កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍

ព័ត៌មានជាតិ

កញ្ញា ឈឹម ស៊ីថរ ប្ដេជ្ញា​បន្ត​ជំហរ​ការពារ​សិទ្ធិ​និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍

By ឌឹ ខេមបូឌា ដេលី

September 17, 2024

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា កញ្ញា​មិន​ប្តូរ​ជំហរ​ការពារ​សិទ្ធិ និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍​ជាដាច់ខាត បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត ២​ឆ្នាំ។

កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ បាន​ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ ម២ ហើយ​បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​តាំងពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ មក ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ កញ្ញា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ២១​ខែ ១៩​ថ្ងៃ។

កញ្ញា ឈឹម ស៊ីថរ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​ចេញពី​ពន្ធនាគារ​ថា កញ្ញា​មិន​ប្តូរ​ជំហរ​ការពារ​សិទ្ធិ និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍​ជាដាច់ខាត។

កញ្ញា​បាន​បន្ថែម​ថា កញ្ញា​ប្ដេជ្ញា​ថា​នឹង​ដឹកនាំ​ក្រុម​សហជីព​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជាច្រើន​ឆ្នាំ​កន្លង​មក រហូត​ទទួល​បាន​ដំណោះស្រាយ​សមស្រប​មួយ​ដែល​អាច​ទទួល​យក​បាន។

នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា នៅ​ទីបំផុត កញ្ញា ឈឹម ស៊ីថរ មាន​សេរីភាព​ឡើងវិញ​ហើយ​បន្ទាប់ពី​ជាប់​ពន្ធនាគារ​ជិត​ពីរ​ឆ្នាំ ដោយសារតែ​ការ​ដឹកនាំ​សហជីព និង​ការ​ការពារ​សិទ្ធិ​ការងារ។

ប្រភព​ដដែល​ថា កញ្ញា ស៊ីថរ បាន​ទទួល​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អំឡុង​ឆ្នាំ​២០២២ ប៉ុន្តែ​ការ​ជាប់​ពន្ធនាគារ​បាន​រារាំង​កញ្ញា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​ទទួល​ពានរង្វាន់​នេះ។

ស្ថានទូត​អាមេរិក បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ប្ដេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា និង​ក្តី​ប៉ង​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​ប្រទេស​មួយ​ដែល​រាល់​សំឡេង​បញ្ចេញមតិ​ត្រូវ​បាន​ស្តាប់ និង​គោរព រួម​ទាំង​សំឡេង​អ្នក​ដែល​អំពាវនាវ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ សហជីព​ម្ហូបអាហារ​អន្តរជាតិ (IUF) និង​សហព័ន្ធ​សហភាព​អន្តរជាតិ (ITUC) ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ដែរ​ថា IUF និង ITUC រួម​ទាំង​សហជីព​នៅ​ជុំវិញ​ពិភពលោក​ដទៃ​ទៀត បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង ក៏ដូចជា​ការ​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំងអស់​រហូត​មក។

អគ្គលេខាធិការ IUF លោក Sue Longley បញ្ជាក់​ថា ភាព​ក្លាហាន និង​កម្លាំង​របស់​កញ្ញា ឈឹម ស៊ីថរ គឺជា​ការ​លើក​ទឹកចិត្ត​ដល់ IUF ទាំងមូល ហើយ​សហជីព​ជុំវិញ​ពិភពលោក​ក៏​អបអរ​សាទរ​ចំពោះ​ការ​ដោះលែង​សមាជិក​ទាំងអស់​នៃ​ក្រុម​គ្រួសារ​របស់​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ពិត​មែន​តែ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន និង​អនុវត្ត​ទោស​ទៅ​តាម​សាលក្រម​របស់​តុលាការ​រួច​ហើយ​ក្តី ប៉ុន្តែ​លោក​នៅតែ​យល់​ឃើញ​ថា តុលាការ​គួរ​ពិចារណា​ចំពោះ​សំណុំរឿង​របស់​ប្រធាន​សហជីព​រូប​នេះ​ឡើងវិញ។

លោក​អះអាង​ថា រឿងក្ដី​នេះ​នៅ​មាន​មន្ទិល​សង្ស័យ និង​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​មហាជន​មើល​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ​លើ​ករណី​នេះ គឺជា​រឿង​អយុត្តិធម៌​ដែល​ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល ដែល​បាន​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​រហូត​មក។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​លើក​ទី​១ នៅ​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២២ និង​លើក​ទី​២ នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដដែល ប៉ុន្តែ​រហូត​ដល់​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ទើប​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ៕

© 2024, . All rights reserved.