សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅបន្ទប់ស៊ើបសួរអក្សរ “ន” ជាន់ទី៣ វេលាម៉ោង ៩ព្រឹកជាកំហិត។
តុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់ខ្លួនចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ កញ្ញា នេះ បានបង្គាប់ឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរអំពីដំណើររឿង «ករណីការមិនរាងចាលក្នុងបទបទមជ្ឈិម» បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។
ដីកាបង្គាប់ឱ្យចូលខ្លួននេះ ធ្វើឡើងក្នុងទម្រង់ដែលគេមើលឃើញថាស្ថិតក្នុងរបៀបវារៈនយោបាយដើម្បីរឹតត្បិតសេរីភាពមន្ត្រីបក្សប្រឆាំងប៉ុណ្ណោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ កញ្ញា នេះថា ដីការបស់តុលាការមិនមែនជាដីកាដើម្បីធានាយុត្តិធម៌សង្គមសម្រាប់ការពារពលរដ្ឋស្លូតត្រង់ទេ គឺជាដីកាដែលធ្វើឡើងក្រោមសេណារីយ៉ូនយោបាយរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
លោក អ៊ុំ សំអាន លើកឡើងថា ដីការបស់តុលាការលើលោក រ៉ុង ឈុន នេះ គឺបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាកំពុងកម្ចាត់មន្ត្រីកំពូលៗរបស់គណបក្សកម្លាំងជាតិ ឱ្យរលាយអស់ពីឆាកនយោបាយនៅកម្ពុជា ឱ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ដោយសារតែតុលាការអនុវត្តច្បាប់ក្រោមបញ្ជាបក្សកាន់អំណាចដូចបែបនេះហើយ ទើបពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល គណបក្សនយោបាយ មន្ត្រីបក្សប្រឆាំង សកម្មជនសង្គម សកម្មជនដីធ្លី និងសារព័ត៌មានឯករាជ្យ ជាដើម រងនូវភាពអយុត្តិធម៌ទូទាំងប្រទេសជាបន្តបន្ទាប់រហូតមក។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ និងឃុំខ្លួនអស់រយៈពេល ១ឆ្នាំ ៣ខែ និង ១១ថ្ងៃ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមរហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ២ឆ្នាំ។
យ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍បានកំណត់ការអនុវត្តទោសសម្រាប់លោក រ៉ុង ឈុន ក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ ដូច្នេះបើគិតមកដល់ពេលនេះ លោក រ៉ុង ឈុន កំពុងស្ថិតក្នុងការឃ្លាំមើលរបស់តុលាការនៅឡើយ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក រ៉ុង ឈុន ដើម្បីសុំការបំភ្លឺក្នុងករណីនេះបាននៅឡើយទេ។
ទាក់ទិននឹងបញ្ហានេះ លោក រ៉ុង ឈុន ធ្លាប់អះអាងកាលពីពេលកន្លងទៅថា ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា គឺស្ថិតក្នុងកម្រិតទាបបំផុត ព្រោះថាអំឡុងពេលដែលលោកត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំ លោកបានសង្កេតឃើញថាប្រព័ន្ធច្បាប់នៅកម្ពុជា គ្រាន់តែជាទីផ្សារទិញលក់រឿងក្ដីយ៉ាងអនាធិបតេយ្យប៉ុណ្ណោះ។
របាយការណ៍ស្ដីពីនីតិរដ្ឋ ឆ្នាំ២០២៣ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានដាក់ចំណាត់ថ្នាក់លេខ១៤១ ក្នុងចំណោមប្រទេស១៤២ ដល់កម្ពុជា ដោយសារតែគេរកឃើញពីការដឹកនាំគ្មានតម្លាភាព ការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម។
ខណៈអង្គការ Freedom House កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ បានចាត់ទុកកម្ពុជាជាប្រទេសផ្ដាច់ការមួយក្នុងចំណោមប្រទេសផ្ដាច់ការធំៗ៥ ផ្សេងទៀត រួមមាន ភូមា ចិន និងរុស្ស៊ី ជាដើម ក្រោយគេរកឃើញថារដ្ឋាភិបាលកម្ពុជាបានប្រើវិធានការគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋធ្ងន់ធ្ងរក្នុងរយៈពេលចុងក្រោយនេះ៕