសង្គមស៊ីវិល គណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សេរីភាពបញ្ចេញមតិ ការជួបប្រជុំជាសាធារណៈ ការធ្វើបាតុកម្ម កូដកម្ម និងសិទ្ធិសហជីព ជាដើម ក៏ត្រូវបានរឹតត្បិតយ៉ាងធ្ងន់ធ្ងរដែរ ដោយសារតែអំណាចរដ្ឋត្រូវបានប្រមូលផ្ដុំបន្ទាប់ពីគណបក្សកាន់អំណាចគ្រប់គ្រងរដ្ឋសភាដោយឯកបក្សនៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ និងឆ្នាំ២០២៣ មក។
យ៉ាងណាក៏ដោយ កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ធ្លាប់បានសុំអង្វរឱ្យឪពុករបស់ខ្លួនតស៊ូក្នុងកាលៈទេសៈដ៏លំបាកនេះបន្តទៀត ព្រោះជាតិខ្មែរនៅតែត្រូវការលោក ទោះបីជាក្រុមគ្រួសាររបស់លោកជួបរឿងដ៏មហាអវិជ្ជមានក្នុងស្ថានភាពសព្វថ្ងៃនេះក៏ដោយ។
កញ្ញា កឹម មនោវិទ្យា ប្ដេជ្ញាចិត្តថានឹងមិនឱ្យការលះបង់របស់លោក កឹម សុខា ក្លាយជាអសារបង់ដាច់ខាត ខណៈជាតិខ្មែរទាំងនគរនៅតែត្រូវការលោកឱ្យក្រាញននៀលតស៊ូទៅមុខ។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ធ្លាប់បានអះអាងថា មាតុភូមិកម្ពុជាគឺជាផ្ទះ ជាជម្រក ជាដង្ហើមនៃជីវិតរបស់លោក ដែលលោកត្រូវមានកាតព្វកិច្ចថែរក្សា ការពារឲ្យបានគង់វង្សមួយជីវិត ដូច្នេះមិនមានហេតុផលណាមួយដែលអាចឱ្យលោកនាំជាតិសាសន៍ផ្សេងមកត្រួតត្រា ឬបំផ្លិចបំផ្លាញ ឬឈ្លានពានប្រឆាំងនឹងប្រទេសកម្ពុជាឡើយ៕