សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ប្រកាសលើកពេលបើកសវនាការដែលគ្រោងធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយមិនកំណត់ពេល។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានចេញលិខិតជូនដំណឹងមួយស្ដីពីការលើកពេលសវនាការលោក កឹម សុខា ទៅពេលក្រោយ ខណៈសវនាការនេះគ្រោងនឹងបើកនៅថ្ងៃទី១៩ ខែកញ្ញា នេះ។
សេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍នេះ ធ្វើឡើងមិនកំណត់ពីពេលវេលាសម្រាប់សវនាការលើកក្រោយទេ ហើយក៏មិនបញ្ជាក់ពីមូលហេតុនៃការប្រកាសលើកពេលសវនាការនេះដែរ។
សហមេធាវីការពារក្តីឱ្យមេដឹកនាំបក្សប្រឆាំងលោក ផែង ហេង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ កញ្ញា នេះថា សវនាការដែលគ្រោងធ្វើថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លើសំណុំរឿងសភាព្រហ្មទណ្ឌលេខ ៥៥៦ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានជនជាប់ចោទតែម្នាក់គត់ គឺលោក កឹម សុខា ត្រូវបានសភាព្រហ្មទណ្ឌជូនដំណឹងលើកពេលដោយមិនទាន់កំណត់ពេលវេលា។
លោក ផែង ហេង លើកឡើងថា លោកបានដំណឹងក្រៅផ្លូវការថា ការលើកពេលនេះ គឺធ្វើតាមសំណើរបស់តំណាងមហាអយ្យការក្រោមហេតុផលថា ដោយសារលោកមានភាពមមាញឹកក្នុងការងារប្រចាំថ្ងៃ និងតម្រូវការចាំបាច់ក្នុងយុទ្ធនាការជំរុញពន្លឿនការដោះស្រាយភាពកកស្ទះសំណុំរឿងក្នុងប្រព័ន្ធតុលាការផងដែរ។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬគប់គិតត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ខណៈលោក កឹម សុខា ក៏បានប្តឹងជំទាស់នឹងសាលក្រមនេះទៅតុលាការថ្នាក់កណ្តាលឱ្យជួយផ្តល់យុត្តិធម៌សម្រាប់រូបលោកវិញដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបិទបញ្ចប់ការសាកសួរ និងសម្រេចធ្វើសេចក្ដីសន្និដ្ឋាននៅថ្ងៃទី១៩ ខែកញ្ញា នេះ លើបណ្ដឹងជំទាស់របស់លោក កឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសលោកឱ្យជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ កាលពីជាង ១ឆ្នាំមុននោះ។
ជុំវិញសេចក្តីសន្និដ្ឋាននេះ សហមេធាវីការពារក្តីឱ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ក៏បានត្រៀមសេចក្តីសន្និដ្ឋានកម្រាស់ជាង ៥០ទំព័រសម្រាប់ដាក់ជូនសាលាឧទ្ធរណ៍ក្រុងភ្នំពេញនៅមុនពេលតុលាការបើកសវនាការធ្វើសេចក្ដីសន្និដ្ឋានដោយផ្ទាល់មាត់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះដែរ។
ក្រុមអ្នកវិភាគលើកឡើងថា ការចោទប្រកាន់ កាត់ទោស និងឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ មិនត្រឹមតែបង្ហាញពីភាពអយុត្តិធម៌សម្រាប់លោក កឹម សុខា ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីបំណងបំផ្លាញជាតិរបស់ក្រុមគ្រួសារត្រកូលហ៊ុនដែរ ដែលការធ្វើបែបនេះ គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងការក្តោបក្តាប់អំណាចបន្តពូជប៉ុណ្ណោះ៕