29 C
Phnom Penh

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ឧកញ៉ា លី យ៉ុងផាត់ និង​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ឥឡូវ​នេះ​កំពុង​រង​ទណ្ឌកម្ម​គ្រប់​ប្រការ Sanctions ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​សម្រេច​ចិត្ត​ដាក់​ចំពោះ​មហាសេដ្ឋី​កម្ពុជា លី យ៉ុងផាត់ នៅ​ថ្ងៃទី​១២ ខែ​កញ្ញា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស លោក Matthew Miller បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​អនុវត្ត​តាម​បញ្ជា​ប្រធានាធិបតី Executive Order (EO) លេខ 13818 តាម​ច្បាប់ Global Magnitsky Act និង​ផ្អែក​តាម​សេចក្តី​រាយការណ៍​ពី​នាយកដ្ឋាន​ស៊ើបអង្កេត​សហព័ន្ធ ដែល​បាន​រក​ឃើញ​ថា ក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប មាន​កាស៊ីណូ រីស្ហ៊ត អូរស្មាច់ និង​សណ្ឋាគារ​ចំនួន​៣ បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ក្បួន​ខ្នាត រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ប្រើ​បុគ្គលិក​កម្មករ​ដូច​ទាសករ។

ឧទាហរណ៍ សេចក្តី​រាយការណ៍​រៀបរាប់​មាន​ដូចជា ការ​ប្រើ​កម្មករ​បង្ខិតបង្ខំ ប្រើ​បុគ្គលិក​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (online) ហៅថា scams ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ។ ភ្នាក់ងារ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា អំពើ​ឆបោក​យក​ប្រាក់កាស​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ cyber-scams ក្នុង​ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ការិយាល័យ​គ្រប់គ្រង​ទ្រព្យសកម្ម​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ ប្រកាស​ដាក់​ទណ្ឌកម្ម​បិទ​ខ្ទប់​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​កាន់​អំណាច គឺ​លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​មួយ​ចំនួន​ផង​ដែរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក (The U.S. Department of the Treasury’s Office of Foreign Assets Control (OFAC)) កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ គ្រុប ដូចជា អិលវ៉ាយភី គ្រុប (L.Y.P. Group Co., LTD) រមណីយដ្ឋាន​អូរស្មាច់ (O-Smach Resort) រមណីយដ្ឋាន​កោះកុង (Koh Kong Resort) សណ្ឋាគារ​ហ្គាឌិន​ស៊ីធី (Garden City Hotel) និង​សណ្ឋាគារ​ភ្នំពេញ (Phnom Penh Hotel) ផង​ដែរ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​អនឡាញ រួម​ទាំង​ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ជាដើម។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក លើកឡើង​ថា រមណីយដ្ឋាន​អូរស្មាច់ (O-Smach Resort) របស់​លោក លី យ៉ុងផាត់ ត្រូវ​បាន​ប៉ូលិស​ស៊ើបអង្កេត និង​រាយការណ៍​ជា​សាធារណៈ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ គឺ​ចាប់ពី​ឆ្នាំ​២០២២ មក រួម​មាន​រំលោភ​បំពាន​លើ​ជនជាតិ​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និង​វៀតណាម។

សេចក្តី​រាយការណ៍​បង្ហាញ​ថា ជនរងគ្រោះ​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឱ្យ​ទៅ​ធ្វើ​ការងារ​មិន​ពិត​នៅ​រមណីយដ្ឋាន​អូរស្មាច់ ដោយ​រឹបអូស​យក​ទូរសព្ទ និង​លិខិត​ឆ្លងដែន​របស់​ជនរងគ្រោះ និង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​បណ្ដាញ​អ៊ីនធឺណិត​តែម្តង។

ចំណែកឯ​ជនរងគ្រោះ​ដែល​ស្វែងរក​ជំនួយ ហើយ​ត្រូវ​គេ​ចាប់​បាន នឹង​ត្រូវ​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ដូចជា ការ​វាយដំ រំលោភ​បំពាន​ផ្លូវភេទ ការ​ឆក់​ខ្សែភ្លើង ខណៈ​ជនរងគ្រោះ​ខ្លះ​ដែល​គេច​ចេញពី​ការ​ធ្វើ​ទារុណកម្ម គឺ​សុខចិត្ត​ធ្វើ​អត្តឃាត​ដោយ​ការ​លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់ ជាដើម ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​បិទ​យ៉ាង​សម្ងាត់។

ទាក់ទង​នឹង​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ធ្លាប់​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ម្តង​ហើយ​ម្តង​ទៀត​នៅ​រមណីយដ្ឋាន​អូរស្មាច់ ដូចជា ករណី​ដែល​កើត​មាន​នៅ​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ និង​ខែ​មីនា ឆ្នាំ​២០២៤ ជាដើម ដោយ​បាន​ដោះលែង​ជនរងគ្រោះ​ដែល​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា ដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និង​វៀតណាម ជាដើម។

ជុំវិញ​បញ្ហា​នេះ នាយកដ្ឋាន​ត្រួតពិនិត្យ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤ ថា ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​ស៊ើបអង្កេត ជាពិសេស​នៅ​ក្រុង​អូរស្មាច់ និង​ខេត្ត​កោះកុង ក្នុង​នោះ​គេ​រក​ឃើញ​ថា អ្នក​ជួញដូរ​មនុស្ស បង្ខំ​ជនរងគ្រោះ​ឱ្យ​ធ្វើការ​រហូត​ដល់ ១៥​ម៉ោង​ក្នុង ១​ថ្ងៃ ហើយ​ក្នុង​ករណី​ខ្លះ “លក់” ជនរងគ្រោះ​ទៅ​ឱ្យ​ក្រុម​ប្រតិបត្តិការ​បោកប្រាស់​ផ្សេង​ទៀត ឬ​ដាក់​ឱ្យ​ពួកគេ​ជួញដូរ​ផ្លូវភេទ ជាដើម។

សេចក្តី​រាយការណ៍​ដដែល​បាន​កត់សម្គាល់​ឃើញ​ថា អំពើពុករលួយ​កំពុង​បង្ក​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ដែល​បណ្តាល​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ និង​ជា​ញឹកញាប់​ដោយ​ហេតុផល​នយោបាយ ដែល​បាន​រារាំង​ដល់​សកម្មភាព​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​ផង​ដែរ។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កញ្ញា នេះ​ថា នៅ​ប្រទេស​ជិតខាង​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ដឹកនាំ​រដ្ឋ​ស៊ីជម្រៅ​ដោយ​ផ្អែក​លើ​នីតិរដ្ឋ។

លោក​បន្ត​ថា ជាក់ស្តែង រដ្ឋាភិបាល​វៀតណាម បាន​ចាប់​ខ្លួន​មហាសេដ្ឋី​អចលនទ្រព្យ និង​ម្ចាស់​ក្រុមហ៊ុន​ធំៗ​របស់​វៀតណាម​មួយ​ចំនួន​កាត់ទោស​ជា​បន្តបន្ទាប់ ពី​បទ​ឃុបឃិត​ជាមួយ​អ្នក​នយោបាយ​ប្រព្រឹត្ត​អំពើពុករលួយ សំដៅ​លើ​ការ​ស្ដារ​ទំនុកចិត្ត និង​ទាក់ទាញ​អ្នក​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស។

ចំណែក​នៅ​ឯ​ប្រទេស​ថៃ វិញ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន និង​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ត្រូវ​បណ្តេញ​ចេញពី​តួនាទី និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​ប៉ូលិស​មួយ​ចំនួន​ផង​ដែរ ដែល​កំពុង​ប្រឈម​នឹង​ការ​កាត់ទោស​ជា​បន្តបន្ទាប់។

លោក សេង វណ្ណលី លើកឡើង​ថា ផ្ទុយ​ពី​ថៃ និង​វៀតណាម ដែល​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ដោយ​ប្រើ​នីតិរដ្ឋ ប៉ុន្តែ​កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ឱ្យ​ជ្រៅ​ដោយ​ប្រើ​នីតិ​មាត់​វិញ។

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា អ្នក​នយោបាយ ក្រុម​ឧកញ៉ា និង​គ្រូ​ជោគជ័យ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​សង្ស័យ និង​រក​ឃើញ​ថា​រកស៊ី​ទុច្ចរិត លាង​លុយ​កខ្វក់ ជួញដូរ​មនុស្ស លួច​ប្លន់ និង​បំផ្លាញ​ធនធាន​ធម្មជាតិ បោកប្រាស់​ប្រជាពលរដ្ឋ និង​ឃុបឃិត​ជាមួយ​អ្នក​មាន​ឥទ្ធិពល​ប្រព្រឹត្ត​អំពើពុករលួយ បែរ​ជា​រស់នៅ​យ៉ាង​ស្រណុក​សុខ​ស្រួល គ្មាន​ខ្លាចរអា​ច្បាប់​អ្វី​ទាំងអស់។

ឧកញ៉ា លី យ៉ុងផាត់ មាន​ឈ្មោះ​ដើម​ថា ផាត់ ស៊ុផាផា សញ្ជាតិ​ខ្មែរ-ថៃ មាន​រហស្សនាម​ថា ស្តេច​កោះកុង (King of Koh Kong)។ បច្ចុប្បន្ន ឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ក្រុម​អភិបាល​កាកបាទ​ក្រហម​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​ផង​ដែរ។

តាម​សេចក្តី​រាយការណ៍​សម្ងាត់​មួយ​បង្ហាញ​ថា ឧកញ៉ា លី យ៉ុងផាត់ មាន​សមាជិក​គ្រួសារ ៦​នាក់ ដែល​មាន​ភរិយា​ឈ្មោះ គីម ហ៊ាង និង​កូន​ទី​១ ឈ្មោះ លី អាផណ កូន​ទី​២ ឈ្មោះ លី ផៃលីន កូន​ទី​៣ ឈ្មោះ លី យ៉ាវឡាក់ កូន​ទី​៤ ឈ្មោះ លី ឆូកឆៃ និង​កូន​ទី​៥ ឈ្មោះ លី ភូនរ៉ាក់។

ឧកញ៉ា លី យ៉ុងផាត់ កើត​ក្នុង​ខេត្ត​កោះកុង ឆ្នាំ​១៩៥៨ រៀន​មិន​ចប់​វិទ្យាល័យ​ទេ ប៉ុន្តែ​លោក​រកស៊ី​បាន​ជោគជ័យ​ក្លាយ​ជា​សេដ្ឋី ដោយសារ​ការ​នាំចូល​នាំចេញ​បារី ថ្នាំជក់​តាម​ខេត្ត​ព្រំដែន​ខ្មែរ-ថៃ និង​ការ​តភ្ជាប់​ចរន្ត​ភ្លើង​អគ្គិសនី សង់​បនល្បែង​កាស៊ីណូ​តាម​ព្រំដែន និង​កន្លែង​សម្រាក​លំហែ​កាយ​កម្សាន្ត (casino and resort) ជាដើម ខណៈ​ទ្រព្យសម្បត្តិ​មួយ​ភាគ​ធំ​របស់​គាត់ គឺ​តម្កល់​ទុក​នៅ​ប្រទេស​ថៃ។

លោក លី យ៉ុងផាត់ ជា​ម្ចាស់​ក្រុមហ៊ុន​ធំ​ឈ្មោះ អិលវ៉ាយភី គ្រុប (L.Y.P. Group Co., LTD) ដែល​វិនិយោគ​វិស័យ​សំខាន់ៗ​ជាច្រើន ដូចជា ពាណិជ្ជកម្ម រមណីយដ្ឋាន ចម្ការ​អំពៅ និង​រោងចក្រ​កែច្នៃ ការ​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ជំនួញ​លើ​អចលនទ្រព្យ​ផង​ដែរ ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស