ក្រុមហ៊ុនអ្នកបញ្ជាទិញធំៗលំដាប់អន្តរជាតិជិត ២០ស្ថាប័ន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើសវនកម្មជាតិលើអង្គការសង់ត្រាល់ (CENTRAL) និងទម្លាក់ចោលជាបន្ទាន់នូវពាក្យបណ្ដឹងប្រឆាំងនឹងអ្នកគ្រប់គ្រងកម្មវិធីអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ដើម្បីធានានូវសេរីភាពនៃការបញ្ចេញមតិដែលជាផ្នែកមួយធ្វើឱ្យប្រទេសកម្ពុជាក្លាយជាដៃគូដ៏សំខាន់សម្រាប់ឧស្សាហកម្មកាត់ដេរ។
ក្រុមហ៊ុនអ្នកបញ្ជាទិញធំៗលំដាប់អន្តរជាតិចំនួន ១៨ស្ថាប័ន ដូចជា ក្រុមហ៊ុន ADIDAS ក្រុមហ៊ុន Under Amour ក្រុមហ៊ុន Puma និងក្រុមហ៊ុន ASICS Corporations ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី១០ កញ្ញា នេះ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ ចំពោះមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) នៅពេលនេះ។
ក្រុមហ៊ុនអន្តរជាតិធំៗដដែលនេះ លើកឡើងថា ក្នុងនាមជាម៉ាកយីហោសកល សូមអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលសវនកម្មលើអង្គការ CENTRAL ជាបន្ទាន់ ដើម្បីបញ្ចៀសនូវការមើលឃើញថាជាការរឹតបន្តឹងលំហសេរីភាពរបស់សង្គមស៊ីវិល និងជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។
ប្រភពដដែលបញ្ជាក់ថា ដើម្បីបញ្ចប់រឿងនេះ រដ្ឋាភិបាលត្រូវតែទម្លាក់ចោលជាបន្ទាន់នូវពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងលោក ឃុន ថារ៉ូ ព្រោះសង្គមស៊ីវិលត្រូវបានធានាមួយផ្នែកលើសេរីភាពនៃការបញ្ចេញមតិ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាដៃគូដ៏សំខាន់សម្រាប់ឧស្សាហកម្មកាត់ដេររបស់ខ្លួន។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃ កំពុងដំណើរការធ្វើសវនកម្មជាតិលើអង្គការសង់ត្រាល់នៅពេលនេះ ខណៈអ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការនេះ ក៏កំពុងរងនូវបណ្តឹងក្នុងពេលជាមួយគ្នាដែរ។
អ្នកគ្រប់គ្រងកម្មវិធីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ កញ្ញា នេះថា ការលើកឡើងរបស់ក្រុមហ៊ុនបញ្ជាទិញទាំងនេះ បានបង្ហាញពីការទទួលខុសត្រូវផ្នែកសង្គមក្នុងការជំរុញឱ្យមានការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងសិទិ្ធការងារនៅកម្ពុជាយ៉ាងធំធេង។
លោកថា ជាពិសេសបង្ហាញពីការលើកកម្ពស់សេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិដោយគ្មានការគំរាមកំហែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាស្នូលអន្តរជាតិ ដែលកម្ពុជាមិនអាចខ្វះបាន។
លោក ឃុន ថារ៉ូ លើកឡើងថា ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា គឺជាកត្តាជំរុញឱ្យមានការប្រកួតប្រជែងទីផ្សារពាណិជ្ជកម្ម ហើយក៏បង្ហាញពីជំហរទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងក្របខ័ណ្ឌទីផ្សារសេរី ដោយអនុលោមទៅតាមគោលការណ៍ច្បាប់នានារបស់កម្ពុជាដែរ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះសង្ឃឹមថា អាជ្ញាធររដ្ឋនឹងធ្វើការពិចារណាលើសំណើ និងមតិយោបល់របស់ក្រុមហ៊ុនអ្នកបញ្ជាទិញធំៗលំដាប់អន្តរជាតិទាំងនេះ ដើម្បីធានាការប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានចេញលិខិតមួយដោយស្នើឱ្យមានការធ្វើសវនកម្មជាតិលើអង្គការសង់ត្រាល់ បន្ទាប់ពីសហជីពដែលមាននិន្នាការទៅខាងរដ្ឋាភិបាល ចោទថារបាយការណ៍របស់អង្គការការពារសិទ្ធិកម្មករ និងសហជីពក្នុងវិស័យកាត់ដេរមួយនេះ មានការញុះញង់៕