29 C
Phnom Penh

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ​ស្ថិត​ក្រោម​គំនាប​នៃ​ការ​ស្នើ​រុះរើ​សិទ្ធិ​វេតូ​របស់​មហា​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០២៤ នេះ គឺជា​លើក​ទី​៧៩។ របៀបវារៈ​នៃ​មហាសន្និបាត​មាន​ជាច្រើន តែ​នៅ​ក្នុង​នោះ ការ​លើកឡើង​របស់​មេដឹកនាំ​ជាច្រើន​ដែល​ចូលរួម​ក្នុង​មហាសន្និបាត​អំពី​ការ​កែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​ស្ថាប័ន​ពិភពលោក​មួយ​នេះ ពាក់ព័ន្ធ​នឹង​សិទ្ធិ​វេតូ​របស់​ប្រទេស​មហាអំណាច។

នៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​កន្លង​ទៅ ប្រទេស​ជាច្រើន​បាន​លើកឡើង​ផង​ដែរ​ពី​ការ​កាត់បន្ថយ​អំណាច​របស់​ប្រទេស​មហាអំណាច​ទាំង​៥ ដែល​មាន​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​វេតូ ហើយ​ជា​ការ​ជះ​ឥទ្ធិពល​មួយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​ចិត្ត​ដ៏​មាន​សារសំខាន់​មួយ​ប្រឆាំង​នឹង​ប្រទេស​មួយ​ដែល​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ ដូចជា​ករណី​រុស្ស៊ី កំពុងតែ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ជាដើម​នេះ។

ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​ស្នើសុំ​ពង្រីក​សមាជិក​អចិន្ត្រៃយ៍​មួយ​ចំនួន​ផង​ដែរ​មាន​ដូចជា ការ​ស្នើ​ដំឡើង​ប្រទេស​ឥណ្ឌា ប្រទេស​ប្រេស៊ីល និង​តំបន់​អាហ្វ្រិក​ខាងត្បូង ជា​ប្រទេស​ដែល​តំណាង​កម្លាំង​ដ៏​ធំ​នៅ​ក្នុង​តំបន់។

នៅ​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​គាំទ្រ​ឱ្យ​មាន​តំណាង​មួយ​សម្រាប់​ប្រទេស​អាហ្វ្រិក​ជា​សមាជិក​អចិន្ត្រៃយ៍​ប្ដូរ​វេន ប៉ុន្តែ​នៅ​ពេលនេះ ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន និង​តំបន់​អាស៊ី​មួយ​ចំនួន កំពុងតែ​ដាក់​សម្ពាធ​ឱ្យ​មាន​ការ​រុះរើ​សិទ្ធិ​វេតូ​ផ្ដាច់មុខ​របស់​ពួក​មហាអំណាច ព្រោះ​កន្លង​មក ការ​ប្រើប្រាស់​សិទ្ធិ​វេតូ​របស់​មហាអំណាច​រុស្ស៊ី ដែល​ត្រូវ​បង្ខំ​ឱ្យ​បញ្ឈប់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន គឺ​មិន​អាច​ធ្វើ​អ្វី​រុស្ស៊ី បាន​នោះ​ទេ។

នៅ​ថ្ងៃទី​១៨ កញ្ញា នេះ ប្រធានាធិបតី​ហ្វាំងឡង់ លោក Alexander Stubb បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រីក​ចំនួន​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ និង​ទាមទារ​ថា ទាល់​តែ​មាន​ការ​ប្រើ​សិទ្ធិ​វេតូ​របស់​ប្រទេស​មហាអំណាច​ដល់ ២​ប្រទេស ទើប​ការ​វេតូ​នោះ​មាន​ប្រសិទ្ធភាព ព្រមទាំង​បាន​ទាមទារ​បណ្តេញ​សមាជិក​ទាំងឡាយ​ណា​ដែល​ធ្វើ​សង្គ្រាម​ខុស​ច្បាប់​ដូចជា​រុស្ស៊ី កំពុង​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ជាដើម។

បើ​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters លោក​ប្រធានាធិបតី​ហ្វាំងឡង់ បាន​និយាយ​ថា លោក​នឹង​បង្ហាញ​ការ​យល់​ឃើញ​ដូច​ខាងលើ​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក Alexander Stubb បញ្ជាក់​ថា ការ​ជជែក​ស្តីអំពី​ការ​កែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​ជា​ស្ថាប័ន​សម្រេច​ចិត្ត​កំពូល​បំផុត​របស់​អង្គការ​សហប្រជាជាតិ នឹង​អាច​ធ្វើ​ឡើង។

ក្រុមប្រឹក្សា​សន្តិសុខ​មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន ៥ គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស រុស្ស៊ី បារាំង និង​ប្រទេស​ចិន។

ចំណែក​សមាជិក​ឆ្លាស់​វេន​មាន ១០​ប្រទេស ដែល​មកពី​ទ្វីប​ទាំង​៥ នៃ​ពិភពលោក ប៉ុន្តែ​មុន​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ គឺ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ហើយ​មាន​អាណត្តិ​រយៈពេល ២​ឆ្នាំ។

ក្រុមប្រឹក្សា​សន្តិសុខ UN មាន​តួនាទី​រក្សា​សន្តិភាព​ពិភពលោក និង​ការ​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​បំពាន និង​បង្ក​អស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក។

លោក​ប្រធានាធិបតី​ហ្វាំងឡង់ បាន​លើកឡើង​ថា លោក​នឹង​ស្នើ​ឱ្យ​បង្កើន​ចំនួន​សមាជិក​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឱ្យ​ដល់ ១០​ប្រទេស គឺ ១​ប្រទេស​ពី​តំបន់​អាមេរិក​ឡាទីន ២​ប្រទេស​មកពី​តំបន់​អាហ្វ្រិក និង ២​ទៀត​ពី​តំបន់​អាស៊ី។

តាម​លោក Alexander Stubb ការ​ប្រើ​អំណាច​វេតូ មាន​តែ​មួយ​ប្រទេស​មិន​គួរ​មាន​ប្រសិទ្ធភាព​ឡើយ ហើយ​ក៏​មិន​គួរ​ឱ្យ​មាន​ដែរ។

សហរដ្ឋ​អាមេរិក អង់គ្លេស រុស្ស៊ី បារាំង និង​ប្រទេស​ចិន គឺជា​ប្រទេស​មាន​សិទ្ធិ​អំណាច​វេតូ។ កន្លង​មក ក្នុង​ចំណោម​ប្រទេស​ទាំង​៥ បើ​ប្រទេស​ណា​មួយ​សម្រេច​ចិត្ត​ប្រើ​អំណាច​វេតូ​របស់​ខ្លួន គឺ​សេចក្តី​សម្រេច​មិន​អាច​ត្រូវ​អនុម័ត​បាន​ឡើយ។ ករណី​នេះ លោក​ប្រធានាធិបតី​ហ្វាំងឡង់ ទទូច​ថា​ចាំបាច់​ត្រូវតែ​កែទម្រង់។

លោក Alexander Stubb ពន្យល់​ថា ករណី​បង្ក​សង្គ្រាម​ដូច​ករណី​រុស្ស៊ី កំពុង​ឈ្លានពាន​អ៊ុយក្រែន​នា​ពេលនេះ គឺ​សមាជិក​ណា​បង្ក​សង្គ្រាម​បំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ គួរតែ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​រួម​គ្នា​ចាត់​វិធានការ​ប្រឆាំង​នឹង​ប្រទេស​នោះ។

លោក​ប្រធានាធិបតី​ហ្វាំងឡង់ បាន​ទទូច​ថា សំណើ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ គឺជា​ពេលវេលា​សមស្រប ដែល​ប្រទេស​ជាច្រើន​បាន​ដាក់​ញត្តិ​ឱ្យ​មាន​ការ​រុះរើ​សិទ្ធិ​វេតូ​របស់​ប្រទេស​មហាអំណាច​ទាំង​៥ នេះ កាលពី​ឆ្នាំ​ទៅ​មិញ ដែល​លោក​ថា​សម្រាប់​ឆ្នាំ​នេះ​គួរ​ចាត់ទុក​រឿង​នេះ​ជា​របៀបវារៈ​ដ៏​សំខាន់​មួយ​របស់​មហាសន្និបាត។

លោក Alexander Stubb ទទូច​ថា វា​ជា​រឿង​ចាំបាច់​ព្រោះ​ប្រទេស​ធំៗ​នឹង​គ្មាន​ថ្ងៃ​ស្នើ​ឡើង ដែល​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​ពួកគេ។

តែ​បើ​តាម​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ ឬ​រុះរើ​សិទ្ធិ​អំណាច​របស់​ស្ថាប័ន​នេះ គឺ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​យល់ព្រម និង​ផ្តល់​សច្ចាប័ន​ដោយ​សំឡេង​សមាជិក ២​ភាគ​៣ នៃ​មហាសន្និបាត UN តែ​ចាំបាច់​ត្រូវ​យល់ព្រម​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥​ប្រទេស​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ផ្ទាល់ ទើប​ដំណើរការ​កែទម្រង់​អាច​ធ្វើ​ទៅ​បាន។

កន្លង​មក ​ប្រទេស​មួយ​ចំនួន​នៃ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ មាន​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និង​ចិន ក៏​តែងតែ​ចង់​កែទម្រង់​ខ្លួនឯង​ផង​ដែរ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​ការ​ប្រជុំ ហើយ​មហាសន្និបាត​ក៏​មិន​បាន​រក​សំឡេង​រួម​បាន​ដែរ ព្រោះ​ថា​វា​មិន​អាច​សម្រេច​បាន​ឡើយ បើ​ប្រទេស​ទាំង​៥ នេះ មិន​យល់ស្រប​តាម​នោះ។

ចំណែក​មហាសន្និបាត បាន​ត្រឹម​បោះឆ្នោត​ថ្កោលទោស ឬ​អំពាវនាវ​គ្រាន់តែ​ជា​វិធានការ​ការទូត​ប៉ុណ្ណោះ។ ករណី​នេះ​មាន​រួច​ទៅ​ហើយ ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ត្រឹម​ថ្កោលទោស និង​អំពាវនាវ​ឱ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន តែ​មិន​អាច​ធ្វើ​អ្វី​រុស្ស៊ី បាន​ឡើយ ព្រោះ​ក្រុង​មូស្គូ ប្រើ​សិទ្ធិ​វេតូ​រួច​ទៅ​ហើយ​នៅ​ក្នុង​ស្ថាប័ន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​ពិភពលោក​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស