25 C
Phnom Penh

អ្នកវិភាគ​ថា​ទង្វើ​លោក ហ៊ុន សែន និង​ភរិយា​ដែល​រៀបចំ​ឱ្យ​ពលរដ្ឋ​ថ្វាយបង្គំ គឺ​បង្ហាញ​ពី​ចេតនា​ឡើង​ធ្វើ​ជា​ស្តេច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ដែល​រៀបចំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ថ្វាយ​បង្គំ​ខ្លួនឯង គឺជា​ទង្វើ​បំពាន​រដ្ឋធម្មនុញ្ញ និង​បង្ហាញ​ពី​ចេតនា​ប៉ុនប៉ង​ឡើង​ធ្វើ​ជា​ស្តេច​សម្រាប់​ត្រកូល​ហ៊ុន។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ តុលា នេះ​ថា លោក​ធ្លាប់​បាន​អាន​ព័ត៌មាន​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ​របស់​អ្នក​សារព័ត៌មាន​នៅ​បស្ចិម​ប្រទេស ដែល​លាតត្រដាង​ថា លោក ហ៊ុន សែន ត្រៀម​កែ​រដ្ឋធម្មនុញ្ញ​តាំងពី​អាណត្តិ​ទី​៣ ក្នុង​ឆ្នាំ​២០០៣ មក​ម្ល៉េះ ដើម្បី​រក​វិធី​បើក​ផ្លូវ​ឲ្យ​គាត់​ឡើង​ធ្វើ​ជា​ព្រះមហាក្សត្រ​ជំនួស​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី សព្វថ្ងៃ​នេះ។

លោក គឹម សុខ លើកឡើង​ថា សារព័ត៌មាន​ស៊ើបអង្កេត​ដដែល​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន ប៉ុនប៉ង​កែ​មាត្រា​១៤ នៃ​រដ្ឋធម្មនុញ្ញ ឲ្យ​ទៅ​ជា​មាន​ខ្លឹមសារ​ថា អ្នក​ស្នងរាជ្យ​ជា​ព្រះមហាក្សត្រ​បាន មិន​ចាំបាច់​ជា​ព្រះរាជ​បច្ឆាញាតិ​នៃ​ព្រះបាទ អង្គឌួង ឬ​ព្រះបាទ នរោត្តម ឬ​ក៏​ព្រះបាទ ស៊ីសុវត្ថិ ទេ ទោះបីជា​កូន​ប្រជារាស្ត្រ​ក៏ដោយ ក៏​អាច​ឡើង​គ្រងរាជ្យ​បាន​ដែរ ឲ្យ​តែ​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ចាប់​តាំង​ពី​មាន​ការ​ចុះផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​នេះ​មក លោក​បាន​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន បាន​ធ្វើ​សកម្មភាព​តាំងខ្លួន​ជា​ស្ដេច និង​ជា​គ្រួសារ​រាជវង្ស​រួច​ទៅ​ហើយ ដែល​មាន​ន័យ​ថា គាត់​បាន​រៀប​ល្បិចកល​លុប​ស្ថាប័ន​ព្រះមហាក្សត្រ​ចោល​តាមរយៈ​នៃ​ការ​បន្សាប​ព្រះ​កិត្តិយស ឥទ្ធិពល និង​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ​បន្តិច​ម្តងៗ។

លោក​ថា ដើម្បី​បន្សាប​ព្រះ​កិត្តិយស និង​ព្រះ​កិត្តិនាម​របស់​ព្រះមហាក្សត្រ​ខ្មែរ លោក ហ៊ុន សែន បាន​រំលោភ​បំពាន​យក​ព្រះរាជកិច្ច​ទាំងអស់​របស់​ព្រះអង្គ ដើម្បី​ត្រួតត្រា ហើយ​បាន​លុប​បំបាត់​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​អស់​ជាច្រើន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក គឹម សុខ បញ្ជាក់​ថា ការ​ព្យាយាម​លុប​បំបាត់​ព្រះនាម​ព្រះមហាក្សត្រ​ខ្មែរ​តាមរយៈ​ទង្វើ​របស់​លោក ហ៊ុន សែន ដែល​បាន​រៀបរាប់​ត្រួសៗ​មក​នេះ គឺ​សុទ្ធសឹងតែ​ល្បិចកល​នយោបាយ​ដែល​គាត់​បាន​រៀបចំ​ឡើង​ដើម្បី​រំលេច​ឈ្មោះ​ខ្លួនឯង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ ក្នុង​បំណង​ឡើង​ធ្វើ​ជា​ស្តេច​របស់​គាត់​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន និង​ភរិយា បាន​ចុះ​ពិនិត្យ​កុមារ​កំព្រា និង​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារ​នីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិត​នៅ​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ក្នុង​វីដេអូ​ប្រវែង​ជាង ២​នាទី​ដែល​លោក ហ៊ុន សែន បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​ក្នុង​ពិធី​នោះ គឺ​មាន​ការ​រៀបចំ​ឱ្យ​កុមារ​កំព្រា មន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​កងកម្លាំង ថ្វាយ​បង្គំ​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់ គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​ថ្វាយ​បង្គំ​ព្រះមហាក្សត្រ​ខ្មែរ​ដែរ។

ប្រទេស​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ត្រួតត្រា​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​រំលេច​ឈ្មោះ​របស់​គាត់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ និង​គោរព​ដូច​អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះ​នរោត្តម សីហនុ ដូច្នោះ​ដែរ តាមរយៈ​នៃ​ការ​ដាក់​ឈ្មោះ​ខ្លួនឯង​លើ​សមិទ្ធផល​ជាតិ​គ្រប់​ទីកន្លែង។

ជុំវិញ​បញ្ហា​នេះ គេ​កត់សម្គាល់​ឃើញ​ថា អ្នកស្រី ប៊ុន រ៉ានី ក៏​នឹង​មាន​ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ហៅ​គាត់​ថា​សម្ដេចម៉ែ ដូចជា​ពលរដ្ឋ​ខ្មែរ​បាន​ហៅ​សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ថា​សម្ដេចម៉ែ​ដូច​គ្នា​ដែរ។

មាត្រា​១៤ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ត្រូវ​បាន​ជ្រើស​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សមាជិក​នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ​ដែល​មាន​ព្រះ​ជន្មាយុ​យ៉ាងតិច ៣០​ព្រះវស្សា ហើយ​ដែល​ជា​ព្រះរាជ​បច្ឆាញាតិ​នៃ​ព្រះមហាក្សត្រ​អង្គឌួង ឬ​ព្រះមហាក្សត្រ​នរោត្តម ឬ​ក៏​ព្រះមហាក្សត្រ ស៊ីសុវត្ថិ។

គេ​សង្កេត​ឃើញ​ថា ព្រះនាម​របស់​ព្រះមហាក្សត្រ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិន​ត្រូវ​បាន​ប្រើប្រាស់​លើ​សមិទ្ធផល​ជាតិ​ធំៗ​ណា​មួយ​ដូច​ឈ្មោះ​របស់​លោក ហ៊ុន សែន ឡើយ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សមិទ្ធផល​នានា​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ព្រះបិតា​របស់​ព្រះអង្គ ក៏​កំពុង​ត្រូវ​បាន​លុប​បំបាត់​ក្រោម​ស្នាដៃ​របស់​លោក ហ៊ុន សែន ជា​បណ្តើរៗ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស