កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាបញ្ជាឲ្យបង្កើនចំនួនកងទ័ព ១សែន ៨ម៉ឺននាក់ ដែលគេមើលឃើញថាជាសារនយោបាយភូមិសាស្ត្រមួយដែលមិនមានការភ្ញាក់ផ្អើលអ្វីទេ បើគេពិនិត្យមើលពីការចុះខ្សោយនៃកម្លាំងទ័ពប្រយុទ្ធរបស់រុស្ស៊ី ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងសមរភូមិនៅខេត្ត Kursk ខាងក្នុងទឹកដីរុស្ស៊ី ដែលទ័ពអ៊ុយក្រែន មានសមត្ថភាពខ្លាំងវាយបំបែកព្រំដែនរបស់ប្រទេសមហាអំណាចមួយនេះ។
តាមបទបញ្ជារបស់លោក ពូទីន ការធ្វើកំណែនកងទ័ពជិត ២សែននាក់នេះ គឺដើម្បីធ្វើឱ្យចំនួនកងទ័ពកើនឡើងរហូតទៅដល់ចំនួន ១លាន ៥សែននាក់ ដែលវិមានក្រឹមឡាំងប្រកាសថា បច្ចុប្បន្ន រុស្ស៊ី មានទ័ព ១លាន ៣សែន ២ម៉ឺននាក់ ហើយធ្វើឱ្យចំនួនកងទ័ពរបស់រុស្ស៊ី ក្លាយទៅជាប្រទេសដែលមានទ័ពច្រើនជាងគេទី២ បន្ទាប់ពីប្រទេសចិន។
ដើម្បីអាចសម្រេចមហិច្ឆតាថ្មីនេះ រុស្ស៊ីត្រូវពង្រីកយុទ្ធនាការជ្រើសរើសយុវជននៅគ្រប់តំបន់ទាំងអស់ទូទាំងប្រទេស។ រដ្ឋាភិបាលរុស្ស៊ី សន្យាផ្តល់ប្រាក់ខែខ្ពស់ បង្កលក្ខណៈងាយស្រួលលើការបង់ពន្ធ និងទ្រទ្រង់ជីវភាពចំពោះជនណាដែលចូលបម្រើកងទ័ព។
ក្រៅពីនេះ រុស្ស៊ីក៏ធ្វើយុទ្ធនាការកែនទ័ពក្នុងចំណោមអ្នកទោសរាប់ម៉ឺននាក់នៅតាមពន្ធនាគារក្នុងប្រទេស។
យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ប្រទេសចិន មានទ័ពជាង ២លាននាក់។ បើតាមវេបសាយរបស់វិមានក្រឹមឡាំង ទ័ពប្រយុទ្ធ និងទ័ពបម្រុង គឺរុស្ស៊ី មាន ២លាន ៣៨ម៉ឺននាក់។
គេនៅចាំបានថា កាលពីខែមិថុនា ឆ្នាំ២០២៤ លោក ពូទីន ធ្លាប់បានប្រកាសថាមានកងទ័ពរុស្ស៊ី ៧៥ម៉ឺននាក់ បានចេញទៅច្បាំងនៅប្រទេសអ៊ុយក្រែន គឺស្មើពាក់កណ្តាលនៃចំនួនផ្លូវការរបស់កងទ័ពរុស្ស៊ី។
តែបែបនេះក្ដី រុស្ស៊ីមិនដែលបង្ហើបឲ្យដឹងអំពីចំនួនកងទ័ពរបស់ខ្លួនដែលបានបាត់បង់ក្នុងសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន នោះទេ។
បើតាមឯកសារមួយបញ្ចេញដោយមន្ទីរប៉ុងតាហ្គន ដែលសារព័ត៌មាន Economist ចុះផ្សាយកាលពីថ្មីៗនេះ ឲ្យដឹងថា ក្នុងសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន រយៈពេលប្រមាណ ២ឆ្នាំ ៧ខែមកនេះ រុស្ស៊ីអាចបាត់បង់ទ័ពដល់ទៅ ៧២ម៉ឺន ៨ពាន់នាក់។
បើតាមកាសែតអាមេរិកាំង The Wall Street Journal រុស្ស៊ីបានបាត់បង់ទ័ពជាង ៦០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ២០ម៉ឺននាក់ និងរងរបួសជាង ៤០ម៉ឺននាក់។ ចំណែកអ៊ុយក្រែន ស្លាប់ទ័ព ៨ម៉ឺននាក់ និងទ័ពរងរបួស ៤០ម៉ឺននាក់។ តែប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីខែមេសា ថា ទ័ពរបស់លោកស្លាប់ចំនួន ៣ម៉ឺន ១ពាន់នាក់។
កាលពីថ្ងៃទី១៧ ខែកញ្ញា កាសែតអ៊ុយក្រែន Kyiv Post បានស្រង់របាយការណ៍របស់អគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែន មកចុះផ្សាយថា រុស្ស៊ីបាត់បង់ទ័ពហក់ឡើង ៦៣ម៉ឺន ៥ពាន់នាក់។
ចាប់តាំងពីរុស្ស៊ី បាក់ទ័ពនៅខែកញ្ញា និងខែតុលា ឆ្នាំ២០២២ ដែលអ៊ុយក្រែន វាយយកបានតំបន់ Kharkive ភាគឥសាន និង Kherson ភាគខាងត្បូងមក បាននាំឲ្យក្រុងមូស្គូ ធ្វើកំណែនកងទ័ពទាំងចាប់បង្ខំយុវជនឱ្យកាន់អាវុធមាន ៣លើកមកហើយ។
ក្នុងមួយលើកៗ តម្រូវឱ្យបានពី ១៥ម៉ឺននាក់ទៅ ២៥ម៉ឺននាក់។ នៅពេលធ្វើកំណែនកងទ័ព គេសង្កេតឃើញមិនមានការស្ម័គ្រចិត្តច្រើនទេ ដែលយុវជនបានធ្វើបាតុកម្ម ជាពិសេសនៅទីក្រុងមូស្គូ តវ៉ាប្រឆាំងនឹងការធ្វើសង្គ្រាមរបស់លោក ពូទីន តែត្រូវបានចាប់ខ្លួនរាប់រយនាក់។
យុវជនបានរត់គេចពីការធ្វើកំណែន រហូតពួកគេរត់ទៅនៅប្រទេសជិតខាងមានជាង ៤០ម៉ឺននាក់។ ការរើសទ័ពថ្មីក្នុងសង្គ្រាមដែលមើលទៅមិនអាចផ្ដួលរដ្ឋាភិបាលក្រុងគៀវ បាន ហើយខណៈការបាត់បង់ទ័ពដ៏ច្រើននេះ ក្រុងមូស្គូ បានចាប់បង្ខំអ្នកទោសដែលមានបទឧក្រិដ្ឋទាំងប្រុសទាំងស្រីដឹកទៅសមរភូមិទៀតផង។
តើសាររបស់មេដឹកនាំវិមានក្រឹមឡាំង អំពីការកើនទ័ពឱ្យបាន ១លាន ៥សែននាក់ មានអ្វីជាអាថ៌កំបាំង?
គ្មានអ្វីអាចបិទបាំងរឿងពិតបានឡើយនៅលើលោកយើងនេះ។ សង្គ្រាមមហាអំណាចរុស្ស៊ី ឈ្លានពានប្រទេសមានព្រំដែនជាប់គ្នានេះ ពីដំបូងឡើយ ក្រុងមូស្គូ វាយតម្លៃថា យ៉ាងយូរមួយសប្ដាហ៍ ឬ ២សប្ដាហ៍ ទ័ពរបស់ខ្លួននឹងវាយលុកកាន់កាប់រដ្ឋធានីគៀវ បានហើយ។ តែវាមិនដូចផែនការសង្គ្រាមរបស់លោក ពូទីន និងអ្នកនយោបាយប្រកាន់ខ្សែតឹងរបស់វិមានក្រឹមឡាំង ឡើយ។
ទ័ពរុស្ស៊ី វាយរុលជិតដល់ក្រុងគៀវ ទៅហើយ តែត្រូវទ័ពអ៊ុយក្រែន វាយបំបាក់យ៉ាងខ្លាំងក្រោមជំនួយអាវុធរបស់សហរដ្ឋអាមេរិក អង់គ្លេស និងពួកសមាជិកណាតូ បានទៅដល់ដៃទ័ពអ៊ុយក្រែន ភ្លាម។ ទ័ពអ៊ុយក្រែន បានបាញ់ឆេះរថក្រោះ រថពាសដែករបស់រុស្ស៊ី រាប់រយគ្រឿង រហូតទ័ពអ៊ុយក្រែន វាយស្កាត់ការដឹកភស្តុភាររបស់រុស្ស៊ី យ៉ាងសម្បើម ធ្វើឱ្យទ័ពរុស្ស៊ី ស្លាប់យ៉ាងច្រើន រហូតក្រុងមូស្គូ បើកការចរចា ហើយសម្រេចដកទ័ពចេញពីភាគខាងជើងនៃទីក្រុងគៀវ ហើយរត់ទៅដល់តំបន់ដុនបាសភាគខាងកើត។
គិតមកដល់ពេលនេះ សង្គ្រាមមានរយៈពេល ២ឆ្នាំជិត ៧ខែហើយ មហាអំណាចរុស្ស៊ី នៅតែប្រយុទ្ធដណ្ដើមយកទឹកដីតំបន់ដុនបាសភាគខាងកើតប្រទេសអ៊ុយក្រែន មិនទាន់បានឡើយ។
រុស្ស៊ី បាត់បង់ទ័ពមួយថ្ងៃៗមានពី ៨០០នាក់ទៅ ១ពាន់នាក់ក៏មានដែរ ជាមួយនឹងសព្វាវុធធុនធ្ងន់ មានដូចជា រថក្រោះ រថពាសដែក កាំភ្លើងធំ ដែលជាអាវុធសម្រាប់វាយលុក ក៏រុស្ស៊ីបានបាត់បង់ជាង ៤ម៉ឺនគ្រឿង។
ការបាត់បង់អាវុធ និងគ្រាប់កាំភ្លើងធំ គ្រាប់មីស៊ីលដ៏សម្បើមនេះ បាននាំឱ្យប្រទេសមហាអំណាចមួយនេះរត់ទៅរកការជួយពីសម្ព័ន្ធមិត្ត ដូចជាប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ ជាដើម។
បន្ថែមពីការបាត់បង់ទ័ពយ៉ាងសម្បើមនេះហើយ ដែលគេថាការកែនទ័ព ១សែន ៨ម៉ឺននាក់ថ្មីទៀតនេះ គឺជាការជួយបំពេញបន្ថែមទ័ពដែលបានបាត់បង់ ជាជាងអះអាងពីការបង្កើនទ័ពឱ្យឡើងដល់ ១លាន ៥សែននាក់ ដែលការពិត គឺមិនដូច្នេះទេ។ គេថាការធ្វើកំណែនទ័ពរាល់លើក គឺដើម្បីទប់ទល់នឹងការវាយលុករបស់ទ័ពអ៊ុយក្រែន ផង និងមានផែនការចង់វាយយកឱ្យបានតំបន់ដុនបាស នៅត្រឹមឆ្នាំ២០២៤ នេះផង ហើយដែលមើលទៅដូចជាពិបាកសម្រេចបានណាស់៕