ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសធ្វើបាតុកម្មរយៈពេល ៤ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ដើម្បីទាមទារឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិនិត្យអំពីការអនុវត្តកិច្ចសន្យាអន្តរជាតិនេះឡើងវិញ ក្នុងគោលបំណងធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ថា ពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសនានានឹងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិក បារាំង អង់គ្លេស ជប៉ុន និងអូស្ត្រាលី ជាដើម ជួយជំរុញរដ្ឋាភិបាលកម្ពុជាឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជាដែលកំពុងធ្លាក់ចុះសព្វថ្ងៃនេះ។
ប្រភពដដែលបញ្ជាក់ថា បទប្បញ្ញត្តិស្នូលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានរំលោភបំពានជាបន្តបន្ទាប់។ ជាក់ស្តែង ការបោះឆ្នោតបានប្រព្រឹត្តទៅដោយគ្មានគណបក្សប្រឆាំងស្របច្បាប់ ដោយសារគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅឆ្នាំ២០១៧ ខណៈគណបក្សភ្លើងទៀន ក៏ត្រូវបានរារាំងមិនឱ្យចូលរួមការបោះឆ្នោតឆ្នាំ២០២៣ ថែមទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំស្របតាមសង្គមប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
KMD លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩១ មក ពិភពលោកបានផ្ដល់លុយរាប់ពាន់លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតឱ្យបាននូវការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ដូច្នេះកម្ពុជាគួរតែត្រូវបានពិនិត្យឡើងវិញអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងគោលបំណងស្ដារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ក្រោយអនុវត្តអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។
ការជំរុញប្រទេសហត្ថលេខីទាំងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តផ្ទុយពីខ្លឹមសារដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងស្រុងក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលជាហេតុធ្វើឱ្យកម្ពុជាធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរនាពេលកន្លងមកនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ តុលា នេះថា ដើម្បីធានាថាកម្ពុជាត្រូវបានដឹកនាំតាមគន្លងប្រជាធិបតេយ្យឱ្យបានពេញលេញ ទាល់តែរដ្ឋាភិបាលអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក សេក សុជាតិ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលភាពសម្រាប់តម្រង់ទិសការដឹកនាំរបស់រដ្ឋាភិបាលតាមបែបបទប្រជាធិបតេយ្យ ប្រសិនបើកិច្ចព្រមព្រៀងអន្តរជាតិមួយនេះមិនទាន់ត្រូវបានប្រកាសធ្វើមោឃភាពពីរដ្ឋសភា និងការឡាយព្រះហស្តលេខារបស់ព្រះមហាក្សត្រទេនោះ។
រយៈពេល ៣៣ឆ្នាំនៃការចាប់បដិសន្ធិកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តាំងពីឆ្នាំ១៩៩១ មក ត្រូវគេមើលឃើញថា រដ្ឋាភិបាលឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តការដឹកនាំពីឪពុកទៅកូនសព្វថ្ងៃនេះ មិនបានអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តរជាតិនេះទេ៕
© 2024, . All rights reserved.