31 C
Phnom Penh

ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ទី​៤៧ មាន​រឿង​ពោរពេញ​ដោយ​ក្តី​រន្ធត់ និង​ភ្ញាក់ផ្អើល​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ ៥០​ថ្ងៃ​ទៀត ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម​ហើយ។ គូប្រជែង​ដណ្ដើម​ធ្វើ​ម្ចាស់​សេតវិមាន​រយៈពេល ៤​ឆ្នាំ​ទៅ​មុខ​ទៀត​រួម​មាន​លោក ដូណាល់ ត្រាំ ពី​បក្ស​សាធារណរដ្ឋ និង​អ្នកស្រី កាម៉ាឡា ហារីស ពី​បក្ស​ប្រជាធិបតេយ្យ។

គូប្រជែង​ទាំង​ពីរ​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​សន្លឹកឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​ជា​ពលរដ្ឋ​អាមេរិកាំង នៅ​ថ្ងៃ​បោះឆ្នោត ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ក្រោម​ក្រសែភ្នែក​ពលរដ្ឋ​អាមេរិកាំង​រាប់​រយ​លាន​នាក់ និង​ក្រោម​ក្រសែភ្នែក​មេដឹកនាំ​ពិភពលោក បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប​នេះ​បាន​បញ្ចេញ​សកម្មភាព​ឃោសនា​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស​មហាអំណាច​នេះ។

អ្នក​សង្កេតការណ៍​កត់សម្គាល់​ឃើញ​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៧ នេះ គឺ​ពោរពេញ​ដោយ​រឿង​ដ៏​រន្ធត់ និង​ភ្ញាក់ផ្អើល​ខ្លាំង​ជាច្រើន​រឿង។

គេ​និយាយ​ថា ការ​ដែល​លោក ចូ បៃដិន បោះបង់​បេក្ខភាព​របស់​លោក​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​កណ្ដាល​ទី គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ​ទៅ​ហើយ ដែល​ក្នុង​ប្រវត្តិ​បោះឆ្នោត​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អាច​ចាត់ទុក​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៦៨ បន្ទាប់ពី​ប្រធានាធិបតី Lyndon Baine Johnson មិន​ឈរឈ្មោះ​អាណត្តិ​ទី​២ ដោយសារ​ធ្លាក់​ចុះ​ប្រជាប្រិយភាព។ ប្រធានាធិបតី​អាមេរិកាំង ៦​នាក់​ទៀត​ក៏​សម្រេច​ចិត្ត​ដូច្នោះ​ដែរ គឺ​លោក Harry Truman ឆ្នាំ​១៩៥២ លោក Chester Arthur ឆ្នាំ​១៨៨៤ លោក Andrew Johnson ឆ្នាំ​១៨៦៨ លោក Franklin Pierce ឆ្នាំ​១៨៥៦ លោក Millard Filmore ឆ្នាំ​១៨៥២ និង​លោក John Tyler ឆ្នាំ​១៨៤៤។

ការ​បោះឆ្នោត​ក្នុង​អន្តរកាល​នៃ​បច្ចេកវិទ្យា Digital និង​បណ្ដាញ​សង្គម សកម្មភាព​ឃោសនា​ពី​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ទាំង​ពីរ​រូប​នេះ គេច​មិន​ផុត​ពី​កាមេរ៉ា​អ្នក​ប្រើប្រាស់​ទូរសព្ទដៃ​ដែល​បង្ហាញ​សកម្មភាព​បេក្ខជន​ព្រោងព្រាត​ពាសពេញ​ពិភពលោក។ នេះ​មាន​ន័យ​ថា គ្មាន​រឿង​អ្វី​អាច​បិទ​បាំង​បាន​ឡើយ។

កាល​ពី​លោក ចូ បៃដិន លង់លក់​ខណៈ​ជជែក​ដេញដោល​គ្នា ហៅថា Presidential Debate ក៏​ត្រូវ​បាន​គេ​ចាប់​រូបភាព​បាន។ លោក ដូណាល់ ត្រាំ ធ្វើ​មុខ​ក្រមិចក្រមើម​ដាក់​លោក ចូ បៃដិន ក្នុង​វេទិកា​ប្រជែង​បញ្ញា​ស្មារតី​កាលពី​ថ្ងៃទី​២៨ មិថុនា លើ​បណ្ដាញ​ទូរទស្សន៍ CNN ក៏​គេច​មិន​ផុត​ឡើយ​ពី​ក្រសែភ្នែក​អ្នក​តាមដាន​រាប់​រយ​លាន​នាក់។

ចុងក្រោយ​ទៀត​នេះ ក្នុង​វេទិកា Presidential Debate លើក​ទី​ពីរ​រវាង​លោក ដូណាល់ ត្រាំ និង​អ្នកស្រី កាម៉ាឡា ហារីស ក៏​កាន់តែ​ធ្វើ​ឱ្យ​ប្រជាជន​អាមេរិកាំង​ដល់​ទៅ ៧០​លាន​នាក់ បាន​តាមដាន​ដែល​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News បាន​បញ្ចាំង​ផ្សាយ​បន្ត​ផ្ទាល់​ពី​សកម្មភាព​ប្រជែង​វោហារកោសល​របស់​បេក្ខជន​ទាំង​ពីរ។

លោក ដូណាល់ ត្រាំ ដែល​ធ្លាប់​ប្រកួត​កីឡាកាស​ជាមួយ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ ថៅកែ​កីឡា​បោក​ចំបាប់ Vince McMahon នា​ឆ្នាំ​២០០៩ នៅតែ​ទាក់ទាញ​ទស្សនិកជន ខណៈ​បុរស​វ័យ ៧៨​ឆ្នាំ​រូប​នេះ​នៅតែ​ក្អេងក្អាង ហើយ​ធ្វើ​អត្តចរិត​ជា​អ្នក​ឈ្នះ​រហូត​ជាមួយ​នឹង​កាយវិការ​គួរ​ឱ្យ​ចង់​សើច និង​ការ​លេង​វោហារ​វាយប្រហារ​លើ​អ្នកស្រី ហារីស។

នៅ​គ្រប់​កិច្ច​ប្រមូលផ្ដុំ​ជួបជុំ​នយោបាយ ហៅថា Political Rally ដោយ​រាប់​ទាំង​ព្រឹត្តិការណ៍​សមាជ​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ សុទ្ធតែ​ជា​ផ្ទាំង​រូបភាព​ដ៏​គួរ​ឱ្យ​តាមដាន​ជា​ខ្លាំង។ ពាក្យសម្ដី​ស៊កសៀត​នៃ​គូប្រកួត​ទាំង​ពីរ​បក្ស បាន​ក្លាយ​ជា​របៀបវារៈ​អ្នក​កត់ត្រា​ប្រវត្តិសាស្ត្រ និង​អ្នក​សារព័ត៌មាន​ល្បីៗ​នៅ​ប្រទេស​មហាអំណាច​នេះ។ វោហារកោសល​ខ្លះ​ដែល​មិន​ឆ្លុះបញ្ចាំង​ការពិត បាន​ក្លាយ​ជា​ឫសគល់​នៃ​ការ​ស្អប់​គ្នា។

នៅ​ចុងក្រោយ​ថ្មីៗ​នេះ គឺជា​រឿង​រន្ធត់​លើក​ទី​ពីរ​នេះ​ដែល​លោក ត្រាំ វិះ​គ្រោះថ្នាក់​ដល់​ជីវិត នៅ​ពេល​ខ្មាន់កាំភ្លើង​បាន​លប​ពួន​លាក់​ខ្លួន​ប្រុង​បាញ់​លោក ត្រាំ នៅ​ទីលាន​វាយ​កូន​ហ្គោល៍​ក្នុង​រដ្ឋ Florida ខណៈ​លោក​កំពុង​ស្ថិត​នៅ​ទីនោះ​កាលពី​ថ្ងៃទី​១៥ កញ្ញា។ ភ្នាក់ងារ​សម្ងាត់​ការពារ​ប្រធានាធិបតី​បាន​ទប់ស្កាត់​ទាន់​ពេលវេលា មិន​ឲ្យ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​នោះ​សម្រេច​បាន។

ក្រុម​មន្ត្រី​អាមេរិកាំង​បាន​ឱ្យ​ដឹង​ថា ភ្នាក់ងារ​សម្ងាត់​បាន​កំណត់​មុខសញ្ញា និង​បាន​បាញ់​ប្រហារ​លើ​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​សម្ងំ​ក្នុង​គុម្ពោត​ព្រៃ​នៅ​ក្បែរ​ទីតាំង​ដែល​លោក ត្រាំ កំពុង​លេង​វាយ​កូន​ហ្គោល៍។ ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​ដោយ​ជិះ​រថយន្ត​មួយ​គ្រឿង​ចេញពី​កន្លែង​លាក់​ខ្លួន ប៉ុន្តែ​បាន​បន្សល់ទុក​កាំភ្លើង​មួយ​ដើម​ម៉ាក AK-47 និង​សម្ភារៈ​មួយ​ចំនួន ប៉ុន្តែ​ក្រោយ​មក ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស​សហការ​គ្នា​ស្ទាក់​ចាប់​ខ្លួន​បាន។

ភ្លាមៗ​នោះ សេតវិមាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​ដោយ​បញ្ជាក់​ថា លោក​ប្រធានាធិបតី ចូ បៃដិន និង​អ្នកស្រី​អនុប្រធានាធិបតី កាម៉ាឡា ហារីស បាន​ទទួល​ព័ត៌មាន​អំពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​សាជាថ្មី​លើ​លោក ត្រាំ ហើយ​ថា​អ្នក​ទាំង​ពីរ​ធូរស្រាល​ក្នុង​ចិត្ត ព្រោះតែ​លោក ត្រាំ មាន​សុវត្ថិភាព ហើយ​ស្នើ​បន្ថែម​បុគ្គលិក​កង​ការពារ​បេក្ខជន​ប្រធានាធិបតី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកាំង លាតត្រដាង​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ថា​មាន​ឈ្មោះ Ryan Wesley Routh វ័យ ៥៨​ឆ្នាំ ធ្លាប់​រស់នៅ​រដ្ឋ North Carolina និង​នៅ​រដ្ឋ Hawaii ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ច្រើន​ប្រការ។

ការ​បាញ់​ប្រហារ​លើក​ទី​១ នៅ​ថ្ងៃទី​១៣ ខែ​កក្កដា លោក ត្រាំ ត្រូវ​បាន​ខ្មាន់កាំភ្លើង​លប​ឆ្មក់​បាញ់​ប្រហារ​ពី​លើ​ដំបូល​អគារ​ដែល​នៅ​ក្បែរ​ទីតាំង​ទី​ជួបជុំ​មួយ​កណ្តាល​វាល ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​គាំទ្រ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ Pennsylvania ឆាប​ឆិត​ចំ​ត្រចៀក​ស្តាំ​ហូរ​ឈាម បង្ក​ឱ្យ​លោក​រង​របួស​ស្រាល។ ខ្មាន់កាំភ្លើង​នេះ​មាន​ឈ្មោះ Thomas Matthew Crooks អាយុ ២០​ឆ្នាំ។ យុវជន​នេះ​ដែល​ប៉ង​សម្លាប់​លោក ត្រាំ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​ភ្លាមៗ​នៅ​ក្នុង​ការ​បាញ់​សន្ធាប់​ពី​កង​សន្តិសុខ​សម្ងាត់​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស