គណបក្សជំនាន់ថ្មី អំពាវនាវឱ្យអតីតនាយករដ្ឋមន្ត្រីកម្ពជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីតពូជ លោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដ៏ខ្លីខាងមុខនេះ ក្នុងនាមជាតិសាសន៍ខ្មែរតែមួយ។
គណបក្សជំនាន់ថ្មី ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣០ កញ្ញា នេះ ដោយស្នើឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពិចារណាដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៤រូបដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលកន្លងទៅ រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ បានមុន្នី និងលោក សាន សិទ្ធ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះ។
គណបក្សក្រៅរដ្ឋាភិបាលថ្មីនេះ ស្នើឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ ដើម្បីរក្សាគោលជំហរបង្រួបបង្រួមជាតិដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងដើម្បីបង្ហាញពីការអនុគ្រោះរបស់រដ្ឋាភិបាលសម្រាប់ពួកគេផងដែរ។
ប្រភពដដែលបញ្ជាក់ថា ការលើកឡើងរបស់សកម្មជនទាំងនេះអំពីគម្រោងអភិវឌ្ឍន៍ត្រីកោណកន្លងមក គ្រាន់តែជាការបង្ហាញអំពីក្តីបារម្ភភ័យខ្លាចមានការបាត់បង់ទឹកដីខ្មែរនាពេលអនាគតតែប៉ុណ្ណោះ ហើយការព្រួយបារម្ភបែបនេះក៏ពឹងផ្អែកលើបរិបទប្រវត្តិសាស្ត្រ និងភូមិសាស្ត្ររបស់ប្រទេសកម្ពុជាដែរ។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ៤នាក់ត្រូវបានស្នងការខេត្តសៀមរាប ចាប់ខ្លួននៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីលោក ស្រ៊ុន ស្រ៊ន ផ្សាយផ្ទាល់បកស្រាយពីតំបន់ត្រីកោណអភិវឌ្ឍន៍លើបណ្ដាញសង្គមហ្វេសប៊ុក។
សកម្មជនសង្គមទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនអស់រយៈពេល ៧០ថ្ងៃមកហើយ បើគិតមកទល់នឹងពេលនេះ ខណៈសកម្មជនសង្គម និងពលរដ្ឋជាច្រើននាក់ផ្សេងទៀត ក៏កំពុងត្រូវបានឃុំខ្លួនដោយសារតែការរិះគន់តំបន់ត្រីកោណអភិវឌ្ឍន៍នេះដែរ ក្នុងនោះក៏មានការឃុំខ្លួនអនីតិជនអាយុក្រោម ១៨ឆ្នាំថែមទៀត។
ជុំវិញការចាប់ខ្លួនអ្នករិះគន់គម្រោងអភិវឌ្ឍន៍ត្រីកោណនេះ លោក ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅថ្មីៗនេះថា ពួកគេនឹងនៅត្រូវឃុំខ្លួនដដែល ទោះគម្រោងអភិវឌ្ឍន៍ត្រីកោណត្រូវបានប្រកាសដកខ្លួនពីកិច្ចសហការជាមួយវៀតណាម ហើយក៏ដោយ ព្រោះអ្នកទាំងនោះបានប្រើលេសតវ៉ាលើគម្រោងនេះដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មក មានមនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន និងជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលត្រូវប្រឈមនឹងការផ្ដន្ទាទោសដាក់គុកចាប់ពី ៥ឆ្នាំទៅដល់ ១០ឆ្នាំ ពីបទចោទ រួមគំនិតក្បត់ និងពី ៦ខែទៅ ២ឆ្នាំ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕