ប្រទេសស្រីលង្កា ដែលមានប្រជាជនជាង ២៣លាននាក់ បានជាប់បំណុលចិន និងបរទេសកើនជាង ៥ម៉ឺន ៨ពាន់លានដុល្លារ។
រដ្ឋាភិបាលរបស់ប្រទេសអាស៊ីខាងត្បូងដ៏ក្រីក្រមួយនេះ ធ្លាក់ក្នុងដៃបុគ្គលស្អាតស្អំជាសកម្មជនប្រឆាំងអំពើពុករលួយអយុត្តិធម៌សង្គម ប្រឆាំងអំណាចគ្រួសារនិយម និងការពារផលប្រយោជន៍កម្មករកសិករ គឺលោក Anura Kumara Dissanayaka។
នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា នេះ លោក Kumara Dissanayaka បានស្បថចូលកាន់តំណែងប្រធានាធិបតីទី៩ នៃប្រទេសស្រីលង្កា។ លោក Kumara Dissanayaka មានអាយុ ៥៥ឆ្នាំ បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ដែលពុំមានការផ្ទុះរឿងមិនប្រក្រតីនៃការកែប្រែតួលេខ និងការបន្លំការបោះឆ្នោត។ លោក Kumara Dissanayaka បានឈ្នះលើបេក្ខជន ២រូបទៀត។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្រីលង្កា លោក Kumara Dissanayaka ទទួលសំឡេងឆ្នោតជាង ៤២%។ លោក Sajith Premadasa បេក្ខជននិយមកណ្ដាលទទួលបានជាង ៣៣%។ ចំណែកលោកប្រធានាធិបតី Rail Wickremesinghe បានទទួលសំឡេងឆ្នោតជាង ១៧%។
លោក Kumara Dissanayaka ជាប្រធានបក្ស Janatha Vimukthi Peramuna Party ឬគណបក្សរណសិរ្សរំដោះប្រជាជន ដែលគេថាជាបក្សឆ្វេងនិយម បានទទួលសំឡេងឆ្នោតច្រើនជាងគេ ដោយបានជាង ៥លាន ៦សែន ៣ម៉ឺនសន្លឹក។ បេក្ខជនទី២ Sajith Premadasa ទទួលបានជាង ៤លាន ៣សែន ៦ម៉ឺនសន្លឹក និងលោក Rail Wickremesinghe ប្រធានាធិបតីកំពុងកាន់អំណាច ទទួលបានជាង ២លាន ២សែន ៩ម៉ឺនសន្លឹក។
លោក Kumara Dissanayaka ប្រធានគណបក្សរណសិរ្សរំដោះប្រជាជន តែងតែបានសន្យាថា លោកនិងបក្សរបស់លោក បានកំណត់គោលនយោបាយប្រយុទ្ធប្រឆាំងអ្នកនយោបាយពុករលួយ និងជួយដោះបន្ទុករបស់ប្រជាជនដែលរួមរឹតដោយការបង់ពន្ធ វិបត្តិទំនិញឡើងថ្លៃ និងការសន្យាជម្រុះចោលប្រព័ន្ធដឹកនាំមួយដែលលើកតម្កើងគ្រួសារនយោបាយ ដោយជំនួសមកវិញនូវប្រព័ន្ធដឹកនាំមួយដែលមានភាពស្អាតស្អំ និងសង្គមគ្មានការបែងចែកពណ៌សម្បុរវណ្ណៈឡើយ។
លោក Kumara Dissanayaka ជាប្រធានគណបក្សរណសិរ្សរំដោះប្រជាជន ដែលមាននិន្នាការម៉ាកស៊ីសនិយម។ គណបក្សនេះកើតចេញពីក្រុមឧទ្ទាមដែលបានតស៊ូបះបោរប្រឆាំងរដ្ឋាភិបាលគ្រួសារ ម៉ាហិនដា រហូតកើតចេញជាការប្រយុទ្ធបង្ហូរឈាម បង្កមនុស្សស្លាប់ជាង ៨ម៉ឺននាក់នៅដើមទសវត្សរ៍១៩៧០ និងចុងទសវត្សរ៍១៩៨០។
គណបក្សរណសិរ្សរំដោះប្រជាជន បានបោះបង់ចោលការកាន់អាវុធ ដោយចាប់យកការតស៊ូដោយអហិង្សា និងផ្ដោតលើការជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់គ្រួសារកម្មករកសិករវិញ។
តាមការចុះផ្សាយរបស់សារព័ត៌មាន THE WEEK ជ័យជម្នះរបស់លោក Kumara Dissanayaka លើកនេះ គឺជារឿងដ៏អស្ចារ្យ ព្រោះតែនៅក្នុងការបោះឆ្នោតសភាកន្លងទៅ គណបក្សរបស់លោកបានទទួលសំឡេងមិនដល់ ១០% នោះទេ ប៉ុន្តែនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី បក្សរបស់លោក និងរូបលោក ផ្ដោតខ្លាំងលើការប្រឆាំងនឹងអំពើពុករលួយ ដែលជាឫសកែវនៃការបង្កើតប្រព័ន្ធដឹកនាំរដ្ឋនៃក្រុមគ្រួសារនិយម ដែលរុញសង្គមស្រីលង្កា ពោរពេញរឿងរ៉ាវអយុត្តិធម៌កើតឡើង។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Kumara Dissanayaka មិនត្រឹមសន្យាបង្ក្រាបក្រុមជនពុករលួយ ប៉ុន្តែលោកសន្យាកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់ប្រជាជនទៀតផង។ តែជាមួយគ្នានេះ លោកនឹងបន្ថែមពន្ធលើក្រុមហ៊ុនរបស់អ្នកមានប្រាក់ស្ដុកស្ដម្ភ ដើម្បីបង្កើនចំណូលចូលរដ្ឋ ជាមួយនឹងការសន្យាគ្រប់គ្រងថវិការដ្ឋឱ្យមានតម្លាភាព។
ការងើបឡើងរបស់លោក Kumara Dissanayaka
លោក Kumara Dissanayaka កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៦៨។ លោកកើតក្នុងត្រកូលកម្មករ។ លោកបានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គម។ លោកចាប់ផ្ដើមប្រឡូកក្នុងនយោបាយអំឡុងប្រទេសស្រីលង្កា ធ្លាក់ក្នុងការបះបោរដ៏ធំមួយនៅក្នុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៩។
លោក Kumara Dissanayaka ក៏ធ្លាប់ជាប្រធានសមាគមនិស្សិតសង្គមនិយមដែរ។ គាត់ចាប់ផ្ដើមចូលប្រឡូកនយោបាយនៅឆ្នាំ១៩៩៨។ នៅក្នុងទសវត្សឆ្នាំ២០០០ លោកបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលសភា ក្រុង Colombo ដែលអំឡុងពេលនោះ គាត់ឡើងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរណសិរ្សរំដោះប្រជាជន។
ក្នុងឆ្នាំ២០១៩ លោក Kumara Dissanayaka ដឹកនាំកម្មករ កសិករ និស្សិត ប្រឆាំងការដឹកនាំនៃក្រុមគ្រួសារនិយមនៃត្រកូល ម៉ាហិនដា រ៉ាចាប៉ាសេក។ នៅក្នុងការបះបោរចុងក្រោយមួយទៀតក្នុងឆ្នាំ២០២២ លោកបានដឹកនាំការបះបោរដ៏ធំមួយទៀតដែលឈានដល់ការផ្ដួលអំណាចបានដោយជោគជ័យនៃអំណាចសន្តតិវង្សត្រកូល ម៉ាហិនដា។
ប្រធានាធិបតីស្រីលង្កា លោក Kumara Dissanayaka បានប្រាប់សារព័ត៌មាន THE WEEK ថា ប្រជាជនស្រីលង្កា នៅពេលនេះ សម្រេចជោគជ័យបានហើយនូវការទាត់ចោលប្រព័ន្ធពុករលួយ គ្រួសារនិយម ដែលមានអាយុកាលច្រើនទសវត្សមកហើយនៅស្រីលង្កា៕