30 C
Phnom Penh

ជប៉ុន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ដែល​សន្យា​ពង្រឹង​មិត្តភាព​កាន់តែ​រឹងមាំ​ជាមួយ​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Shigeru Ishiba ត្រូវ​បាន​ប្រកាស​ថា​ជា​បេក្ខជន​ដែល​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៃ​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​ជប៉ុន។

តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ជា​បក្ស​កំពុង​កាន់​អំណាច បេក្ខជន​ណា​ដែល​ទទួល​បាន​ការ​គាំទ្រ​ចេញពី​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស គឺ​បេក្ខជន​នោះ​ជា​អ្នក​ឈ្នះ ហើយ​ឡើង​ជា​ប្រធាន​បក្ស​ជាមួយ​ការ​ទទួល​យក​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន របស់​បក្ស​ផង​ដែរ។

ការណ៍​ដែល​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី ធ្វើឡើង​បន្ទាប់ពី​លោក Fumio Kishida បាន​ប្រកាស​កាលពី​ខែ​សីហា កន្លង​ទៅ​ថា លោក​សម្រេច​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី។

ដោយសារតែ​លោក Kishida លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​នេះ​ហើយ បាន​នាំ​ឱ្យ​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី LDP ក៏​នៅ​ទំនេរ ព្រោះ​ប្រធាន​បក្ស​ក៏​ត្រូវ​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ដែរ។

ចំពោះ​លោក Kishida ដែល​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី គឺ​ក្រោយពី​មាន​រឿង​អាស្រូវ​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​សេរី​ធ្លាក់​ចុះ​ប្រជាប្រិយភាព ហើយ​អ្នក​គាំទ្រ​បក្ស​កាន់តែ​អស់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី និង​បក្ស LDP។

បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Nikkei Asia នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​កញ្ញា នេះ ការ​បោះឆ្នោត​ដែល​ចេញពី​មន្ត្រី​ជាន់ខ្ពស់​មាន ៧៣៦​រូប ឬ​សំឡេង ប្រព្រឹត្ត​ទៅ​ថ្ងៃ​សុក្រ ទី​២៧ កញ្ញា នេះ។

ក្នុង​ការ​បោះឆ្នោត​ជម្រុះ​នៅ​ជុំ​ទី​១ មាន​បេក្ខជន ៩​រូប តែ​បេក្ខជន ២​រូប​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ គឺ​អ្នកស្រី Sanae Takaichi ទទួល​បាន ១៨១​សំឡេង ហើយ​លោក Shigeru Ishiba ទទួល​បាន ១៥៤​សំឡេង។

តាម​លទ្ធផល​នេះ គឺ​តម្រូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ជុំ​ទី​២ ប៉ុន្តែ​អ្នក​បោះឆ្នោត​មាន​តែ ៤១៥​រូប ឬ​សំឡេង ដែល​ជា​សមាជិក​សភា​របស់​បក្ស​ប្រជាធិបតេយ្យ​សេរី មកពី​តាម​តំបន់​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​ជប៉ុន តែ​ពួកគេ​ក៏​ក្នុង​ចំណោម ៧៣៦​សំឡេង​កាលពី​បោះឆ្នោត​នៅ​ជុំ​ទី​មួយ​ដែរ។ តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​បក្ស បេក្ខជន​ណា​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ គឺជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២ នេះ។

ទីបំផុត ជ័យជម្នះ​បាន​ទៅ​លើ​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ គឺ​លោក Shigeru Ishiba ដែល​បាន ២១៥​សំឡេង ហើយ​អ្នកស្រី Sanae Takaichi បាន ១៩៤​សំឡេង។ អ្នកស្រី Takaichi អាយុ ៦៣​ឆ្នាំ ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន។

តែ​យ៉ាងណា លោក Shigeru Ishiba ដែល​មាន​អាយុ ៦៧​ឆ្នាំ បាន​ចូល​ខ្លួន​ប្រកួតប្រជែង​យក​តំណែង​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ជា​លើក​ទី​៥ ហើយ។

ប្រទេស​ជប៉ុន នឹង​ធ្វើ​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី នៅ​ខែ​តុលា ឆ្នាំ​២០២៥។ ជប៉ុន ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដ៏​ខ្លាំង​នៅ​អាស៊ី​ខាងកើត។ ប្រទេស​នេះ​មាន​ការ​ផ្លាស់ប្ដូរ​តំណែង​អ្នក​កាន់​ចង្កូត​ប្រទេស​ជា​ញឹកញាប់​បំផុត ដោយ​ការ​ដោះដូរ​តាមរយៈ​ការ​បោះឆ្នោត​ចេញពី​ប្រជាជន និង​ការ​ដោះដូរ ឬ​ទម្លាក់​ពី​តំណែង​ចេញពី​បក្ស។

ជីវប្រវត្តិ​សង្ខេប​របស់​លោក Ishiba

លោក Shigeru Ishiba កើត​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​១៩៥៧។ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ជប៉ុន​លើកដំបូង​នៅ​ឆ្នាំ​១៩៨៦ ហើយ​ធ្លាប់​បាន​កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​មួយ​ចំនួន​របស់​សភា​ដល់​ឆ្នាំ​១៩៩៨។

ក្នុង​ឆ្នាំ​២០០៧ លោក​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ហើយ​នៅ​ឆ្នាំ​២០០៨ បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​កសិកម្ម។ លោក Ishiba បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការងារ​ជំរុញ​សេដ្ឋកិច្ច​នៅ​តាម​តំបន់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦។ លោក​បាន​ឡើង​ជា​អគ្គលេខាធិការ​បក្ស​តាំងពី​ឆ្នាំ​២០១២។

តែ​អ្នក​សង្កេតការណ៍​បាន​កត់ត្រា​លើ​ការ​ប្រកាន់​ជំហរ​របស់​លោក Ishiba ដែល​លោក​បាន​ថ្លែង​ចាប់អារម្មណ៍​នៅ​ក្រោយ​ពី​លោក​ជា​អ្នក​ឈ្នះ​ក្នុង​តំណែង​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​ផង និង​តំណែង​នាយករដ្ឋមន្ត្រី​របស់​បក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក Ishiba បាន​សច្ចា​ពង្រឹង​វិស័យ​កងទ័ព​របស់​ប្រទេស​ជប៉ុន ក្នុង​បុព្វហេតុ​ការពារ​ជាតិ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន និង​ប្រទេស​កូរ៉េខាងជើង។ លោក​ក៏​បាន​បញ្ជាក់​ពី​ការ​ជំរុញ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​នូវ​ទំនាក់ទំនង​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក និង​ពិភពលោក​ជាមួយ​នឹង​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋ​អាមេរិក និង​អង្គការ​យោធា​ណាតូ (NATO)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស