លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤។

Featured

លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​ខ្មែរ​ទាំង​៤​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ហើយ

By ឌឹ ខេមបូឌា ដេលី

September 21, 2024

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​តទៅ។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ទាំង​យប់​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា កន្លង​ទៅ​នេះ ក្រុម​ជ្រុល​និយម​បាន​ចាប់​យក​ចំណុច​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​អាវុធ​នយោបាយ​ដើម្បី​មួលបង្កាច់ និង​វាយប្រហារ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​មួយ​ចំនួន​មាន​ការ​ភ័ន្តច្រឡំ។

លោក ហ៊ុន សែន លើកឡើង​ថា ក្រុម​ប្រឆាំង​ចោទប្រកាន់​ថា​រាជរដ្ឋាភិបាល​បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង​៤ នៃ​ភាគ​ឦសាន ឱ្យ​ទៅ​បរទេស ជាដើម ប៉ុន្តែ​ដោយ​គិតគូរ​ពី​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ និង​ដើម្បី “ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុល​និយម” កម្ពុជា​សុខចិត្ត​ដក​ខ្លួន​ចេញពី​គម្រោង​នេះ។

លោក​ថា ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផ្សេង​ទៀត បាន​សម្រេច​ចិត្ត​ថា កម្ពុជា​បញ្ចប់​ការ​ចូលរួម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ពេល​នេះ​តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ រួច​ហើយ​ដែរ។

ប្រធាន​ព្រឹទ្ធសភា​រូប​នេះ​អះអាង​ថា កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​លើ​ទឹកដី​របស់​ខ្លួន​ដោយ​មាន​កិច្ចសហការ​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស និង​ប្រទេស ជាមួយ​អាស៊ាន ជាមួយ CLMV ជាមួយ ACMECS ជាមួយ GMS និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​លើ​សកលលោក។

លោក ហ៊ុន សែន បញ្ជាក់​ថា ពួក​ជ្រុល​និយម​អាច​ឆ្លៀត​ឱកាស​ប្រកាស​ពី​ជោគជ័យ​របស់​គេ​លើ​ការ​ទាមទារ​នេះ តែ​ពួកគេ​បាន​បាត់បង់​អាវុធ​ដ៏​សំខាន់​ដែល​ពួកគេ​ធ្លាប់​កាន់​វាយ​រាជរដ្ឋាភិបាល។ ម្យ៉ាង​ទៀត ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​ស្ថិត​នៅ​លើ​រាជរដ្ឋាភិបាល​ចេះ​ដោះស្រាយ​កង្វល់​របស់​ប្រជាជន និង​ចេះ​ដក​អាវុធ​ចេញពី​ដៃ​សត្រូវ។

ការ​សម្រេច​ដក​កម្ពុជា​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាតុកម្ម​តវ៉ា​ទាមទារ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ កញ្ញា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញពី​គម្រោង CLV ក្រោយ​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ​ជុំ​ទិស ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​លោក ហ៊ុន សែន ព្រម​ទទួលស្គាល់​ជា​ចំហ​ថា​សំឡេង​ពលរដ្ឋ​តវ៉ា ពិត​ជា​ខ្លាំង​មហិមា​ដែល​ត្រូវ​ដោះស្រាយ។

លោក មួង ណារ៉េត លើកឡើង​ថា ជំហាន​បន្ទាប់ រដ្ឋាភិបាល​ក៏​ត្រូវ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​រឿង​រិះគន់​គម្រោង​នេះ​ដែរ។ លោក​ថា នៅ​ប្រទេស​ប្រជាធិបតេយ្យ បើ​រដ្ឋាភិបាល​ទទួលស្គាល់​កំហុស​បែប​នេះ គឺ​រដ្ឋាភិបាល​នឹង​ចេញ​សារ​សុំទោស​ប្រជាពលរដ្ឋ​ដែល​ខ្លួន​បាន​លាប​ពណ៌​ថា​ជា​ក្រុម​ជ្រុល​និយម ឧទ្ទាម បដិវត្តន៍​ពណ៌​ថែម​ទៀត។

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ទទួលស្គាល់​របស់​លោក ហ៊ុន សែន ចំពោះ​អំណាច​សំឡេង​ពលរដ្ឋ​នេះ មិនមែន​ជា​ការ​ដក​អាវុធ​ពី​ដៃ​ពលរដ្ឋ​អ្នក​តវ៉ា​ទេ តែ​ផ្ទុយទៅវិញ វា​គឺ​ជា​ការ​បំពាក់​អាវុធ​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ទាំងនោះ ដែល​រឹតតែ​ធ្វើ​ឲ្យ​សំឡេង​ពលរដ្ឋ​តវ៉ា​ប្រឆាំង​ភាព​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល កាន់តែ​សន្ធឹកសន្ធាប់ និង​ស្វាហាប់​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា លោក ហ៊ុន សែន សម្រេច​ដក​ខ្លួន​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម ប៉ុន្តែ​គាត់​មិន​បាន​ប្រកាស​ដក​ខ្លួន​ពី CLMV (Cambodia-Loa-Myanmar-Vietnam) ទេ ដែល​នេះ​ជា​ល្បិច​ថ្មី​របស់​លោក ហ៊ុន សែន។

លោក អ៊ុំ សំអាន ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ ហើយ​នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​របស់​ប្រជាពលរដ្ឋ​ដែល​ភ័យ​ព្រួយ​ពី​ការ​បាត់​ទឹកដី។

ចំណែក​អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា លើកឡើង​នៅ​ថ្ងៃទី​២០ កញ្ញា នេះ​ដែរ​ថា ជា​រឿង​ល្អ​បំផុត​ដែល​រដ្ឋាភិបាល​សម្រេច​ដក​ខ្លួន​ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ប៉ុន្តែ​រឿង​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឲ្យ​ប្រសើរ​ឡើង នៅតែ​ជា​បញ្ហា​នៅឡើយ ព្រោះ​ថា​មិនមែន​គ្រាន់តែ​ដក​ខ្លួន​ចេញពី​គម្រោង CLV ហើយ​អ្វីៗ​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ រដ្ឋាភិបាល​ត្រូវ​ចាប់ផ្តើម​ពី​ការ​ដោះលែង​អ្នកទោស​មនសិការ សង្គម និង​នយោបាយ​ទាំងអស់ ព្រមទាំង​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ពលរដ្ឋ និង​អ្នក​នយោបាយ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​គ្មាន​ការ​គំរាម​កំហែង​ថែម​ទៀត។

លើស​ពី​នេះ ក៏​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន សង្គម​ស៊ីវិល សហជីព និង​កែទម្រង់​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប្រកប​ដោយ​ការ​ជឿជាក់ និង​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដោយ​លុប​បំបាត់​អំពើពុករលួយ ពង្រឹង​លើ​ការ​អនុវត្ត​ច្បាប់​លើ​ជនអន្តោប្រវេសន៍​យ៉ាង​តឹងរ៉ឹង និង​លុប​ចោល​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ផង​ដែរ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​អាច​ស្ដារ​ប្រជាធិបតេយ្យ​បាន​មែន នោះ​ទើប​មាន​ការ​ជឿជាក់​ថា កម្ពុជា​មិន​បាន​ផ្តល់​ការ​គាំទ្រ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ឥណ្ឌូចិន​របស់​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​របស់​ខ្លួន​ថា​មិន​រណប​ប្រទេស​ជិតខាង៕

© 2024, . All rights reserved.