30 C
Phnom Penh

នៅ​មហាសន្និបាត អ.ស.ប.៖ រុស្ស៊ី​ទាមទារ​យុត្តិធម៌​នៅ​ចំពោះ​មុខ​កងទ័ព​អ៊ុយក្រែន វាយលុក​ចូល​ខាង​ក្នុង​ទឹកដី​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov និយាយ​ថា អង្គការ​សហប្រជាជាតិ​ធ្វើ​ជា​មើល​មិន​ឃើញ​ចំពោះ​អំពើ​ហួសហេតុ​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​អ៊ុយក្រែន ក្នុង​ការ​វាយលុក​របស់​ពួកគេ​ចូល​តំបន់ Kursk ក្នុង​ដែនដី​រុស្ស៊ី។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន TASS លោក Lavrov បាន​ហៅ​អ៊ុយក្រែន ថា​ជា​ក្រុម​ភេរវករ ដែល​កំពុង​ប្រើប្រាស់​អាវុធ​របស់​លោក​ខាងលិច​ប្រព្រឹត្ត​សកម្មភាព​ហួសហេតុ​នៅ​ក្នុង​តំបន់ Kursk។

លោក​ប្រមុខ​ការទូត​រុស្ស៊ី ថ្លែង​បញ្ជាក់​ថា តំបន់ Kursk មាន​ការ​បំផ្ទុះ​គ្រាប់​ជា​រៀង​រាល់​ថ្ងៃ ការ​ទម្លាក់​គ្រាប់បែក​លើ​ស្ថាប័ន​សង្គម ហើយ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត ត្រូវ​រក​កន្លែង​គេច​ខ្លួន ដែល​មិន​បាន​ឮ​អ្វី​ទេ​ពី​អ្នក​តំណាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ រួម​ទាំង​លោក​អគ្គលេខាធិការ Antonio Guterres ដែល​តែងតែ​ទាមទារ​យុត្តិធម៌​សម្រាប់​អ៊ុយក្រែន។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​មូស្គូ កាលពី​ថ្ងៃទី​២៤ កញ្ញា អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ប្រតិកម្ម​នឹង​មតិ​លើកឡើង​របស់​លោក ហ្សេឡេនស្គី។

លោក Dmitry Peskov ថ្លែង​បក​វិញ​ថា ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នឹង​បញ្ចប់​ទៅ​បាន លុះត្រា​ទីក្រុង​មូស្គូ សម្រេច​បាន​នូវ​គោលបំណង​ទាំងអស់​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន ប៉ុន្តែ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា រាល់​សង្គ្រាម​ណា​មួយ មិន​ថា​ផ្លូវ​ណា​មួយ​ក៏​អាច​បញ្ចប់​បាន​ដែរ​តាមរយៈ​ការ​ផ្ដល់​សន្តិភាព។

លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ដែល​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២៤ កញ្ញា លោក​បាន​លើកឡើង​ថា ពិភពលោក​ត្រូវ​រួម​គ្នា​ធ្វើ​ចលនា​គាបសង្កត់​បង្ខំ​រុស្ស៊ី ផ្ដល់​មក​ឱ្យ​អ៊ុយក្រែន នូវ​សន្តិភាព ហើយ​បិទ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​របស់​ប្រទេស​ជិតខាង​មួយ​នេះ។

ប្រតិកម្ម​របស់​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ក៏​ធ្វើឡើង​បន្ទាប់ពី​លោក ហ្សេឡេនស្គី បាន​ប្រាប់​បណ្ដាញ​ទូរទស្សន៍ ABC ថា អ្វី​ដែល​គេ​ហៅថា​ផែនការ​ជ័យជម្នះ​របស់​អ៊ុយក្រែន ដែល​កំពុង​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាមេរិក គឺ​មិន​មែន​និយាយ​អំពី​ការ​ចរចា​ជាមួយ​រុស្ស៊ី បញ្ចប់​សង្គ្រាម​នោះ​ទេ ដែល​ការពិត វា​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​មាន​គោលដៅ​ពង្រឹង​អ៊ុយក្រែន កងទ័ព​អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន​ឱ្យ​យល់​ឃើញ​ថា​មាន​តែ​នៅ​ក្នុង​ជំហរ​រឹងមាំ​ទេ​ដែល​អ៊ុយក្រែន អាច​ជំរុញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឱ្យ​បញ្ឈប់​សង្គ្រាម​ដោយ​ឯកឯង និង​តាម​វិធី​ការទូត។

នៅ​ខណៈ​ដែល​កងទ័ព​អ៊ុយក្រែន កំពុង​វាយលុក​ចូល​តំបន់ Kursk របស់​រុស្ស៊ី តាំងពី​ថ្ងៃទី​៦ ខែ​សីហា ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន អះអាង​ថា កងទ័ព​របស់​ខ្លួន​បាន​ចាប់​យក​ទីតាំង​ជាង ១៣០​កន្លែង​លើ​ទំហំ​ផ្ទៃដី​ជាង ១៣០០​គីឡូម៉ែត្រ​ក្រឡា។ តែ​ជាមួយ​គ្នា​នេះ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន កងទ័ព​រុស្ស៊ី កំពុង​បង្កើន​ការ​វាយលុក​ដោយ​វាយ​ចាប់​យក​ភូមិ​ជាច្រើន​ពី​កងទ័ព​អ៊ុយក្រែន។

យ៉ាងណា ទីក្រុង​គៀវ និយាយ​ថា ខ្លួន​កំពុង​វាយ​ការពារ​ខ្លួន​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ​ជាតិ​អ៊ុយក្រែន ហើយ​ថា​សង្គ្រាម​ដែល​កងកម្លាំង​អ៊ុយក្រែន បាន​វាយលុក​ចូល​តំបន់ Kursk របស់​រុស្ស៊ី អាច​ជា​តម្លៃ​ការទូត និង​កម្រិត​នៃ​ការ​វាយបក​ក្នុង​គោលដៅ​រុញ​ឱ្យ​អ៊ុយក្រែន ទៅ​កាន់​តុ​ចរចា។

ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​មាន​គណៈប្រតិភូ ១៩៣​ប្រទេស​ចូលរួម លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​ទទូច​សុំ​ឱ្យ​ពិភពលោក​រួម​គ្នា​នៅ​ពីក្រោយ​អ៊ុយក្រែន គឺ​ធ្វើ​យ៉ាងណា​ជួយ​អ៊ុយក្រែន ទទួល​បាន​សន្តិភាព​នៅ​ចំពោះ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន។

លោក បៃដិន តែងតែ​បញ្ជាក់​ថា ចំពោះ​រដ្ឋការ​របស់​លោក មិន​អនុញ្ញាត​ឱ្យ​រុស្ស៊ី ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន ដាច់ខាត ដែល​លោក​ថា​ប្រសិនបើ​អ៊ុយក្រែន ចាញ់​សង្គ្រាម​របស់​រុស្ស៊ី គឺជា​ការ​បាត់​របាំង​ការពារ​សន្តិសុខ​សម្រាប់​អឺរ៉ុប​ទាំងមូល។

សម្រាប់​លោក បៃដិន ដែល​នឹង​ចាកចេញ​ពី​សេតវិមាន​នៅ​មិន​ដល់ ៤​ខែ​ទៀត​នោះ​ទេ លោក​បាន​ថ្លែង​អរគុណ​ចំពោះ​សម្ព័ន្ធមិត្ត​អាមេរិក ជាពិសេស​នៅ​ក្នុង​ក្រុម​យោធា​ណាតូ ដែល​នៅ​បន្ត​ជួយ​គាំទ្រ​អ៊ុយក្រែន។

តែ​ផ្ទុយទៅវិញ បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៃ​បក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវតែ​ងើប​ខ្លួន​ចេញពី​សង្គ្រាម​នៅ​អ៊ុយក្រែន ខណៈ​លោក​បាន​អះអាង​ថា ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​អនុប្រធានាធិបតី អ្នកស្រី កាម៉ាឡា ហារីស មិន​មាន​បំណង​ធ្វើ​បែប​នេះ​ទេ។

លោក ត្រាំ បាន​លើកឡើង​ថា លោក បៃដិន និង​អ្នកស្រី ហារីស បាន​នាំ​អាមេរិក​ឱ្យ​ជាប់​ផុង​ក្នុង​សង្គ្រាម​អ៊ុយក្រែន ហើយ​ឥឡូវ​ពួកគេ​បែរ​ជា​មិន​អាច​នាំ​អាមេរិក​ងើប​ចេញ​វិញ​បាន​ឡើយ។ លោក ត្រាំ ព្រមាន​ថា សហរដ្ឋ​អាមេរិក​មុខ​ជា​នឹង​នៅ​បន្ត​ជាប់​ផុង​ក្នុង​សង្គ្រាម​នោះ ដែល​លុះត្រាតែ​លោក​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។

តែ​បែប​នេះ​ក្ដី លោក បៃដិន និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ដើរ​ចេញ​ឡើយ​រហូត​ទាល់តែ​ខាង​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក​ជា​អ្នក​ឈ្នះ។ លោក បៃដិន ចោទ​សួរ​វិញ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិនបើ​រុស្ស៊ី និង​សម្ព័ន្ធ​លោក ពូទីន ជា​អ្នក​ឈ្នះ​វិញ​នោះ។

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​ផ្ទុះឡើង​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ ហើយ​មក​ទល់​ពេលនេះ នៅតែ​មិន​ទាន់​មាន​សញ្ញា​ថា​វា​នឹង​អាច​បិទ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។ សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន ចង់​បិទ​បញ្ចប់​ជាមួយ​នឹង​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស