ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើប្រាស់អាវុធរយៈចម្ងាយផលិតដោយលោកខាងលិច ដែលជាការរុញឱ្យមានសង្គ្រាមលោកជាថ្មីម្ដងទៀត។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការព្រមានរបស់លោក ពូទីន កើតមានឡើងចំពេលប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានទទូចឱ្យសម្ព័ន្ធមិត្តលោកខាងលិច អនុញ្ញាតឱ្យកងទ័ពអ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS និងមីស៊ីល Storm Shadows ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ដល់ដោយអាមេរិក និងអង់គ្លេស បាញ់ចូលខាងក្នុងទឹកដីរុស្ស៊ី ដើម្បីបំផ្លាញសមត្ថភាពរបស់កងកម្លាំងរុស្ស៊ី។
លោក ពូទីន បានព្រមានថា ប្រទេសដែលផ្ដល់មីស៊ីលចម្ងាយឆ្ងាយឱ្យទីក្រុងគៀវ គឺជាការរុញឱ្យធ្លាក់ចូលក្នុងសង្គ្រាមដោយផ្ទាល់ ពីព្រោះមានតែកងទ័ពណាតូទេដែលមានសមត្ថភាពប្រើមីស៊ីលប្រភេទនេះជាមួយផ្កាយរណប និងការតម្រង់ទិសដៅហោះរបស់មីស៊ីល។
តាម Reuters លោក ពូទីន សង្ស័យថាទ័ពណាតូអាចមាននៅលើទឹកដីអ៊ុយក្រែន ព្រោះថាទ័ពអ៊ុយក្រែន អាចមិនមានសមត្ថភាពប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចនោះទេ។
លោក ពូទីន ពន្យល់ថា ការពិត វាមិនមែនជាបញ្ហាទេបើអ៊ុយក្រែន វាយប្រហារលើរុស្ស៊ី ដោយប្រើអាវុធទាំងនេះ ប៉ុន្តែវាជាបញ្ហាព្រោះប្រទេសណាតូសម្រេចចិត្តចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមដែលកាន់រីកធំឡើង ហើយជាការវាយប្រយុទ្ធផ្ទាល់របស់ណាតូលើរុស្ស៊ី។
បើតាមលោក ពូទីន ប្រសិនបើលោកខាងលិចអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយវាយប្រហារលើទឹកដីរុស្ស៊ី នោះមានន័យថា សហរដ្ឋអាមេរិក ប្រទេសណាតូ និងប្រទេសអឺរ៉ុប នឹងត្រូវប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៊ី តាមរយៈសង្គ្រាមនៅអ៊ុយក្រែន គឺជាសង្គ្រាមថ្មីមួយទៀតដែលវានឹងរុញទៅរកសង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោកលើកទី៣។
សារព្រមានរបស់មេដឹកនាំវិមានក្រឹមឡាំង ក៏ចំពេលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី១៣ កញ្ញា នេះ ដើម្បីបើកកិច្ចពិភាក្សាគ្នាទាក់ទងនឹងការគាំទ្រអ៊ុយក្រែន ដែលផ្ដោតជាចម្បងទៅលើការសម្រេចចិត្តថា តើនឹងត្រូវអនុញ្ញាតឱ្យអ៊ុយក្រែន អាចប្រើប្រាស់មីស៊ីលរបស់លោកខាងលិចវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ដែរឬយ៉ាងណា។
បើតាមប្រភពរបស់ Reuters សហរដ្ឋអាមេរិកកំពុងពិចារណាអនុញ្ញាតឱ្យអ៊ុយក្រែន អាចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារគោលដៅជ្រៅៗនៅក្នុងទឹកដីរុស្ស៊ី។
លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការធ្វើទស្សនកិច្ចរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងសមភាគីអង់គ្លេស លោក David Lammy កាលពីថ្ងៃពុធទៅកាន់ទីក្រុងគៀវ។
នៅចំពោះមុខលោក ហ្សេឡេនស្គី ប្រមុខការទូតប្រទេសមហាអំណាចទាំងពីរបានសន្យាបន្តផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនមានការសម្រេចណាមួយតាមសំណើរបស់ក្រុងគៀវ ដែលសុំសិទ្ធិបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
ទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានជួបលោកប្រធានាធិបតី ហ្សេឡេនស្គី ដោយបានបង្ហាញនូវការគាំទ្របន្តទៀតចំពោះអ៊ុយក្រែន។
លោក Lammy បានថ្លែងក្នុងសន្និសីទរួមគ្នាថា ខណៈនេះ អង់គ្លេសនិងអាមេរិក កំពុងស្តាប់ដោយយកចិត្តទុកដាក់ និងពិភាក្សាអំពីសំណើប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ រួមទាំងសម្ភារៈយោធាដែលអ៊ុយក្រែន ត្រូវការដើម្បីឈ្នះសង្គ្រាមរបស់រុស្ស៊ី។
ជាមួយគ្នានេះ ប្រមុខការទូតនៃប្រទេសទាំងពីរបានប្រកាសពីការផ្ដល់ជំនួយកញ្ចប់ថ្មីទៀតជិត ១៥០០លានដុល្លារ ដែលក្នុងនោះ ជំនួយរបស់សហរដ្ឋអាមេរិកជាង ៧០០លានដុល្លារជាជំនួយសម្រាប់កិច្ចការមនុស្សធម៌ និងជំនួយរបស់អង់គ្លេស ៧៨២លានដុល្លារសម្រាប់កិច្ចការមនុស្សធម៌ផង និងជំនួយយោធាផង។
អ្នកសង្កេតការណ៍គិតថា សហរដ្ឋអាមេរិក និងអង់គ្លេស ជាម្ចាស់មីស៊ីលរយៈចម្ងាយដែលមានទាំងប្រទេសបារាំង ផងដែរ អាចនឹងបើកសិទ្ធិឱ្យអ៊ុយក្រែន វាយប្រហារចូលជ្រៅខាងក្នុងទឹកដីរុស្ស៊ី តែត្រូវមានការប្រុងប្រយ័ត្នដោយជៀសឱ្យផុតការវាយប្រហារលើជនស៊ីវិល។
ម្យ៉ាងទៀត ក្រុងវ៉ាស៊ីនតោន និងក្រុងឡុងដ៍ កំពុងរង់ចាំមើលថា បើរុស្ស៊ី នឹងបាញ់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ លើទឹកដីអ៊ុយក្រែន គឺប្រទេសមហាអំណាចពីរនេះ រួមនឹងប្រទេសណាតូជាច្រើនទៀត អាចនឹងផ្ដល់សិទ្ធិឱ្យអ៊ុយក្រែន ប្រើអាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលជ្រៅខាងក្នុងទឹកដីរុស្ស៊ី ដែលជាប្រតិកម្មសងសឹក។
យោងតាមប្រភពចារកម្មរបស់សហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ង់ បានបញ្ជូនមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយចំនួន ២០០គ្រាប់ទៅឱ្យរុស្ស៊ី។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បារម្ភថារុស្ស៊ី នឹងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ទៅលើប្រទេសអ៊ុយក្រែន ហើយអាចវាយលើទីតាំងប្រជាជនអ៊ុយក្រែន ទៀតផង។
រុស្ស៊ី តែងតែបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលទឹកដីអ៊ុយក្រែន ពីរវាង ១០គ្រាប់ទៅ ៣០គ្រាប់ តែកាលពីថ្ងៃទី២៦ សីហា រុស្ស៊ីបាញ់ស្រោចលើតំបន់ចំនួន១៥ ក្នុងនោះមានទាំងតំបន់នៃរដ្ឋធានីគៀវ ផងដែរ ដោយវាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីអ៊ុយក្រែន យ៉ាងធ្ងន់ធ្ងរ។
ក្នុងស្ថានភាពដូចនេះ ពួកលោកខាងលិចថ្កោលទោសរុស្ស៊ី យ៉ាងខ្លាំង ខណៈលោក ហ្សេឡេនស្គី ទទូចសុំជាបន្ទាន់ខែលការពារដែនអាកាស និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីបាញ់ទប់ទល់នឹងរុស្ស៊ី៕