អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz អះអាងថាលោកចង់ឱ្យមានការបញ្ចប់សង្គ្រាមដោយកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីរុញទីក្រុងមូស្គូ និងទីក្រុងគៀវ ទៅរកតុចរចាឡើងវិញ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Olaf Scholz បានបញ្ជាក់ថា លោកមានការជឿថាពេលនេះជាពេលវេលាដើម្បីពិភាក្សាពីរបៀបដើម្បីឈានដល់សន្តិភាពជាមួយនឹងការបិទបញ្ចប់សង្គ្រាម គឺធ្វើយ៉ាងណាឱ្យភាគីទាំងពីរបានជួបចរចានឹងគ្នាឡើងវិញ។
អាល្លឺម៉ង់ បានផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន ជាមួយនឹងសព្វាវុធជាច្រើនទៀត រួមទាំងរថក្រោះ Leopard 1 និង 2 ក៏ដូចជារថយន្តប្រយុទ្ធថ្មើរជើង Marder ផងដែរ។ ជាមួយគ្នានេះ អាល្លឺម៉ង់នៅតែសន្យាជួយអ៊ុយក្រែន រហូតមានការបិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
អាល្លឺម៉ង់ជាប្រទេសធំទី២ ក្នុងការផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន។ ប្រទេសនេះតែងតែព្រមានក្រុងមូស្គូ កុំឱ្យឈានដល់ការផ្ទុះសង្គ្រាមធ្លាយដល់អឺរ៉ុបខាងកើត ដែលវាអាចជាសង្គ្រាមរុស្ស៊ី និងប្រទេសក្នុងតំបន់ ហើយវាអាចទៅរកសង្គ្រាមទ្រង់ទ្រាយធំដែលអាល្លឺម៉ង់នឹងចេញមុខការពារសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាសមាជិកណាតូ។ ក្នុងការគំរាមកំហែងនេះ អាល្លឺម៉ង់ប្រកាសថាមានទ័ព៨០ម៉ឺននាក់ត្រូវដាក់ពង្រាយនៅអឺរ៉ុបខាងកើត។
តែបែបនេះក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួនរហូតដល់គោលដៅទាំងអស់ត្រូវបានសម្រេច ហើយបច្ចុប្បន្នមិនទាន់មានការកំណត់ថានឹងបញ្ចប់នៅពេលណានោះទេ។
លោក Peskov បានលើកឡើងថា ប្រតិបត្តិការនេះមានសារសំខាន់ណាស់ក្នុងការធានាសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅស្ថាបត្យកម្មសន្តិសុខថ្មីមួយនៅទូទាំងទ្វីប ហើយមិនមានការកំណត់ពេលវេលាជាក់លាក់ណាមួយទាក់ទងនឹងពេលណាដែលប្រតិបត្តិការពិសេសគួរតែបញ្ចប់នោះទេ។
យ៉ាងណា វិមានក្រឹមឡាំង បានបញ្ជាក់ថា ការចរចាអាចធ្វើទៅបាន លុះត្រាតែការចរចានោះមានទម្រង់ដូចឆ្នាំ២០២២ ដែលរុស្ស៊ី នៅតែលើកឡើងថា ដែនដី ៤តំបន់នឹងត្រូវតែស្ថិតខាងក្នុងទឹកដីរុស្ស៊ី។ ដែនដី ៤តំបន់នោះរួមមាន ខេត្តដូណែត ខេត្តលូហ្គាន់ នៃតំបន់ដុនបាសភាគខាងកើត ប្រទេសអ៊ុយក្រែន និងដែនដី ៤ ទៀតនៅភាគខាងត្បូង មានតំបន់ហ្សាប៉ូរិហ្ស៊ីយ៉ា និងតំបន់ខឺសុន។
ក្នុងពេលដែលវិមានក្រឹមឡាំង មើលទៅមិនព្រមចរចា ភាគីអ៊ុយក្រែន ដែលជាជនរងគ្រោះបានទាមទារឱ្យពួកបស្ចិមប្រទេសផ្ដល់សិទ្ធិគ្រប់គ្រាន់ក្នុងការវាយការពារខ្លួន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញសម្ព័ន្ធមិត្តលោកខាងលិចឱ្យអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើអាវុធរយៈចម្ងាយឆ្ងាយសម្រាប់វាយប្រហារចូលទឹកដីរុស្ស៊ី។
លោក Zelenskyy បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការជួបជុំជាប្រចាំរបស់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដែលរៀបចំដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មកនេះ។
ក្នុងឱកាសនោះ លោកបានព្យាយាមបង្ហាញថា ជម្រើសវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយគឺជាយុទ្ធវិធីមួយដើម្បីដាក់សម្ពាធឱ្យរុស្ស៊ី បញ្ចប់សង្គ្រាមដែលអូសបន្លាយជាង ២ឆ្នាំកន្លះមកហើយនេះ។
ការទាមទាររបស់លោក Zelenskyy បានថ្លែងក្នុងគ្រាដែលមានហានិភ័យខ្ពស់ចំពោះកងកម្លាំងអ៊ុយក្រែន ដែលបានវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលចូលក្នុងតំបន់ Kursk របស់រុស្ស៊ី។
លោក Zelenskyy បានថ្លែងថា អ៊ុយក្រែនត្រូវការសមត្ថភាពប្រើអាវុធរយៈចម្ងាយឆ្ងាយនេះមិនត្រឹមតែលើទឹកដីដែលរុស្ស៊ី ត្រួតត្រាក្នុងប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើទឹកដីរបស់រុស្ស៊ី ដើម្បីរុញរុស្ស៊ី មករកតុចរចា។
លោក Zelenskyy បាននិយាយសំដៅដល់ប្រទេសសម្ព័ន្ធមិត្តដែលបានផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយជាយូរមកហើយ ដែលក្នុងនោះមានសហរដ្ឋអាមេរិកផ្ដល់មីស៊ីល ATTACMS អង់គ្លេស និងបារាំង ផ្ដល់មីស៊ីល Storm Shadow ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់ចូលខាងក្នុងទឹកដីរុស្ស៊ី។
នៅខណៈនេះដែរ អ៊ុយក្រែនក៏បានទាមទារថែមទៀតឱ្យសហរដ្ឋអាមេរិក ដែលនឹងបញ្ជូនមីស៊ីល JASSM ជាមីស៊ីលបំពាក់ឱ្យយន្តហោះ F-16 ធ្វើយ៉ាងណាអាចបាញ់គ្រាប់មីស៊ីលចូលខាងក្នុងទឹកដីរុស្ស៊ី ដែលក្រុងគៀវ ថាជាការវាយបកទប់ទល់រុស្ស៊ី ដឹកនាំឆ្លងព្រំដែនចូលខាងក្នុងប្រទេសអ៊ុយក្រែន។
មីស៊ីល JASSM ក៏ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែរ។ មីស៊ីលនេះវាអាចរត់បានពី ៥០០គីឡូម៉ែត្រទៅ ១០០០គីឡូម៉ែត្រ។ ចំណែកមីស៊ីល ATTACMS និងមីស៊ីល Storm Shadow វារត់បាន ៣០០គីឡូម៉ែត្រ។
យ៉ាងណា ចំពោះមេដឹកនាំអាល្លឺម៉ង់ ដែលសុំឱ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចប់សង្គ្រាមជាមួយនឹងការជួយសម្របសម្រួលដោយប្រទេសឥណ្ឌា និងចិន សម្រាប់អ៊ុយក្រែន ថ្លែងថា ក្រុងគៀវ ពិតជាស្វាគមន៍ដែលប្រទេសធំពីរនេះជាយន្តការីសម្រាប់សន្តិភាពអ៊ុយក្រែន តែលោក Zelenskyy ទទូចថា ចិន និងឥណ្ឌា ត្រូវប្រើសមត្ថភាពឱ្យបានច្រើនបំផុតគាបរុស្ស៊ី ទៅកាន់តុចរចា៕