30 C
Phnom Penh

សេចក្ដី​រាយការណ៍​ភាគ​១៖ ប្រៀបធៀប​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ទៅ​នឹង​ជ្រោយ​គ្រីមៀ (Crimea Peninsula)

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ៖ ហាស់ សាន

សេចក្តី​រាយការណ៍ អំពី​វាសនា​ទឹកដី​ខ្មែរ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) និង​វាសនា​ទឹកដី​ប្រទេស​អ៊ុយក្រែន នៅ​តំបន់​គ្រីមៀ ថា​តើ​ដូច​គ្នា ឬ​ស្រដៀង​គ្នា​ត្រង់​ចំណុច​ណា?

នៅ​ក្នុង​ភាគ​ទី​១ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិពណ៌នា​មួយ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​នៃ​តំបន់​ទាំង​ពីរ៖

មាន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​ដែល​មាន​ប្រវត្តិ​ស្នេហា​ជាតិ​មាតុភូមិ​ខ្មែរ និយាយ​ថា៖ មនុស្ស​ដេក​លក់​មែនទែន ងាយ​ដាស់​ឆាប់​ភ្ញាក់​ណាស់ រីឯ​មនុស្ស​ធ្វើ​ពុត​ដេក​លក់​វិញ មិន​ងាយ​ដាស់​ឲ្យ​ភ្ញាក់​ឡើយ។

យ៉ាងណា​មិញ មនុស្ស​ដែល​ធ្វើ​ពុត​ជា​មិន​ឃើញ (ធ្វើ​ខ្វាក់) មិន​ដឹង​មិន​ឮ (ធ្វើ​ថ្លង់) និង​មនុស្ស​មិន​និយាយ​ស្តី (ធ្វើ​គ) ក៏​ពុំ​មាន​នរណា​អាច​បង្ហាញ​អ្វី​ឲ្យ​ឃើញ ប្រាប់​អ្វី​ឲ្យ​ដឹង​ឲ្យ​ឮ និង​បង្រៀន​ឲ្យ​និយាយ​ស្ដី​បាន​ដែរ ពីព្រោះ​គេ​ធ្វើ​ពុត គេ​ធ្វើ​ខ្វាក់ ធ្វើ​ថ្លង់ ធ្វើ​គ​ទៅ​ហើយ។ គេ​នាំគ្នា​ទាំង​ហ្វូង​បង្វែរ​សាច់រឿង​ពិត​ទាំងអស់​ដែល​មនុស្ស​ខំប្រឹង​លាតត្រដាង​បង្ហាញ​ផ្សាយ​ប្រាប់​ឲ្យ​ដឹង ឲ្យ​ឮ តាំងពី​ឆ្នាំ​២០០០ ទៅ​ជា​ថា​គេ​និយាយ​រឿង​ប្រតិដ្ឋ​ទៅវិញ។

រឿង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ជាមួយ​នឹង​ប្រទេស​លាវ និង​ប្រទេស​យៀកណាម ហៅថា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឬ​ស៊ីអិលវី (Cambodia−Laos−Vietnam=CLV) បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ទឹកដី​បាន​ជ្រាប​យ៉ាង​ហោច​ក៏​តាំងពី​ឆ្នាំ​២០០០ ដែរ ពីព្រោះ​គម្រោង​អភិវឌ្ឍន៍​បី​ប្រទេស​នេះ ផ្តើម​គំនិត​ចេញ​ដំណើរ​តាំងពី​ឆ្នាំ​១៩៩៩។ យើង​ដឹង​ច្បាស់​ដោយ​សម្អាង​លើ​ការ​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ និង​ព័ស្តុតាង​នានា​ថា ជាតិ​សាសន៍​ជិតខាង​ខ្មែរ​ខាង​បូព៌ា​ទិស ឆ្លាត ឈ្លាសវៃ ពូកែ​គិត ពូកែ​រកស៊ី​ជំនួញ ពូកែ​ធ្វើ​ពាណិជ្ជកម្ម ពូកែ​វាតទី​ទឹកដី​បង្កើន​ផលិតផល​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​ជាង​ជាតិ​សាសន៍​ខ្មែរ។

ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​សញ្ជឹង​ពិចារណា​អំពី​ផលវិបាក​ទៅ​អនាគត យើង​សូម​ជូន​ហេតុការណ៍​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិតៗ​ខ្លះ​ឥត​មាន​ការ​កាឡៃ​ច្នៃ​តាម​ឆន្ទៈ​អ្នក​ឈ្នះ ព្រោះ​ថា​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​អាច​នឹង​មិន​ដឹង​ដោយ​គ្មាន​ឱកាស​រៀនសូត្រ។

ក្នុង​ឆ្នាំ​១៨៣៥ អធិរាជ មិញ ម៉ាង ឬ មិញ ម៉ិញ នាម​ដើម​ពី​កំណើត ង្វៀង ហ៊្វុកយ៉ាំ ឬ ង្វៀង ហ៊្វុកជីវ បាន​ដាក់​បញ្ជា​ទៅ​ឧត្ដមសេនីយ៍ ទ្រឿង មិញយ៉ាង ជា​ចៅហ្វាយ​ខេត្ត​ត្រួតត្រា​ស្រុក​ខ្មែរ​ដែល​ជា​ខេត្ត​ទី​៣២ របស់​យៀកណាម ក្នុង​រជ្ជកាល​ព្រះមហារាជិនី អង្គ ម៉ី ដូច្នេះ៖ ពពួក​មនុស្ស​សាហាវ​ឃោរឃៅ​នៅ​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​កូនចៅ​ខ្ញុំ​ហើយ​ឥឡូវ​នេះ ហើយ​អ្នក​គប្បី​ជួយ​ពួកគេ​បង្រៀន​គេ​អំពី​ប្រពៃណី​ទំនៀមទម្លាប់​របស់​យើងខ្ញុំ​បាន​ឮ​ថា, ឧទាហរណ៍, សម្បូរ​ដីធ្លី និង​មាន​ជីជាតិ​ណាស់ ហើយ​ថា​សម្បូរ​គោ​សម្រាប់​ភ្ជួរ​ស្រែ​ផងប៉ុន្តែ​មនុស្ស​រស់នៅ​ទីនោះ គ្មាន​ចំណេះដឹង​ខាង​កសិកម្ម​ទំនើប​ទេ ប្រើ​តែ​ចបកាប់ ចបជីក ជាង​ប្រើ​គោ។ គេ​ដាំ​ស្រូវ​សម្រាប់​តែ​បរិភោគ​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​ដាក់​ជង្រុក​ផលិតផល​អតិរេក ឬ​សល់​ផល​នោះ​ទេ។ វត្ថុ​ចាំបាច់​ប្រចាំ​ថ្ងៃ ដូចជា សំពត់ សូត្រ ទា ជ្រូក ថ្លៃ​ពន់ពេក។ ឥឡូវ​ហ្នឹង អ្វីៗ​ខ្វះខាត​សព្វសារពើ គឺ​មកពី​ភាព​ខ្ជិល​ច្រអូស​នៃ​ប្រជាជន (ពលរដ្ឋ) ខ្មែរហើយ​សេចក្តី​ណែនាំ​របស់​ខ្ញុំ​ទៅ​កាន់​អ្នក គឺ​បែប​នេះ៖ បង្រៀន​ពួកគេ​ឲ្យ​ប្រើ​គោ បង្រៀន​ពួកគេ​ឲ្យ​ដាំ​ស្រូវ​ឲ្យ​បាន​ច្រើន​ថែម​ទៀត បង្រៀន​ពួកគេ​ឲ្យ​ដាំ​ដើម​មន ចិញ្ចឹម​ជ្រូក និង​ទាចំណែក​ឯ​រឿង​ភាសា​វិញ គួរ​បង្រៀន​ពួកគេ​នូវ​ភាសា​វៀតណាម។ បង្រៀន​អំពី​ទម្លាប់​ស្លៀកពាក់​របៀប​យើង សុជីវធម៌​អង្គុយ​បរិភោគ​តាម​តុ​ត្រូវតែ​ធ្វើ​តាម​យើង។ បើសិនជា​នៅ​មាន​សេសសល់​ទំនៀមទម្លាប់​កោងកាច​ហួស​សម័យ​ណា​មួយ អាច​នឹង​សម្រួល​ឲ្យ​ងាយៗ​បាន ក៏​សម្រួល​ទៅ, ឬ​ក៏​បង្ក្រាប​ដោយ​ប្រើ​កម្លាំង​បាន, ក៏​ធ្វើ​អ៊ីចឹង​ទៅ”មិញ ម៉ាង ព្រះចៅ​យៀកណាម, ១៨៣៥

“…The barbarians [in Cambodia] have become my children now, and you should help them, and teach them our customs… I have heard, for example, that the land is plentiful and fertile, and that there are plenty of oxen [for plowing]… but the people have no knowledge of [advanced] agriculture, using picks and hoes, rather than oxen. They grow enough rice for two meals a day, but they don’t store any surplus. Daily necessities like cloth, silk, ducks and pork are very expensive… Now all these shortcomings stem from the laziness of the Cambodians… and my instructions to you are these; teach them to use oxen, teach them to grow more rice, teach them to raise mulberry trees, pigs and ducks… As for language, they should be taught to speak Vietnamese. [Our habits of] dress and table manners must also be followed. If there is any outdated or barbarous custom that can be simplified, or repressed, then do so.”[13] Minh Mạng of Vietnam, 1835

សម័យ​នោះ ពី​ឆ្នាំ​១៨១៣ ដល់​ឆ្នាំ​១៨៤៥ រាជវង្ស ង្វៀង ឈ្លានពាន​ស្រុក​ខ្មែរ​បី​ដង។ កាលពី ១៣៤​ឆ្នាំ​មុន គេ​ហៅ​ស្រុក​ខ្មែរ​ថា ចានតៃថាញ់ (Tran Tay Thanh)។ គេ​ចាត់ទុក​ជា​ខេត្ត​ទី​៣២ របស់​យៀកណាម មាន​ទី​រួម​ខេត្ត​ឈ្មោះ ណាម វ៉ាង គឺ​រាជធានី​ភ្នំពេញ។ ស្តេច​ខ្មែរ​គ្រា​នោះ​ជា​ស្តេច​ដែល​ព្រះចៅ​យៀកណាម បំពាក់​មកុដ គ្រងរាជ្យ​ជា​ស្តេច​អាយ៉ង ក្រោម​បញ្ជា​ឧត្ដមសេនីយ៍ ទ្រឿង មិញយ៉ាង នៅ​ក្រុង​ភ្នំពេញ ដូច​ក្នុង​ព្រឹត្តិការណ៍ ៧ មករា ១៩៧៩ ដែរ។

នគរ​មាន​មេដឹកនាំ​ជា​ជាតិសាសន៍​មាន​ឈាម​ជ័រ មាន​ប្រវត្តិ មាន​មហិច្ឆតា​ចង់​បាន​ទឹកដី​គេ​ធ្វើ​ជា​របស់​ខ្លួន គេ​តែងតែ​ប្រើ​នយោបាយ​វាតទី​គ្រប់​បែប​យ៉ាង​ទៅ​លើ​នគរ​ជិតខាង​ដែល​ទន់ខ្សោយ​គំនិត មិន​សូវ​រីកចម្រើន មិន​ឆ្លាត មិន​ឈ្លាសវៃ មិន​ពូកែ​គិត​ពិចារណា មិន​សូវ​ចេះដឹង ហើយ​ជឿ ផ្ញើ​វាសនា​តាម​យថាកម្ម។ មួយ​វិញ​ទៀត នគរ​ដែល​ប្រកាន់​របប​គ្រប់គ្រង​បែប​អនុត្តរភាព​និយម hegemony គ្មាន​សីលធម៌ មិន​ស្គាល់​បាប​ស្គាល់​បុណ្យ​នោះ​ទេ។ មេដឹកនាំ​នគរ​នោះ គេ​ឈ្លានពាន​វាតទី ពង្រីក​ទឹកដី ស្វែងរក​ឥទ្ធិពល និង​វត្ថុធាតុដើម ដូចជា រតនវត្ថុ រ៉ែ​លោហធាតុ ជាដើម​ហើយ។

ក្នុង​សម័យ​បច្ចុប្បន្នកាល​នេះ នគរធំ​ជិតខាង​មួយ​មិន​ហ៊ាន​ធ្វើ​ដូច​ពី​សតវត្ស​ទី​១៧, ទី​១៨, ទី​១៩ នោះ​ទេ ពីព្រោះ​ពិភពលោក​គ្រប់គ្រង​ដោយ​ច្បាប់ មើល​ខុស​ត្រូវ​ដោយ​អង្គការ​សហប្រជាជាតិ ថ្វីបើ​មាន​ជាតិ​សាសន៍​មាន​ចរិត​អប្រិយ​ខ្លះ​រំលោភ​បំពាន​ធម្មនុញ្ញ​សហប្រជាជាតិ​ក្តី​ក៏ដោយ ក៏​គេច​មិន​ផុត​ពី​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ដែរ។ ទោះជា​ដូច្នេះ​ក្តី មាន​រឿង​ខ្លះ អង្គការ​សហប្រជាជាតិ​ក៏​ជួយ​មិន​បាន​ដែរ បាន​ត្រឹមតែ​បោះឆ្នោត​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ថ្កោលទោស។

តើ​ពលរដ្ឋ​ខ្មែរ​អាច​គូស​ខ្សែ​ស្រប​អំពី​ផល​ប្រយោជន៍​ជាតិ​រវាង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំបន់​ជ្រោយ​គ្រីមៀ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយក្រែន បាន​ដូចម្តេច?

គ្រីមៀ មាន​សណ្ឋាន​ដី​ទ្រវែង​ស្រដៀង​ជា​កោះ​មួយ លយ​ចូល​ក្នុង​សមុទ្រ​ជិត​ប្រទេស​អ៊ុយក្រែន ដាច់​ពី​ប្រទេស​រុស្ស៊ី បន្តិច ហ៊ុមព័ទ្ធ​ដោយ​សមុទ្រ​ខ្មៅ​ភាគ​ខាងត្បូង និង​ខាងលិច ព្រមទាំង​សមុទ្រ​អាហ្សៅ​ភាគ​ឦសាន មាន​ផ្ទៃដី ២​ម៉ឺន ៧​ពាន់​គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ២​លាន​នាក់។

ប្រទេស​អ៊ុយក្រែន បាន​ទទួល​ឯករាជ្យ​ពីរ​ដង៖ ម្តង​នៅ​ខែ​មករា ឆ្នាំ​១៩១៨។ មួយ​ខែ​ក្រោយ​មក កងទ័ព​ក្រហម Bolshevik ដឹកនាំ​ដោយ​មេ​មនោគមន៍វិជ្ជា​កុម្មុយនីស្ត Vladimir Lenin វាយ​យក​រដ្ឋធានី​ឃៀហ្វ ត្រួតត្រា​កាន់កាប់​ដាក់​ក្រោម​នឹម​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត។

តាម​ឯកសារ និង​សេចក្តី​រាយការណ៍​អំពី​ស្ថិតិ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ទឹកដី​ជ្រោយ​គ្រីមៀ ជនជាតិ​ដើម​ម្ចាស់​ទឹកដី​ឈ្មោះ គ្រីមៀតាតទើរ៍ អ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​តាំង​ទីលំនៅ​តាំងពី​សតវត្ស​ទី​១៥ ប៉ុន្តែ​ត្រូវ​អាណាចក្រ​រុស្ស៊ី វាយលុក​យក​កាន់កាប់​នៅ​ឆ្នាំ​១៧៨៣។ នៅ​ឆ្នាំ​១៩៤៤ រដ្ឋអំណាច​សូវៀត បណ្តេញ​ជនជាតិ​ដើម​ម្ចាស់​ទឹក​គ្រីមៀតាតទើរ៍ មូស្លីម ពី​ទឹកដី​នោះ ព្រមទាំង​បំបាត់​ពូជសាសន៍​ជិត ២​សែន​នាក់​ទៀត​ផង​នៅ​ទីនោះ។ រុស្ស៊ី បញ្ចូល​ជនជាតិ​ខ្លួន​ទៅ​រស់នៅ​ទីនោះ​ដ៏​ច្រើន។ តាម​ស្ថិតិ​ឆ្នាំ​២០០១ ជ្រោយ​គ្រីមៀ មាន​ជនជាតិ​រុស្ស៊ី ប្រមាណ ៦០% ជនជាតិ​អ៊ុយក្រែន ប្រមាណ ២៤% ជនជាតិ​ដើម​គ្រីមៀតាតទើរ៍ ប្រមាណ ១២% និង ៦% ទៀត ជា​ជនជាតិ​ផ្សេងៗ។

ទឹកដី​ជ្រោយ​គ្រីមៀ សម្បូរ​ដោយ​ធនធាន​ធម្មជាតិ មាន​ប្រេងកាត ឧស្ម័ន​ធម្មជាតិ រ៉ែ​ក្រោម​ដី កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម ដី​សំណង់​ជាដើម។ល។ អតីត​សហភាព​សូវៀត បាន​យក​ទីក្រុង​សេវ៉ាស្តូប៉ុល (Sevastopol) ភាគ​និរតី​ជ្រោយ​គ្រីមៀ ធ្វើ​ជា​មូលដ្ឋាន​នាវាចរណ៍​ដ៏​ធំ​នៅ​ក្នុង​សមុទ្រ​ខ្មៅ​សម្រាប់​នាវាចម្បាំង ៧៤​គ្រឿង​របស់​ខ្លួន។

នៅ​ឆ្នាំ​១៩៩១ រុស្ស៊ី​យល់ព្រម​ឲ្យ​ប្រទេស​អ៊ុយក្រែន ជា​រដ្ឋ​ឯករាជ្យ។ នៅ​ឆ្នាំ​១៩៩៧ ប្រទេស​ទាំង​ពីរ​ចុះ​កិច្ចព្រមព្រៀង​ខណ្ឌ​ដែនដី​មូលដ្ឋាន​នាវាចរណ៍​រវាង​ប្រទេស​ពីរ ដោយ​ជួល​ទឹកដី​មូលដ្ឋាន​ទ័ព​ជើងទឹក​សេវ៉ាស្តូប៉ុល (Sevastopol) ឲ្យ​រុស្ស៊ី រហូត​ដល់​ឆ្នាំ​២០១៧ ទើប​ផុត​កំណត់។ នៅ​ឆ្នាំ​២០១៤ រុស្ស៊ី បញ្ជូន​ទ័ព​វាយលុក​យក​ជ្រោយ​គ្រីមៀ កាន់កាប់​ទាំងស្រុង​តែម្តង។

ក្រុង​មូស្គូ សម្រេច​ប្រើ​កម្លាំង​ឈ្លានពាន​យក​ជ្រោយ​គ្រីមៀ កាន់កាប់​ផ្ដាច់មុខ ដោយ​ប្រើ​ល្បិច​បោះឆ្នោត​ប្រជាមតិ​ភ្លាមៗ​នៅ​ខែ​មីនា ឆ្នាំ​២០១៤។ ប្រជាពលរដ្ឋ​នៅ​គ្រីមៀ ច្រើន​លើសលប់​ដែល​ជា​ជនជាតិ​រុស្ស៊ី បញ្ចូល​ទៅ​រស់នៅ​ទីនោះ បោះឆ្នោត​សម្ដែង​ឆន្ទៈ​ចង់​រស់នៅ​ជាមួយ​រដ្ឋអំណាច​ក្រុង​មូស្គូ។ រុស្ស៊ី ចំណេញ​បាន​ជ្រោយ​គ្រីមៀ ទំហំ ២​ម៉ឺន ៧​ពាន់​គីឡូម៉ែត្រ​ការ៉េ ធនធាន​ធម្មជាតិ​គ្រប់​មុខ និង​មូលដ្ឋាន​នាវាចរណ៍​ក្នុង​សមុទ្រ​ខ្មៅ និង​សមុទ្រ​អាហ្សៅ ទាំងស្រុង។

ចំណែកឯ​រឿង ត្រីកោណ​អភិវឌ្ឍន៍ ដែល​ដាក់​ខេត្ត​ខ្មែរ​៤ បញ្ចូល​គ្នា​រកស៊ី​ធ្វើ​ជំនួញ ឬ​អភិវឌ្ឍ​ចូល​គ្នា​ជាមួយ​ប្រទេស​យៀកណាម ៥​ខេត្ត និង​ខេត្ត​លាវ ៤​ខេត្ត មាន​ផ្ទៃដី ៤៧២៥៦​គីឡូម៉ែត្រ​ការ៉េ តាម​តួលេខ​ពី​ក្រសួង​ផែនការ និង​ក្រសួង​ទេសចរណ៍ ឆ្នាំ​២០២៣៖

  • ខេត្ត​ក្រចេះ មាន​ទំហំ ១​ម៉ឺន ១​ពាន់ ៩៤​គីឡូម៉ែត្រ​ការ៉េ មាន​ពលរដ្ឋ ៤​សែន ១​ម៉ឺន ៣​ពាន់ ៨៣​នាក់;
  • ខេត្ត​មណ្ឌលគិរី មាន​ផ្ទៃដី ១​ម៉ឺន ៤​ពាន់ ២​រយ ៨៨​គីឡូម៉ែត្រ​ការ៉េ មាន​ពលរដ្ឋ ៩​ម៉ឺន ៧​ពាន់ ៥៦២​នាក់;
  • ខេត្ត​រតនគិរី មាន​ផ្ទៃដី ១​ម៉ឺន ៧៨២​គីឡូម៉ែត្រ​ការ៉េ មាន​ពលរដ្ឋ ២​សែន ១​ម៉ឺន ៨​ពាន់ ៥១៨​នាក់;
  • ខេត្ត​ស្ទឹងត្រែង មាន​ផ្ទៃដី ១​ម៉ឺន ១​ពាន់ ៩២​គីឡូម៉ែត្រ​ការ៉េ មាន​ពលរដ្ឋ ១​សែន ៥​ម៉ឺន ១​ពាន់ ៨៣១​នាក់។

សរុប​ចំនួន​ពលរដ្ឋ​ខ្មែរ​ដោយ​មិន​គិត​អំពី​អាណិកជន ជនអន្តោប្រវេសន៍​ត្រូវ​ច្បាប់ ឬ​ខុស​ច្បាប់ មាន ៨​សែន ៨​ម៉ឺន ១​ពាន់​នាក់។

ក្នុង​ខេត្ត​រតនគិរី តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាង​បស្ចិម​ប្រទេស​ក្នុង​ឆ្នាំ​២០២០ មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន ៨​កុលសម្ព័ន្ធ៖

  • ជនជាតិ​តាំពួន ជាង ២៤%;
  • គ្រឹង ជិត ១៩%;
  • កាវ៉ិត ជិត ៣%;
  • កាចក់ ជិត ៣%;
  • ចារ៉ាយ ជិត ២០%;
  • ព្រូ ជិត ៨%;
  • ព្នង ក្រោម ១%;
  • លុន ក្រោម ១%។

សរុប​ទាំងអស់ ជនជាតិ​ដើម​ភាគតិច​មាន​ជិត ៧៦% នៃ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី។

ក្នុង​ខេត្ត​មណ្ឌលគិរី មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន ១០​កុលសម្ព័ន្ធ៖

  • ជនជាតិ​ព្នង ភាគច្រើន​ជាងគេ បន្ទាប់​មក​មាន​ជនជាតិ​តាំពួន គ្រឹង ចារ៉ាយ ចាម ចិន យៀកណាម។

ខេត្ត​ក្រចេះ មាន​ជនជាតិ​ភាគតិច​ចំនួន ៧​ក្រុម៖

  • យៀកណាម ចាម កួយ ស្ទៀង មិល ខុញ ក្រោល និង​តាំពួន។

ខេត្ត​ស្ទឹងត្រែង មាន​ជនជាតិ​លាវ ឬ​ឡាវ ដែល​ឆ្លងដែន​រវាង​ទឹកដី​ខ្មែរ និង​ខេត្ត​អាត់តាពើ ប្រទេស​លាវ។

មាន​សំណួរ​ថា តើ​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​នោះ​មាន​ដីធ្លី​ធំធេង រៀន​ចេះ​បច្ចេកទេស​ទំនើប​ធ្វើ​ចម្ការ​ដូច​ជនជាតិ​យៀកណាម ឬ​ទេ?

ចុច​អាន​សេចក្ដី​រាយការណ៍​ភាគ​២

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស