លោក ហ៊ុន សែន បញ្ជាឱ្យលោក ឃ្លាំង ហួត តាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ក្នុងប្រទេសថៃ យកទៅកម្ពុជាវិញទោះស្លាប់ ឬរស់ក៏ដោយ។
អតីតទាហានខ្មែរក្រហមរូបនេះ បានបញ្ជាឱ្យអភិបាលរងក្រុងភ្នំពេញ លោក ឃ្លាំង ហួត តាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ យកទៅកម្ពុជាវិញជាដាច់ខាត ទោះត្រូវស្លាប់ ឬរស់ក៏ដោយ។
សារសំឡេងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេទម្លាយក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាមនៅថ្ងៃទី២៤ កញ្ញា នេះ ដោយបញ្ជាឱ្យកម្លាំងសមត្ថកិច្ចដែលមានទំនាក់ទំនងជាមួយអាជ្ញាធរថៃ តាមបំបាត់ចោលក្រុមប្រឆាំងដែលកំពុងជ្រកកោនក្នុងប្រទេសថៃ សព្វថ្ងៃនេះ ជាពិសេសគឺបុគ្គលឈ្មោះ ផន ផាន់ណា ដែលត្រូវតែចាប់ខ្លួនឱ្យបានដាច់ខាតនៅពេលនេះ។
លោក ហ៊ុន សែន ចេញបញ្ជាឱ្យកម្លាំងសម្ងាត់របស់ខ្លួនផ្តល់ព័ត៌មានឱ្យកម្លាំងចំហ ដើម្បីតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីទប់ស្កាត់កុំឱ្យសកម្មជនបក្សប្រឆាំងរូបនេះអាចចាកចេញទៅរស់នៅប្រទេសទី៣ បាន ទោះបីមានការរារាំងពីឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងប្រទេសថៃ ក៏ដោយ។
ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះបញ្ជាក់ថា ក្រុមអាវក្រហមដែលជាចលនាគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងមានការសហការល្អជាមួយក្រុមស៊ើបការណ៍របស់លោកក្នុងប្រទេសថៃ នាពេលនេះ ដូច្នេះកម្លាំងដែលត្រូវចាប់ខ្លួនលោក ផន ផាន់ណា ត្រូវធ្វើការដាច់ដោយឡែកពីអាជ្ញាធរថៃ ដើម្បីបញ្ជូនសកម្មជនបក្សប្រឆាំងរូបនេះទៅប្រទេសកម្ពុជាវិញឱ្យបាន ព្រោះសកម្មភាពរបស់លោក ផន ផាន់ណា ជាទង្វើមិនអាចលើកលែងឱ្យបានឡើយ។
សកម្មជនបក្សប្រឆាំងលោក ផន ផាន់ណា តែងបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក រិះគន់និងនិយាយបញ្ឆិតបញ្ឆៀងឱ្យលោក ហ៊ុន សែន ជាបន្តបន្ទាប់ ជាពិសេសទាក់ទងនឹងការប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍នៅពេលនេះ ជាដើម។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ មុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ លោក ផន ផាន់ណា ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនម្តងរួចមកហើយជាមួយសកម្មជនបក្សប្រឆាំង ២នាក់ផ្សេងទៀត គឺលោក គង់ រ៉ៃយ៉ា និងលោក លឹម សុខា ដោយចោទប្រកាន់ពីបទស្នាក់នៅប្រទេសថៃ ដោយខុសច្បាប់។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលាតត្រដាងថា Swap Mart ឬផ្សារជួញដូរក្នុងប្រទេសថៃ កំពុងត្រូវបានកំណត់ជាទីតាំងគោលដៅក្នុងការដោះដូរជនភៀសខ្លួន ឬអ្នកដែលស្វែងរកសិទ្ធិជ្រកកោននយោបាយពីប្រទេសជិតខាង ដូចជាមកពីប្រទេសកម្ពុជា ជាដើម។
របាយការណ៍ដដែលបញ្ជាក់ថា អ្នករិះគន់រដ្ឋាភិបាលកម្ពុជាដែលគេចខ្លួនទៅរស់នៅប្រទេសថៃ និងអ្នករិះគន់រដ្ឋាភិបាលថៃ ហើយរត់គេចខ្លួនទៅរស់នៅប្រទេសកម្ពុជា ជាដើម នឹងត្រូវបានដោះដូររវាងអាជ្ញាធរនៃប្រទេសទាំងពីរ។
“Swap mart” ឬផ្សារជួញដូរ ត្រូវបានបង្កើតឡើងក្រោមរដ្ឋាភិបាលយោធានៃក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់របស់ប្រទេសថៃ ក្រោយថ្ងៃរដ្ឋប្រហារកាលពីអំឡុងខែឧសភា ឆ្នាំ២០១៤ និងបានបន្តប្រើប្រាស់ក្រោមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចារ ចាប់ពីឆ្នាំ២០១៩ មក។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក ស៊ឹង សែនករុណា បញ្ជាក់ថា ទឹកដីថៃ មិនមែនជាកន្លែងសុវត្ថិភាពសម្រាប់ជនភៀសខ្លួនសម្រាប់ពលរដ្ឋខ្មែរទៀតទេ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ផន ផាន់ណា បាននៅឡើយទេពាក់ព័ន្ធនឹងការគំរាមតាមចាំខ្លួនលោកពីសំណាក់លោក ហ៊ុន សែន នៅពេលនេះ៕