30 C
Phnom Penh

ឥស្សរជន​នយោបាយ​អាមេរិក​ផ្ដុំ​គ្នា​គោរព​ចំពោះ​ជនរងគ្រោះ​ដោយ​អំពើ​ភេរវកម្ម ១១ កញ្ញា ២០០១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥស្សរជន​នយោបាយ​សហរដ្ឋ​អាមេរិក កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១១ កញ្ញា បាន​ទៅ​ផ្ដុំ​គ្នា​នៅ​វិមាន Ground Zero នា​ក្រុង​ញូវយ៉ក ដោយ​បាន​ធ្វើការ​ស្មិងស្មាធិ៍​សម្ដែង​នូវ​ការ​រំលឹក​ខួប​លើក​ទី​២៣​ឆ្នាំ​នៃ​អំពើ​ភេរវកម្ម​របស់​ក្រុម​អាល់កៃដា វាយប្រហារ​ទៅ​លើ​ដែនដី​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ព្រឹត្តិការណ៍​សោកនាដកម្ម​ដ៏​ឈឺចាប់​ដោយ​បាន​សម្លាប់​មនុស្ស​ជិត ៣​ពាន់​នាក់។

ព្រឹត្តិការណ៍​នោះ គឺ​ជា​ការ​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​ដោយ​ការ​ប្លន់​យន្តហោះ​ដឹក​អ្នក​ដំណើរ​បើក​បុក​អគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក នៅ​ពេល​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។

លោក​ប្រធានាធិបតី ចូ បៃដិន អម​ដោយ​អ្នកស្រី​អនុប្រធានាធិបតី កាម៉ាឡា ហារីស និង​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន រួម​ទាំង​មេដឹកនាំ​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា អតីត​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ (Donald Trump) រួម​ជាមួយ​អតីត​អភិបាល​ក្រុង​ញូវយ៉ក លោក Michael Bloomberg បាន​ឈរ​នៅ​ចន្លោះ​គូប្រជែង​នយោបាយ​រវាង​អ្នកស្រី ហារីស និង​លោក ដូណាល់ ត្រាំ និង​បេក្ខជន​អនុប្រធានាធិបតី JD Vance។

វត្តមាន​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក នៅ​វិមាន Ground Zero នា​ក្រុង​ញូវយ៉ក ក្រោយ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​ប្រជាជន​អាមេរិក​ជិត ៧០​លាន​នាក់ បាន​តាមដាន​លើ​កញ្ចក់​ទូរទស្សន៍ ABC News ដែល​គូប្រជែង​តំណែង​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ អ្នកស្រី កាម៉ាឡា ហារីស និង​លោក ដូណាល់ ត្រាំ ប៉ះ​សម្ដី​ប្រជែង​គ្នា​ដ៏​តានតឹង​ក្នុង​វេទិកា Presidential Debate កាលពី​ថ្ងៃ​អង្គា ទី​១០ កញ្ញា។

យ៉ាងណា បេក្ខជន​ទាំង​ពីរ​នេះ​បាន​ចាប់​ដៃ​គ្នា​ដោយ​សម្ដែង​នូវ​ភាព​រាក់ទាក់​ដ៏​ឆាប់​រហ័ស។ ក្រោយ​បន្តិច លោក បៃដិន និង​អ្នកស្រី ហារីស ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង Shanksville សហគមន៍​ដាច់ស្រយាល​មួយ​នៃ​រដ្ឋ Pennsylvania ជា​ទីកន្លែង​ដែល​យន្តហោះ​មួយ​គ្រឿង​ទៀត​ដែល​ត្រូវ​បាន​ប្លន់​ដោយ​ពួក​អាល់កៃដា បាន​ហោះ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បាន​ធ្លាក់។

ក្នុង​ពេល​ភ្លាម​នោះ លោក បៃដិន និង​អ្នកស្រី ហារីស ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​ការពារ​ជាតិ នៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ទីកន្លែង​ដែល​យន្តហោះ​ទី​៤ ត្រូវ​បាន​ពួក​អាល់កៃដា ប្លន់​បាន ហោះ​បុក​ជញ្ជាំង​ទីបញ្ជាការ​របស់​ក្រសួង​ការពារ​ជាតិ។

ការ​រំលឹក​ហេតុការណ៍​វាយប្រហារ​ក្រុង​ញូវយ៉ក ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១

ការ​វាយប្រហារ​នេះ ត្រូវ​បាន​រៀបចំ​ដោយ​លោក Khalid Sheikh Mohammed ដែល​បាន​បម្រើ​លោក Osama bin Laden ក្នុង​ឆ្នាំ​១៩៩៦។ នៅ​ដើម​ឆ្នាំ​១៩៩៩ លោក Bin Laden បាន​សម្រេច​យល់ព្រម​លើ​គម្រោងការ​វាយប្រហារ​នេះ។

មេដឹកនាំ​សំខាន់ៗ​រួម​មាន លោក Bin Laden លោក Mohammed Atef និង​លោក Mohammed បាន​រួម​គ្នា​រៀបចំ​គម្រោងការ​វាយប្រហារ ដូចជា ការ​ជ្រើសរើស​គោលដៅ​វាយប្រហារ ជ្រើសរើស​មនុស្ស​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្លន់​យន្តហោះ និង​រៀបចំ​សម្រួល​ការ​ធ្វើ​ដំណើរ​សម្រាប់​ពួក​ចោរ​ប្លន់​ទាំងនោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

លោក Bin Laden ជា​មេដឹកនាំ និង​ជា​អ្នក​ឧបត្ថម្ភ​ថវិកា​សម្រាប់​រៀបចំ​គម្រោង និង​ជា​អ្នក​ជ្រើសរើស​មនុស្ស​ធ្វើ​សកម្មភាព​ភេរវកម្ម។

ក្រោយពី​ព្រឹត្តិការណ៍​នោះ​កើតឡើង គឺ​នៅ​ក្នុង​ឆ្នាំ​២០០៤ មេដឹកនាំ​កំពូល​របស់​ក្រុម​ភេរវករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រូបលោក​បាន​រក​ឃើញ​គំនិត​នៃ​ការ​បើក​បុក​អគារ​ភ្លោះ​នោះ បន្ទាប់ពី​លោក​បាន​ឃើញ​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​ទៅ​លើ​អគារ​ខ្ពស់​មួយ​ក្នុង​អំឡុង​នៃ​សង្គ្រាម​នៅ​ប្រទេស​លីបង់ កាលពី​ឆ្នាំ​១៩៨២។

នៅ​ចុង​ឆ្នាំ​១៩៩៩ បុរស​បួន​នាក់​បាន​ធ្វើ​ដំណើរ​មកពី​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ រួម​មាន​លោក Mohamed Atta លោក Marwan al-Shehhi លោក Ziad Jarrah និង​លោក Ramzi bin al-Shibh។

នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា កាលពី ២៣​ឆ្នាំ​មុន ក្រុម​ភេរវករ ១៩​នាក់ បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ប្លន់​យន្តហោះ​ដឹក​អ្នក​ដំណើរ។

យន្តហោះ​ដឹក​អ្នក​ដំណើរ ៤​គ្រឿង​ដែល​ត្រូវ​បាន​ប្លន់ មាន​ដូចជា៖

  1. យន្តហោះ American Airlines Flight 11 ដោយ​ក្រុម​ភេរវកម្ម ៥​នាក់ ដែល​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន Logan នៅ​វេលា​ម៉ោង ៧ និង ៥៩​នាទី ក្នុង​គោលដៅ​ទៅ​កាន់​រដ្ឋ Lost Angeles តែ​ក្រុម​ចោរ​បាន​បើក​យន្តហោះ​ទៅ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង​ញ៉ូវយ៉ក នៅ​វេលា​ម៉ោង ៨ និង ៤៦​នាទី​ព្រឹក។
  2. យន្តហោះ​ទី​២ គឺ United Airlines Flight 175 ក៏​មាន​ក្រុម​ភេរវករ ៥​នាក់​ដែរ។ វា​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន Logan នៅ​វេលា​ម៉ោង ៨ និង ១៤​នាទី ក្នុង​គោលដៅ​ទៅ​កាន់​រដ្ឋ Lost Angeles ដូច​គ្នា។ ក្រុម​ភេរវករ​បាន​បើក​យន្តហោះ​ទៅ​បុក​អគារ​ពាណិជ្ជកម្ម​មួយ​ទៀត​ដែល​នៅ​ទិស​ខាងត្បូង​នា​ក្រុង​ញ៉ូវយ៉ក នៅ​វេលា​ម៉ោង ៩ និង ០៣​នាទី។
  3. យន្តហោះ​ទី​បី American Airlines Flight 77 ក៏​ពួក​ចោរ​ប្លន់ ៥​នាក់​ដែរ វា​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Washington Dulles នៅ​វេលា​ម៉ោង ៨ និង ២០​នាទី ក្នុង​គោលដៅ​ទៅ​កាន់​រដ្ឋ Los Angeles ដោយ​ហោះ​ទៅ​បុក​មន្ទីរ​បញ្ចកោណ ក្នុង​រដ្ឋ Viginia នៅ​វេលា​ម៉ោង ៩ និង ៣៧​នាទី​ព្រឹក។
  4. ចំណែក​យន្តហោះ​ទី​បួន United Airlines Flight 93 មាន​ក្រុម​ចោរ​ប្លន់ ៤​នាក់។ ដោយសារ​អ្នក​ដំណើរ​បាន​ដឹង​ជា​មុន ពួកគេ​ចូល​ប្រយុទ្ធ​មួយ​ពួក​ភេរវករ ៤​នាក់​នោះ បណ្ដាល​ឲ្យ​យន្តហោះ​មិន​បាន​បុក​អគារ​ណា​មួយ​ឡើយ តែ​បែរ​ជា​ធ្លាក់​នៅ​លើ​ទីវាល​ក្នុង​រដ្ឋ Pennsylvania នៅ​វេលា​ម៉ោង ១០ និង ០៣​នាទី​ព្រឹក។

អគារ​ភ្លោះ​ខាងជើង​ក្រុង​ញ៉ូវយ៉ក បាន​ដួល​នៅ​វេលា​ម៉ោង ៩.៥៩​នាទី​ព្រឹក បន្ទាប់ពី​ឆាបឆេះ​ក្នុង​រយៈពេល​ជិត​មួយ​ម៉ោង។ ចំណែក​អគារ​ភ្លោះ​ខាងត្បូង បាន​ដួល​នៅ​វេលា​ម៉ោង ១០.២៨​នាទី​ព្រឹក បន្ទាប់ពី​ការ​ឆាបឆេះ​ក្នុង​រយៈពេល​ជាង ១០០​នាទី។

ការ​សម្លាប់ Osama bin Laden មេក្រុម​ភេរវករ​អាល់កៃដា

នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១១ កងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ប្រតិបត្តិការ​លុកលុយ​លើ​ទីតាំង​លាក់​ខ្លួន​មួយ​កន្លែង​របស់​ក្រុម​ភេរវករ​អាល់កៃដា នៅ​ក្នុង​ទីក្រុង Abbottabad ក្បែរ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៃ​ប្រទេស​ប៉ាគីស្ថាន ដោយ​បាន​សម្លាប់​មេ​ភេរវករ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក គឺ Osama Bin Laden។ ប្រតិបត្តិការ​មាន​រយៈពេល​ត្រឹម ៤០​នាទី​ប៉ុណ្ណោះ គិត​តាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់​សម្លាប់​បាន Bin Laden។

មេ​ភេរវករ​អាល់កៃដា Bin Laden ដែល​ជា​មេខ្លោង​នៅ​ពីក្រោយ​មហា​ភេរវកម្ម​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ត្រូវ​ក្រុម​ទ័ព​ម៉ារីន​ពិសេស​អាមេរិក SEAL Team Six រក​ឃើញ និង​បាញ់​សម្លាប់​ក្នុង​ពេល​ត្រឹម ៩​នាទី​ប៉ុណ្ណោះ។

តែ​រយៈពេល​ជិត ១០​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម «១១ កញ្ញា ២០០១» ទើប​សហរដ្ឋ​អាមេរិក​អាច​ស្វែងរក​ឃើញ​កន្លែង​លាក់​ខ្លួន​របស់ Bin Laden និង​ផ្តាច់​ជីវិត​មេ​ភេរវករ​រូប​នេះ​តែម្ដង។ ក្នុង​ឆ្នាំ​នោះ គឺជា​អន្តរកាល​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

Osama bin Laden កើត​នៅ​ក្នុង​រាជធានី​រីយ៉ាត នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​១៩៥៧។ លោក​ជា​កូនប្រុស​កើត​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្ដម្ភ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស