ក្រុមអ្នកតស៊ូមតិកម្ពុជា ចាត់ទុកការចោទប្រកាន់ និងឃុំខ្លួនអ្នកសម្ដែងមតិប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ ពីបទរួមគំនិតក្បត់ គឺជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តជាប្រព័ន្ធដោយគណបក្សប្រជាជនកម្ពុជា។
ក្រុមអ្នកតស៊ូមតិកម្ពុជាដែលហៅកាត់ថា CAT បានចេញសេចក្តីវិភាគជុំវិញវិធានការចាប់ខ្លួនអ្នកសម្ដែងមតិប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណពីសំណាក់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ កញ្ញា នេះថា ការចាប់ឃុំខ្លួនអ្នកមានមតិផ្ទុយពីសំណាក់អាជ្ញាធរកម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងមានការចង្អុលបង្ហាញពីលោក ហ៊ុន សែន គឺជាទង្វើផ្ទុយនឹងនីតិវិធីក្រមព្រហ្មទណ្ឌ ហើយក៏ជាទង្វើផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរដែរ។
ប្រភពដដែលលើកឡើងថា ទាំងមតិផ្ទុយ និងមតិស្រប គឺសុទ្ធតែជាមតិដែលស្របច្បាប់ដូចគ្នាទាំងអស់ ព្រោះមិនមានច្បាប់បញ្ញត្តិណាមួយចែងថា មតិផ្ទុយគឺជាមតិខុសច្បាប់នោះទេ ដូច្នេះការចោទប្រកាន់លើអ្នកដែលសម្ដែងមតិផ្ទុយពីបទ រួមគំនិតក្បត់ ជាបទល្មើសផ្ទុយនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា៤១ ដែលចែងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងស្រុង។
ក្រុមអ្នកតស៊ូមតិកម្ពុជា អះអាងថា បទបញ្ញត្តិដែលចែងពីបទល្មើសរួមគំនិតក្បត់ ហើយកំពុងអនុវត្តយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ បានក្លាយជាគ្រោះថ្នាក់សម្រាប់ការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងស្រួចស្រាល់ ហើយក៏ជាបទបញ្ញត្តិក្តិចត្រួយលទ្ធិប្រជាធិបតេយ្យពីសំណាក់គណបក្សប្រជាជនកម្ពុជា និងអ្នកកាន់អំណាចសព្វថ្ងៃនេះដែរ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មក មនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន និងជាង ៦០នាក់ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការរិះគន់កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម។
ជុំវិញបញ្ហានេះ កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន គំរាមថា សម្រាប់អ្នករស់នៅក្នុងស្រុកដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ គឺត្រូវតែចាប់ដាក់គុកទាំងអស់។
របាយការណ៍ស្ដីពីនីតិរដ្ឋ ឆ្នាំ២០២៣ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានដាក់ចំណាត់ថ្នាក់លេខ១៤១ ក្នុងចំណោមប្រទេស១៤២ ដល់កម្ពុជា ដោយសារតែគេរកឃើញពីការដឹកនាំគ្មានតម្លាភាព ការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម៕