30 C
Phnom Penh

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ពិនិត្យ​ករណី​មន្ត្រី​គយ​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់ ៤​នាក់​ជាប់​ពន្ធនាគារ​តែ​៥​ឆ្នាំ​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​លោក កើត រិទ្ធ ធ្វើ​អធិបញ្ជា​ទៅ​អគ្គព្រះរាជអាជ្ញា ដើម្បី​ប្តឹង​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍ ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​មន្ត្រី​គយ​ដែល​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់ ៤​នាក់​ជាប់​ពន្ធនាគារ​តែ ៥​ឆ្នាំ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ប្រើ​អំណាច​របស់​ខ្លួន​តាម​ច្បាប់​ឱ្យ​គោលការណ៍​ទៅ​អគ្គព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍ ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ឱ្យ​ពិនិត្យ​មើល​ឡើងវិញ​ការ​ផ្ដន្ទាទោស​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ ហើយ​ជាប់​ពន្ធនាគារ​តែ ៥​ឆ្នាំ​នោះ ថា​ធ្ងន់​គ្រប់គ្រាន់​ហើយ​ឬ​នៅ។

លោក​ថា ប្រសិនបើ​ច្បាប់​ចែង​ទោស​អស់​ធ្ងន់​ត្រឹម ៥​ឆ្នាំ​ហើយ​នោះ លោក​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ត្រូវ​រៀបចំ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ និង​ក្រមរដ្ឋប្បវេណី ដើម្បី​បង្កើន​ទម្ងន់​ទោស​ទៅ​ថ្ងៃ​ក្រោយ​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​គ្រឿងស្រវឹង និង​ក៏​ជា​គំរូ​ទៅ​ដល់​អ្នក​បើកបរ​ស្រវឹង​ផ្សេង​ទៀត។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក នាង សំអូន ដែល​ជា​មន្ត្រី​គយ​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច ឱ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ករណី​បើកបរ​ទាំង​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៤​នាក់ និង ៤​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤។

ការ​ផ្ដន្ទាទោស​នេះ ត្រូវ​សាធារណជន​រិះគន់ និង​ចាត់ទុក​ការ​សម្រេច​សេចក្ដី​របស់​តុលាការ ថា​ធ្វើ​ឡើង​ក្រោម​អំណាច​បុណ្យ​ស័ក្តិ និង​ទឹក​លុយ។ ពួកគេ​ថា​ជនរងគ្រោះ​ពិបាក​ទទួល​បាន​យុត្តិធម៌​ណាស់ បើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ជា​កូន​មន្ត្រី​អ្នក​មាន​អំណាច និង​មាន​លុយ។

ជាក់ស្ដែង ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​បង្ក​ដោយ​កូនប្រុស​មេធាវី ព្រហ្ម វិចិត្រ ​សុភា គឺ​ឈ្មោះ ព្រហ្ម វិចិត្រ សុសក្ដា។ បុគ្គល​រូប​នេះ​បើក​រថយន្ត​ម៉ាក Jeep ពណ៌​ខ្មៅ បុក​កីឡាករ​វាយ​សី​ឈ្មោះ សៀង គឹមហុង បណ្ដាល​ឱ្យ​ស្លាប់ ហើយ​រត់​គេច​ខ្លួន ប៉ុន្តែ​ក្រោយពី​មាន​បញ្ជា​ពី​លោក ហ៊ុន ម៉ាណែត ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​បង្ក ទើប​ឈ្មោះ ព្រហ្ម វិចិត្រ សុសក្ដា ចូល​សារភាព​កំហុស។

ក្រៅពី​ករណី​ខាងលើ​នេះ ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​ទៀត​ដែល​បង្ក​ដោយ​កូន​មន្ត្រី​ធំៗ និង​អ្នក​មាន​អំណាច​បុក​មនុស្ស​ស្លាប់ ហើយ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ ដូចជា អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន បើក​រថយន្ត​ទំនើប​បុក​ពលរដ្ឋ ២​នាក់​ស្លាប់។

ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​បង្​កឡើង​ដោយ​រថយន្ត Hammer បាន​បុក​មនុស្ស​ស្លាប់ ២​នាក់​ភ្លាមៗ ក្នុង​នោះ​ដោយ​ម្តាយ​អាយុ ២០​ឆ្នាំ និង​កូន​អាយុ ២​ឆ្នាំ ហើយ​ចំណែក​ប្តី​រង​របួស​ធ្ងន់ ខណៈ​ម្ចាស់​រថយន្ត​បាន​បើក​រត់​គេច ហើយ​ក្រោយ​មក​ម្ចាស់​រថយន្ត​បាន​ចូល​ខ្លួន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​វិញ។

ពលរដ្ឋ​លើកឡើង​លើ​បណ្ដាញ​សង្គម​ថា យុត្តិធម៌ និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​ស្ថិត​នៅ​លើ​មាត់​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បញ្ជា​ផ្ទុយ​ពី​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​អូស្ត្រាលី ដែល​ថ្មីៗ​នេះ តុលាការ​អូស្ត្រាលី បាន​កាត់ទោស​ឱ្យ​កូនប្រុស​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ឌឿន សុវណ្ណ គឺ​លោក ឌឿន ឧត្ដម ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ស្លាប់​ភ្លាមៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស