31 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថា​ករណី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់ តែ​អ្នកវិភាគ​មិន​ជឿ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ដែល​មាន​លក្ខណៈ​ច្របូកច្របល់​ជុំវិញ​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺជា​សម្ដី​កូនក្មេង​ដែល​មិន​ទាន់​យល់​ពី​ល្បិច​កិច្ចកល​លោក ហ៊ុន សែន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត លើកឡើង​ផ្ទុយ​គ្នា​ពី​លោក ហ៊ុន សែន ដែល​ថា​ការ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV គ្មាន​អ្នក​ឈ្នះ ឬ​អ្នក​ចាញ់ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន ម៉ាណែត ក៏​មិន​ទាន់​យល់ដឹង​ស៊ីជម្រៅ​អំពី​ល្បិច​នយោបាយ​លោក ហ៊ុន សែន ក្នុង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ទោះ​ជា​លោក ហ៊ុន ម៉ាណែត មិន​យល់​ស៊ីជម្រៅ​អំពី​រឿង​នេះ ហើយ​ប្រឹង​និយាយ​ទាំង​ច្របូកច្របល់​បែប​ហ្នឹង​ក៏ដោយ ក៏​គ្រាន់តែ​ដើម្បី​ការពារ​ទង្វើ​ឪពុក​របស់​គាត់​ដែរ ប៉ុន្តែ​គាត់​កំពុង​ព្យាយាម​ការពារ​ឪពុក​ទាំង​ងងឹតងងល់ ទោះ​ជា​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធំ​ចំពោះ​ប្រទេស​ជាតិ​ក្នុង​រឿង​នេះ​ហើយ​ក៏ដោយ។

លោក​ថា ឧទាហរណ៍​ជាក់ស្តែង​ពេល​លោក ហ៊ុន សែន ប្រកាស​ដាក់​ខេត្ត​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ ក៏​លោក ហ៊ុន ម៉ាណែត ប្រកាស​គាំទ្រ ប៉ុន្តែ​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ដក​ខេត្ត​ទាំងនោះ​ចេញពី​តំបន់​ត្រីកោណ​មក​វិញ ក៏​លោក ហ៊ុន ម៉ាណែត ប្រកាស​គាំទ្រ​ដដែល​ដែរ ដូច្នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា នាយករដ្ឋមន្ត្រី​ខ្មែរ​ថ្មី និង​ក្មេងខ្ចី​ម្នាក់​នេះ​មិន​ដឹង​អ្វី​ទាំងអស់​ចំពោះ​ការ​កិច្ចការ​ដឹកនាំ​ប្រទេស​ជាតិ និង​មុខនាទី​របស់​ខ្លួន។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ជុំវិញ​បញ្ហា​នេះ ព្រោះ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ ដូចជា​ការ​ដាក់​សំណើ​ឱ្យ​រដ្ឋសភា​ធ្វើ​មោឃភាព​លើ​ច្បាប់​ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ការ​ប្រកាស​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​វៀតណាម និង​ការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ ជាដើម។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​បញ្ចប់​កិច្ចសហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺ​ប្រៀប​បាន​នឹង​ការ​ដក​ដាវ និង​ដក​គ្រាប់កាំភ្លើង​ពី​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​យក​បញ្ហា CLV-DTA នេះ​មក​ចាក់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​បារម្ភ​អំពី​បញ្ហា​បាត់បង់​ទឹកដី។

យ៉ាងណា​ក៏ដោយ ក្នុង​ពិធី​ដដែល​នេះ លោក ហ៊ុន ម៉ាណែត បែរ​ជា​លើកឡើង​ថា ការ​បញ្ចប់​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ត្រីកោណ CLV នេះ គ្មាន​អ្នក​ឈ្នះ ឬ​អ្នក​ចាញ់​ឡើយ គឺ​ជាតិ​ខ្មែរ​ជា​អ្នក​ឈ្នះ​ប៉ុណ្ណោះ ខណៈ​រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​ថា​ត្រូវតែ​បង្កើន​ម្ចាស់ការ​លើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​ទាំង​៤ នេះ​ដោយ​ខ្លួនឯង ទោះ​ជា​គ្មាន​គម្រោង CLV នេះ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ប្រកាស​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ គឺ​ដើម្បី​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុល​និយម កុំ​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់​គម្រោង CLV-DTA នេះ បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត។

ទោះជា​បែប​នេះ​ក្តី អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត បាន​លើកឡើង​ថា ការ​ទទួលស្គាល់​របស់​លោក ហ៊ុន សែន ចំពោះ​អំណាច​សំឡេង​ពលរដ្ឋ​ដោយ​សុខចិត្ត​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ មិនមែន​ជា​ការ​ដក​អាវុធ​ពី​ដៃ​ពលរដ្ឋ​អ្នក​តវ៉ា​ទេ។

លោក មួង ណារ៉េត បញ្ជាក់​ថា ផ្ទុយទៅវិញ វា​គឺ​ជា​ការ​បំពាក់​អាវុធ​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រឹតតែ​ធ្វើ​ឲ្យ​សំឡេង​ពលរដ្ឋ​តវ៉ា​ប្រឆាំង​ភាព​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល កាន់តែ​កើន​ឡើង​សន្ធឹកសន្ធាប់ និង​ស្វាហាប់​ថែម​ទៀត​ទៅវិញ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស