រដ្ឋាភិបាលអាហ្សង់ទីន បានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានស្នាក់ការនៅក្រុងឡាអេ ប្រទេសហុឡង់ដ៍ ចេញដីកាចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro និងមន្ត្រីផ្សេងទៀតជាបន្ទាន់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរលោក Maduro ស្វែងរកចាប់ខ្លួនមេបក្សប្រឆាំង Edmundo Gonzalez និងមេបក្សប្រឆាំងជាច្រើនទៀត។
អាហ្សង់ទីន ជាប្រទេសជិតខាងនឹងវេណេហ្ស៊ុយអេឡា។ ក្រសួងការបរទេសនៃប្រទេសនេះអះអាងថា សកម្មភាពដែលរដ្ឋាភិបាលរបស់លោក Maduro ធ្វើឡើងចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
រដ្ឋាភិបាលអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ បាននិយាយថា លោក Edmundo Gonzalez បានធ្វើដំណើរទៅដល់អេស្ប៉ាញ ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានចាកចេញពីវេណេហ្ស៊ុយអេឡា ចំពោះមុខវិបត្តិនយោបាយ និងការទូតពាក់ព័ន្ធនឹងជម្លោះលើលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីចុងខែកក្កដា។
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតវេណេហ្ស៊ុយអេឡា ដែលក្រោមឥទ្ធិពលរបស់លោក Maduro បានប្រកាសថា លោក Maduro បានឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដា ជាមួយនឹងសំឡេងគាំទ្រ ៥២% ដែលក្រុមប្រឆាំងគាំទ្រដោយលោកខាងលិច បានចោទប្រកាន់មន្ត្រីរៀបចំបោះឆ្នោតថាបានក្លែងបន្លំសន្លឹកឆ្នោត ដោយបេក្ខជនប្រជែងគឺលោក Edmundo Gonzalez ត្រូវបានអ្នកបោះឆ្នោត និងក្រុមសង្កេតការណ៍ជឿថាគឺជាបេក្ខជនដែលទទួលបានការគាំទ្រដល់ទៅ ៦៧%។
ទោះជាបែបនេះក្ដី ការតវ៉ាបានបន្តសកម្មភាពពាសពេញប្រទេស បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស ហើយលោក Maduro បានថ្កោលទោសភាពចលាចលនេះថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ មកដល់ពេលនេះ បាតុករជាង ២៤០០នាក់ត្រូវចាប់ខ្លួន និង ២៤នាក់បានស្លាប់នៅក្នុងការវាយបង្ក្រាបដោយកម្លាំងប៉ូលិស។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលលោក Maduro ក៏បានបើកចេញដីកាស្វែងរកការចាប់ខ្លួនមេបក្សប្រឆាំង Edmundo Gonzalez និង Maria Corina Machado បន្ទាប់ពីមេប្រឆាំងពីររូបនេះបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទម្លាក់ការគាំទ្រលោក Maduro ហើយងាកមកចូលរួមបាតុកម្មទម្លាក់លោក Maduro។
រដ្ឋអាជ្ញារបស់លោក Maduro បានចេញដីកាចាប់ខ្លួនមេបក្សប្រឆាំងទាំងពីររូបនេះ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល និងបង្កអសន្តិសុខសង្គម។
ឥឡូវនេះ មេបក្សប្រឆាំង Edmundo Gonzalez បានទៅដល់ប្រទេសអេស្ប៉ាញ ហើយ កាលពីថ្ងៃអាទិត្យ ទី៨ កញ្ញា ដោយធ្វើដំណើរតាមជើងយន្តហោះយោធានៃប្រទេសអេស្ប៉ាញ បន្ទាប់ពីលោកបានលាក់ខ្លួនក្នុងស្ថានទូតប្រេស៊ីល នៅរដ្ឋធានីការ៉ាកាស រយៈពេលមួយខែ។
បើត្រូវបានអាជ្ញាធរលោក Maduro ចាប់ខ្លួនបាន លោក Edmundo Gonzalez វ័យ ៧៥ឆ្នាំ នឹងត្រូវកាត់ឱ្យមានទោស ៣០ឆ្នាំ។ ចាប់តាំងពីការងើបឡើងប្រឆាំងលោក Maduro នៅថ្ងៃទី២៨ កក្កដា មេបក្សប្រឆាំង ៤នាក់ត្រូវបានចាប់ខ្លួន។ ចំណែកអ្នកស្រី Maria Corina Machado មេបក្សប្រឆាំងដ៏មានប្រជាប្រិយកំពុងលាក់ខ្លួន។ កងសន្តិសុខរបស់លោក Maduro នៅតែបន្តឡោមព័ទ្ធស្ថានទូតប្រទេសអាហ្សង់ទីន និងប្រទេសប្រេស៊ីល នៅរដ្ឋធានីការ៉ាកាស ដែលសង្ស័យថាមេដឹកនាំប្រឆាំងផ្សេងទៀតកំពុងលាក់ខ្លួនក្នុងស្ថានទូតប្រទេសពីរនេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា អតីតបេក្ខជនប្រធានាធិបតីវេណេហ្ស៊ុយអេឡា មកពីគណបក្សប្រឆាំង លោក Edmundo Gonzalez ដែលបានភៀសខ្លួនចេញពីប្រទេសដើម្បីស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអេស្ប៉ាញ នៅតែជាក្ដីសង្ឃឹមសម្រាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា លោក Antony Blinken បានបញ្ជាក់ថា ការចាកចេញរបស់លោក Gonzalez គឺជាការបង្ហាញឱ្យឃើញពីការចាត់វិធានការប្រឆាំងប្រជាធិបតេយ្យដែលលោកប្រធានាធិបតី Maduro បានដាក់ចេញដើម្បីបង្ក្រាបលើប្រជាជនខ្លួនឯង។
សូមជ្រាបថា លោកប្រធានាធិបតី Maduro ក៏ត្រូវបានក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ចេញដីកាចាប់ខ្លួនពីបទករណីពាក់ព័ន្ធនឹងក្រុមបណ្ដាញរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក។
ក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់របស់លោក Maduro និងគ្រួសារចំនួន ៦០នាក់ត្រូវដាក់ក្នុងបញ្ជីខ្មៅដោយក្រសួងរតនាគារអាមេរិក ហើយបើមានទ្រព្យសម្បត្តិនៅលើទឹកដីអាមេរិក ត្រូវបង្កក និងរឹបអូស។ អ្នកទាំង ៦០នាក់នោះជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងវាយបង្ក្រាបក្រុមប្រឆាំង៕