មេដឹកនាំខ្មែរលោក ហ៊ុន សែន ចាត់ទុកសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលផ្តល់ដោយសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៅប្រទេសកូរ៉េ គឺជាការទទួលស្គាល់ពីការលះបង់បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់លោកដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ហ៊ុន សែន ដែលជាប់ឈ្មោះជាមេឧក្រិដ្ឋកម្មមនុស្សជាតិ លើកឡើងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ នេះថា សញ្ញាបត្រនេះបង្ហាញពីការទទួលស្គាល់នូវការដឹកនាំប្រទេសរបស់លោកតាំងពីបាតដៃទទេ ដើម្បីបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជាកន្លងមក។
លោក ហ៊ុន សែន លើកឡើងថា ការដឹកនាំរបស់លោកជាង ៤០ឆ្នាំមកនេះ បាននាំមកនូវសន្តិភាពពេញលេញ ដែលប្រជាពលរដ្ឋខ្មែរពុំដែលបានស្គាល់ឡើយក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំចុងក្រោយនេះ ហើយក៏ជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក គឺជាការដឹកនាំដ៏ត្រឹមត្រូវសម្រាប់ជាតិខ្មែរទាំងមូល។
អតីតមេកម្មាភិបាលរបបវាលពិឃាតរូបនេះបញ្ជាក់ថា សញ្ញាបត្រនេះក៏បង្ហាញពីការទទួលស្គាល់គុណតម្លៃដឹកនាំ កសាងសន្តិភាព កសាងជាតិរបស់លោក ដែលអាចផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការបណ្តុះបណ្តាលសន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅមជ្ឈដ្ឋានអន្តរជាតិ។
ការអះអាងនេះ ធ្វើឡើងផ្ទុយទាំងស្រុងពីការដឹកនាំជាក់ស្តែងដែលកើតមាននៅប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ កញ្ញា នេះថា សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលផ្តល់ដោយសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៅប្រទេសកូរ៉េ ដែលលោក ហ៊ុន សែន ទទួលនៅពេលនេះ គឺសក្ខីកម្មបង្ហាញពីការតំណាងឱ្យការគាំទ្រអំពើទុច្ចរិតរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា បើសិក្សាពីហេតុផល គេអាចនិយាយបានថា សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ មិនទាន់ឈានដល់កម្រិតជាលក្ខណៈអន្តរជាតិក្នុងការផ្តល់កិត្តិយសសម្រាប់បុគ្គលល្បីៗណាម្នាក់លើពិភពលោក ដែលខ្លួនត្រូវផ្តល់សញ្ញាបត្រឱ្យនោះឡើយ។ ជាងនេះទៀត នៅពេលដែលសាកលវិទ្យាល័យនេះផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដល់លោក ហ៊ុន សែន បែបនេះ គឺរឹតតែបញ្ជាក់យ៉ាងច្បាស់ថា គ្រឹះស្ថានអប់រំមួយនេះមិនដឹងអ្វីសោះពីកម្ពុជា ហើយត្រង់ចំណុចនេះក៏អាចបញ្ជាក់ដែរថា សាកលវិទ្យាល័យនេះមិនស័ក្តិសមផ្តល់សញ្ញាបត្រកម្រិតនេះឱ្យលោក ហ៊ុន សែន ដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា យោងតាមហេតុផលដែលលោកបានរៀបរាប់នេះ អាចសន្និដ្ឋានបានថា សញ្ញាបត្រដែលលោក ហ៊ុន សែន បានទទួលពីសាកលវិទ្យាល័យនេះអាចជាការប្រើប្រាស់លុយទិញច្រើនជាង ព្រោះគ្រឹះស្ថានអប់រំនេះមិនដែលបង្ហាញការស្រាវជ្រាវអ្វីសោះពីកម្ពុជាកន្លងមក ហើយក៏ស្រាប់តែផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដល់លោក ហ៊ុន សែន តែម្តង។
លោក ម៉ែន ណាត គូសបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍ទៅចូលរួមវេទិកាចំណេះដឹងពិភពលោក និងការទៅជួបប្រធានសភាកូរ៉េ និងការទទួលបានសញ្ញាបត្រនេះ អាចរាប់បញ្ចូលក្នុងសេណារីយ៉ូនយោបាយដែលលោក ហ៊ុន សែន បានរៀបចំដើម្បីបង្វែរស្ថានការណ៍ដែលប្រជាពលរដ្ឋកំពុងតវ៉ាកិច្ចព្រមព្រៀងអភិវឌ្ឍន៍ត្រីកោណនៅពេលនេះផងដែរ។
ចំណែកឯការអួតអាងពីការដឹកនាំប្រកបដោយសន្តិភាព ទាំងនៅក្នុងវេទិកាចំណេះដឹងពិភពលោក និងនៅក្នុងពិធីទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នោះ ក៏ជាចេតនាក្នុងការបន្សាបការធ្វើបាតុកម្មរបស់ពលករនៅប្រទេសកូរ៉េ នាពេលនេះដែរ។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចាត់ទុកការដឹកនាំរបស់រដ្ឋាភិបាលក្រុងភ្នំពេញ គឺជាការដឹកនាំតាមរបបហ្វាស់ស៊ីស ចំណែកមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គឺជាមេដឹកនាំកំពូលនៃរបបនេះដោយផ្ទាល់។
អង្គការ Freedom House បានចេញសេចក្តីរាយការណ៍របស់ខ្លួនកាលពីចុងឆ្នាំ២០២២ ថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបានលោក ហ៊ុន សែន គ្រប់គ្រងស្ទើរតែទាំងស្រុងទៅហើយ ខណៈគណបក្សប្រឆាំង និងអ្នកតវ៉ាទាមទារសិទ្ធិសេរីភាពរងនូវការធ្វើទុក្ខបុកម្នេញជាប្រចាំ ដោយការបំភិតបំភ័យ ការកាត់ទោសក្រោមហេតុផលនយោបាយ និងអំពើហិង្សា ដែលធ្វើឱ្យពលរដ្ឋខ្មែររស់នៅក្នុងបរិយាកាសនៃការគាបសង្កត់ និងការភ័យខ្លាចយ៉ាងខ្លាំងក្នុងសន្តិភាពដែលប្រកាសដោយរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ៕