30 C
Phnom Penh

ចលនា KMD អំពាវនាវ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ធ្វើ​តាម​សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​តាម​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ឡើងវិញ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ កញ្ញា នេះ​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​របប​កម្ពុជា ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​អំពើ​រំលោភ​សិទ្ធិមនុស្ស គឺជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ ដោយ​សហរដ្ឋ​អាមេរិក ជា​ការ​ព្រមាន​ដ៏​មាន​ឥទ្ធិពល​ដល់​អ្នក​ដែល​បន្ត​បំពាន​អំណាច និង​កេងប្រវ័ញ្ច​លើ​ប្រជាជន​ខ្មែរ ហើយ​តាមរយៈ​វិធានការ​នេះ ក៏​បង្ហាញ​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក​កាន់តែ​ច្បាស់​ថា និទ្ទណ្ឌភាព​នឹង​មិន​ត្រូវ​បាន​អត់ឱន​ទៀត​ឡើយ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​នានា ដាក់​ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​នៅ​កម្ពុជា​បន្ត​ទៀត ដើម្បី​ឱ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ការ​លុប​បំបាត់​លទ្ធិប្រជាធិបតេយ្យ ការ​គាបសង្កត់​សិទ្ធិមនុស្ស និង​អំពើពុករលួយ​ដែល​អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ។

KMD បញ្ជាក់​ថា ដំណាក់កាល​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​មុខ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ប្រជាជន​ខ្មែរ​សម្រាប់​ជ័យជម្នះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នឹង​ជំរុញ​ឱ្យ​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​កាន់តែ​មាន​កម្លាំង​ចិត្ត​ជួយ​ប្រជាជន​កម្ពុជា ដែល​ត្រូវ​គេ​ជិះជាន់​រហូត​ដល់​ឧក្រិដ្ឋជន​ទាំងអស់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសកម្ម​បរទេស​នៃ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​កាន់​អំណាច លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​មួយ​ចំនួន​ផង​ដែរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​តាម​ច្បាប់ Executive Order ១៣៨១៨ របស់​អាមេរិក។

ក្រៅពី​ឧកញ៉ា លី យ៉ុងផាត់ ក៏​មាន​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​មួយ​ចំនួន​ទៀត​ដែរ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​រង​នូវ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​រំលោភ​សិទ្ធិមនុស្ស និង​បទឧក្រិដ្ឋ​ផ្សេងៗ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កន្លង​មក។

ជាក់ស្តែង កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក​បាន​សម្រេច​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ទទួល​ខុសត្រូវ និង​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ពីរ​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ដែល​ជា​សមាជិក​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឲ្យ​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

គិត​ត្រឹម​ឆ្នាំ​២០២៤ នេះ យ៉ាងហោចណាស់​មាន​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំនួន ៦​នាក់​ហើយ រួម​ទាំង​ឈ្មួញ​ទុច្ចរិត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ផង​ដែរ ដែល​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋ​អាមេរិក រួម​មាន​លោក ចៅ ភិរុណ លោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព និង​លោក លី យ៉ុងផាត់ ដែល​រង​នូវ​ទណ្ឌកម្ម​នា​ពេល​ថ្មីៗ​នេះ។

ជាង​នេះ​ទៀត សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ ក្នុង​ខេត្ត​កោះកុង ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស