មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនយោធាវៀតណាម ដែលមានទំហំជាង ៣ម៉ឺនហិកតាក្នុងខេត្តរតនគិរី ដើម្បីជៀសវាងការបាត់បង់ខេត្តខ្មែរទាំង៤ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ឬក្លាយជាកម្ពុជាក្រោមទី២ នាពេលអនាគត។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ កញ្ញា នេះថា រដ្ឋាភិបាលកម្ពុជាបានប្រគល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី ដែលជាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្រុមហ៊ុនយោធាវៀតណាម ចំនួន៣ ដែលមានទំហំផ្ទៃដីជាង ៣ម៉ឺនហិកតា (៣០២០៤ហិកតា) សព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា ក្រុមហ៊ុនទាំងបីនោះមានដូចជា ក្រុមហ៊ុន Rama Khmer បានប្តូរឈ្មោះមកជាក្រុមហ៊ុន A Phivat Caoutchouc 72 Rattanakiri Co. Ltd គ្រប់គ្រងដោយមេបញ្ជាការកងទ័ពវៀតណាម ឈ្មោះ Pham Van Quiang ដែលដឹកនាំកងអនុសេនាតូច៧២ នៃកងទ័ពប្រជាជនវៀតណាម បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលខ្មែរលើទំហំផ្ទៃដី ២០០០០ហិកតា។ កៅជុក (Caoutchouc) មានន័យថា កៅស៊ូ ឬជ័រកៅស៊ូធម្មជាតិ។
ចំណែកក្រុមហ៊ុន Chea Chanrith បានប្តូរឈ្មោះមកជាក្រុមហ៊ុន A Phivat Caoutchouc 72 Rattanakiri Co. Ltd ដែរ ប៉ុន្តែគ្រប់គ្រងដោយមេបញ្ជាការកងទ័ពវៀតណាម ឈ្មោះ Nguyen Canh Quang ដែលដឹកនាំកងអនុសេនាតូច៧២ នៃកងទ័ពប្រជាជនវៀតណាម បានទទួលដីសម្បទានពីរដ្ឋាភិបាលខ្មែរលើទំហំផ្ទៃដីជាង ៥ពាន់ហិកតា (៥១២៤ហិកតា)។
ដោយឡែកក្រុមហ៊ុន Veasna Investment បានប្តូរឈ្មោះមកជាក្រុមហ៊ុន 75 Rattanakiri Co. Ltd គ្រប់គ្រងដោយមេបញ្ជាការកងទ័ពវៀតណាម ឈ្មោះ Don Van Sang ដឹកនាំកងអនុសេនាតូច៧៥ នៃកងទ័ពប្រជាជនវៀតណាម បានទទួលដីសម្បទានពីរដ្ឋាភិបាលខ្មែរលើទំហំផ្ទៃដីជាង ៥ពាន់ហិកតា (៥០៨០ហិកតា) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨។
លោក អ៊ុំ សំអាន អះអាងថា មេបញ្ជាការ ក្រុមហ៊ុន និងកងអនុសេនាទាំងនេះ គឺស្ថិតនៅក្រោមបញ្ជាផ្ទាល់នៃកងឯកភាព៧៥ នៃកងទ័ពប្រជាជនវៀតណាម ទាំងអស់។
មន្ត្រីបក្សប្រឆាំងរូបនេះព្រមានថា ការផ្តល់ដីសម្បទានទៅឱ្យក្រុមហ៊ុនយោធាវៀតណាម បែបនេះ គឺគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតសម្រាប់កម្ពុជា ព្រោះយោធាវៀតណាម អាចបង្កប់កងទ័ពរបស់ពួកគេក្នុងដីសម្បទានទាំងនេះរហូតដល់ទៅ ៩៩ឆ្នាំឯណោះ។
លោក អ៊ុំ សំអាន លើកឡើងថា ខេត្តរតនគិរី គឺជាខេត្តមួយដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយវៀតណាម ដូច្នេះការផ្តល់ដីសម្បទានទាំងនេះ គឺជាភស្តុតាងមួយយ៉ាងច្បាស់ដែលបង្ហាញថា វៀតណាម បានរៀបផែនការគ្រប់បែបយ៉ាងដើម្បីឈ្លានពានដីខ្មែរបន្តិចម្តងៗតជំនាន់ទៅថ្ងៃមុខចេញពីតំបន់ត្រីកោណនេះ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះបញ្ជាក់ថា ការផ្តល់ដីសម្បទានឱ្យយោធាបរទេសបែបនេះ មិនខុសពីការផ្តល់ដីឱ្យកងទ័ពបរទេសឈរជើងលើទឹកដីខ្មែរនោះទេ ដែលជាទង្វើរំលោភបំពានរដ្ឋធម្មនុញ្ញ និងជាការរំលោភបំពានលើអធិបតេយ្យជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរផងដែរ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានអះអាងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តទាំង៤ របស់ខ្មែរនៅតំបន់ត្រីកោណអភិវឌ្ឍន៍រយៈពេល ៩៩ឆ្នាំ គឺស្មើនឹងប្រគល់ដីខ្មែរឱ្យវៀតណាម គ្រប់គ្រងមួយជំនាន់ ឬមួយជីវិតដូច្នោះដែរ ដែលកិច្ចសន្យានេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរក្នុងជំនាន់នេះនឹងមិនបានដឹងថា តើដីសម្បទានទាំងនោះនឹងមានវាសនាដូចដីកម្ពុជាក្រោមដែរឬក៏អត់នោះទេ។
របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយកាលពីចុងឆ្នាំ២០២៣ ជុំវិញដីសម្បទានក្នុងខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាជាង ២០ម៉ឺនហិកតា (២៤៥៣០៤ហិកតា) នៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ក្រោមកិច្ចសន្យារយៈពេល ៩៩ឆ្នាំ៕