អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ លើកឡើងថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា មិនអាចជួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញបានទេ បើសេវាកម្មក្នុងវិស័យទេសចរណ៍នៅតែមានឧក្រិដ្ឋកម្មឆបោក ជួញដូរមនុស្ស ចាប់ជំរិត ជួញដូរថ្នាំញៀន លាងលុយកខ្វក់ និងអំពើពុករលួយដូចសព្វថ្ងៃ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៧ ខែកញ្ញា នេះថា ការណ៍ដែលក្រុមឧកញ៉ា និងមន្ត្រីរដ្ឋាភិបាលមួយចំនួនអះអាងថាព្រឹត្តិការណ៍ Gumball 3000 ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលនឹងធ្វើឲ្យអង្គរវត្តខ្មែរល្បី និងជួយលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា គឺជាការលើកឡើងមិនត្រឹមត្រូវ។
លោកបន្តថា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងពីចំណុចដែលនាំឱ្យវិស័យទេសចរណ៍របស់កម្ពុជាធ្លាក់ចុះនោះឡើយ។
លោក សេង វណ្ណលី លើកឡើងថា ទោះបីគ្មានព្រឹត្តិការណ៍បែបនេះ ក៏ប្រាសាទអង្គរវត្តខ្មែរបានល្បីរន្ទឺលើពិភពលោករួចទៅហើយ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធចេះចាត់ចែង និងរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អដើម្បីឱ្យភ្ញៀវទេសចរមានទំនុកចិត្តទៅទស្សនាប្រកបដោយសុវត្ថិភាព ឬក៏អត់តែប៉ុណ្ណោះ។
អ្នកតាមដានស្ថានការណ៍កម្ពុជារូបនេះបញ្ជាក់ថា មូលហេតុដែលវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះ មិនមែនដោយសារគ្មានឡានទំនើបចតមុខប្រាសាទនោះទេ គឺមកពីកម្ពុជាល្បីល្បាញខាងអសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ក្នុងសេវាកម្មវិស័យទេសចរណ៍ដែលពិភពលោកកំពុងភ័យខ្លាចសព្វថ្ងៃនេះ។
លោកថា ចំណែករថយន្តទំនើបៗដែលដាក់តាំងនៅមុខប្រាសាទអង្គរវត្ត ក៏សុទ្ធសឹងតែជារថយន្តដែលផលិតនៅប្រទេសគេដែរ មិនមែនជាផលិតផលខ្មែរនោះទេ។
លោកអះអាងថា ភាពអសន្តិសុខក្នុងសេវាកម្មវិស័យទេសចរណ៍កម្ពុជាសព្វថ្ងៃនេះ មានដូចជា អំពើឆបោកតាមអនឡាញ ការជួញដូរមនុស្ស ការចាប់ជំរិត ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងអំពើពុករលួយ ដែលជាដើមចមពិតប្រាកដធ្វើឲ្យវិស័យទេសចរណ៍ខ្មែរដើរថយក្រោយ និងពិបាកស្ដារឡើងវិញនោះ។
ការប្រារព្ធព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានរៀបចំដាក់តាំងបង្ហាញរថយន្តទំនើបៗចំនួន ១០២គ្រឿងនៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេច ជួន ណាត និងសួនច្បារវត្តបទុមវតី និងរៀបចំនៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ផងដែរ។
ជុំវិញព្រឹត្តិការណ៍នេះ កម្ពុជាបានយកឱកាសដាក់តាំងបង្ហាញរថយន្តទំនើបៗលើទឹកដីអង្គរ ជាកម្មវិធីបំបែកកំណត់ត្រាពិភពលោក Guinness World Records ថែមទៀត ខណៈក្រសួងព័ត៌មាន អះអាងថា ការធ្វើបែបនេះគឺដើម្បីបង្ហាញពិភពលោកឱ្យស្គាល់ យល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងពីសង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត ហើយក៏ជាឱកាសមាសដើម្បីបង្ហាញពីកិត្យានុភាព កេរ្តិ៍ឈ្មោះកម្ពុជាឱ្យល្បីសុះសាយពេញសកលលោកដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ពិភពលោកស្គាល់វិស័យទេសចរណ៍របស់កម្ពុជាតាមរយៈប្រាសាទអង្គរវត្ត ហើយពិភពលោកក៏ស្គាល់កម្ពុជាតាមរយៈអំពើឧក្រិដ្ឋកម្មមហាប្រល័យជាច្រើនដែលកើតមានពីអតីតកាល និងឧក្រិដ្ឋកម្មខ្នាតធំរាប់មិនអស់ផ្សេងទៀតដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះដែរ៕