29 C
Phnom Penh

សមាគម​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីស្នាក់ការ​វិញ បន្ទាប់ពី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សម្រេច​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​របស់​ខ្លួន បន្ទាប់ពី​សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ក្រុម​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ នេះ នៅ​ទីស្នាក់ការ​របស់​ខ្លួន​វិញ ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨.៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង ១១.៣០​ថ្ងៃ​ត្រង់។

កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ធ្វើ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​ដែល​ជ្រើសរើស​យក​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ជួបជុំ​អ្នក​ចូលរួម​ប្រមាណ ១៥០​នាក់ ព្រមទាំង​គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ត្រឡប់​ទៅ​កាន់​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី វិញ​ថា ទីលាន​ប្រជាធិបតេយ្យ​ជា​ទីតាំង​សម្រាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឬ​បញ្ចេញ​មតិ​សាធារណៈ​ប៉ុណ្ណោះ។

សាលាក្រុង​ភ្នំពេញ បញ្ជាក់​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អាច​ប្រារព្ធ​ពិធី​នេះ​នៅ​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីតាំង​ឯកជន​ណា​មួយ​ក៏​បាន ដែល​ម្ចាស់​ទីតាំង​បាន​យល់ព្រម។

ទិវា​គ្រូបង្រៀន​ពិភពលោក ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​៥ ខែ​តុលា ដើម្បី​បំផុស​រាល់​គ្រឹះស្ថាន​អប់រំ​ទូទាំង​ប្រទេស និង​ការ​រំឭក​ពី​គុណបំណាច់​របស់​គ្រូបង្រៀន។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វិស័យ​អប់រំ​នៅ​កម្ពុជា​មិន​អាច​ធ្វើ​កំណែ​ទម្រង់​ឆ្ពោះ​ទៅ​រក​ឧត្តមភាព​បាន​ទេ បើ​គ្រឹះស្ថាន​អប់រំ​នានា​ក្នុង​វិស័យ​មួយ​នេះ​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ក្រោម​របៀបវារៈ​នយោបាយ ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និង​សែស្រឡាយ​បក្ខពួក​ដូច​សព្វថ្ងៃ​នេះ។

ជាក់ស្តែង សព្វថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​អង្គភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) Union of Youth Federations of Cambodia ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានី នៅ​តាម​គ្រប់​គ្រឹះស្ថាន​អប់រំ​ទូទាំង​ប្រទេស ខណៈ​គ្រូបង្រៀន សិស្ស​និស្សិត​មួយ​ចំនួន ក៏​បាន​ចូល​ជា​សមាជិក​អង្គភាព​មួយ​នេះ​ដែរ។

អាណាព្យាបាល​ជាច្រើន​បាន​ត្អូញត្អែរ​ថា គ្រូៗ ឬ​សិស្ស​និស្សិត​ទាំងឡាយ​ណា​ដែល​ចូល​ជា​សមាជិក​អង្គភាព​មួយ​នេះ មាន​សិទ្ធិ​អំណាច និង​ឥទ្ធិពល​ជាង​គ្រូៗ និង​សិស្ស​និស្សិត​ដែល​មិន​មែន​ជា​សមាជិក​អង្គភាព​នេះ ហើយ​ពួកគេ​ក៏​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​សាលា​ដោយ​ងាយ​ដែរ ដូចជា ការ​ចូល​បង្រៀន​មិន​ទៀងទាត់​ក្រោម​ហេតុផល​ជួយ​កិច្ចការ​សង្គម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាដើម។

ចំណែក​សិស្ស​និស្សិត​ដែល​ជា​សមាជិក ឬ​ជា​ប្រធាន​គ្រប់គ្រង​អង្គភាព​នេះ ក៏​មិន​សូវ​យកចិត្ត​ទុកដាក់​លើ​ការ​សិក្សា និង​គោរព​កោតញញើត​គ្រូបង្រៀន​ដែរ ខណៈ​ការ​សិក្សា​ត្រូវ​ខកខាន​ដោយសារ​រវល់​ចូលរួម​កិច្ចការ​របស់​អង្គភាព​នេះ ប៉ុន្តែ​សម្រាប់​ពិន្ទុ​ប្រចាំ​ខែ ឬ​ប្រចាំ​ឆមាស ជាដើម តែង​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់លើ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំពោះ​ពួកគេ​ជាប់​ជានិច្ច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស