លោក ម៉ិច ដារ៉ា អ្នក​សារព័ត៌មាន​សេរី (Freelance Journalist)

ព័ត៌មានជាតិ

អង្គការ​សង្គម​ស៊ីវិល ៤៦​ស្ថាប័ន អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​និង​ដោះលែង​លោក ម៉ិច ដារ៉ា ជាបន្ទាន់

By ឌឹ ខេមបូឌា ដេលី

October 03, 2024

សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៦ អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ពី​ពន្ធនាគារ​ជាបន្ទាន់ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ចំនួន ៤៦ អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា ជាបន្ទាន់ ដែល​លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ “ញុះញង់” និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៤។

ប្រភព​ខាងលើ​អះអាង​ថា ពួកគេ​សូម​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ពី​ពន្ធនាគារ​ជាបន្ទាន់ ហើយ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា គឺជា​ការ​ព្យាយាម​បំភិតបំភ័យ បំបិទ​សំឡេង​របស់​គាត់ និង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស ដែល​គួរ​តែ​មាន​សេរីភាព​ផ្នែក​សារព័ត៌មាន។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សាកសួរ​លោក ម៉ិច ដារ៉ា កាលពី​ព្រឹក​ថ្ងៃ​អង្គារ សម្រេច​ចោទប្រកាន់​លោក ម៉ិច ដារ៉ា ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” យោង​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ដែល​លោក​បាន​បង្ហោះ​កាលពី​ថ្ងៃទី​២០ ទី​២៣ ទី​២៦ ទី​២៨ និង​ទី​២៩ ខែ​កញ្ញា ថ្មីៗ​នេះ។

អង្គការ​លីកាដូ​បាន​អះអាង​ថា ការ​ចោទប្រកាន់​នេះ អាច​នាំ​ឱ្យ​លោក ម៉ិច ដារ៉ា ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ព្យាយាម​បំបិទ​សំឡេង​អ្នក​សារព័ត៌មាន​ដ៏​លេចធ្លោ​ម្នាក់​នេះ ដែល​ជា​អ្នក​សារព័ត៌មាន​សកម្ម​ម្នាក់​ក្នុង​ការ​ស្រាវជ្រាវ និង​តែងតែ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទទួល​ខុសត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ករណី​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នេះ នៅ​រសៀល​ថ្ងៃទី​២ ខែ​តុលា អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា សំណុំរឿង​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​លោក ម៉ិច ដារ៉ា មិន​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ ដូច្នេះ​កុំ​ឱ្យ​ភ្ជាប់​ករណី​នេះ​នឹង​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន និង​វាយតម្លៃ​ខុស និង​គ្មាន​មូលដ្ឋាន​លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា សម្រាប់​ក្រសួង​ព័ត៌មាន ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ និង​បង្ហោះ​សារ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​ញុះញង់ បំភ្លៃ​ការពិត មួលបង្កាច់ ប្រឌិត​ព័ត៌មាន​មិន​ពិត​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យល់​ច្រឡំ មិន​មែន​ជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើយ។

លោក ម៉ិច ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣០ ខែ​កញ្ញា អំឡុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ត្រឡប់​ពី​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​វិញ។ កងកម្លាំង​បាន​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា នៅ​ចំណុច​បញ្ជរ​បង់​លុយ​លើ​ផ្លូវ​ល្បឿន​លឿន​ត្រង់​ផ្លូវ​បំបែក​ស្រែអំបិល។

លោក ម៉ិច ដារ៉ា ដែល​ត្រូវ​បាន​អះអាង​ថា​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ ដែល​តែងតែ​រាយការណ៍​ពី​ការ​ជួញដូរ​មនុស្ស ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​បញ្ហា​រសើប​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កម្ពុជា។

កាលពី​ឆ្នាំ​២០២៣ លោក ម៉ិច ដារ៉ា ទទួល​បាន​ពានរង្វាន់​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្ដីពី​ការ​រាយការណ៍​នៃ​អំពើ​ជួញដូរ​មនុស្ស។ អតីត​អ្នក​សារព័ត៌មាន VOD រូប​នេះ​ធ្លាប់​បម្រើ​ការងារ​នៅ​សារព័ត៌មាន The Cambodia Daily និង​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍។

ទោះជា​យ៉ាងណា​ក៏ដោយ នាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា លោក ម៉ិច ដារ៉ា ជា​អ្នកកាសែត​រួម​អាជីព​ដូច​រូបលោក​ដែរ​ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នក​សារព័ត៌មាន ហើយ​គ្រាន់តែ​ជា​អ្នកកាសែត​ដើម្បី​ជីវភាព​តែប៉ុណ្ណោះ។

លោក សយ សុភាព បន្ត​ថា ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន លោក​សូម​អំពាវនាវ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ជួយ​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ដើម្បី​ឱ្យ​លោក ម៉ិច ដារ៉ា មាន​សេរីភាព​រួច​ផុត​ពី​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​ខេត្ត​ព្រៃវែង ផង៕

© 2024, . All rights reserved.