លោក ម៉ិច ដារ៉ា (ឆ្វេង) អ្នក​សារព័ត៌មាន​សេរី (Freelance Journalist) ក្នុង​ពេល​ទទួល​ពានរង្វាន់​ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken នៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ

By ឌឹ ខេមបូឌា ដេលី

October 08, 2024

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ជា​ទង្វើ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា គឺជា​សកម្មភាព​ថ្មី​មួយ​ទៀត​នៃ​ការ​បង្ក្រាប​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​លើកឡើង​ថា CAT មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​កំពុង​រង​នូវ​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ស្រួចស្រាល់​ពី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នា​ពេលនេះ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បញ្ជាក់​ថា លោក ម៉ិច ដារ៉ា ជា​អ្នក​សារព័ត៌មាន​ដែល​ទទួល​បាន​ពានរង្វាន់ TIP Hero ពី​ក្រសួង​ការបរទេស​អាមេរិក ក្នុង​ការ​លាតត្រដាង​អំពើ​ឧក្រិដ្ឋ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ប៉ុន្តែ​លោក​បែរ​ជា​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ក្រោយ​សហរដ្ឋ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ​ទៅ​វិញ។

កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ម៉ិច ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ដែល​ទាក់ទិន​នឹង​ការ​កាយ​ដី​រំលាយ​ភ្នំ​មួយ​នៅ​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាលពី​ចុង​ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ។

មួយ​ថ្ងៃ​មុន​ពេល​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា បាន​បង្ហោះ​រូបភាព​ចំនួន​ពីរ​សន្លឹក​ជាប់​គ្នា ដោយ​មួយ​បង្ហាញ​ពី​សកម្មភាព​កាយ​យក​ថ្ម​ភ្នំ ដោយ​សរសេរ​អក្សរ​បិទ​លើ​រូបភាព​នោះ​ថា «បាភ្នំ​ឥឡូវ» និង​មួយ​ទៀត​បង្ហាញ​ពី​ជណ្ដើរ​ថ្ម​ឡើង​ទៅ​កាន់​រមណីយដ្ឋាន​បាភ្នំ ដែល​មាន​សរសេរ​អក្សរ​បិទ​លើ​រូប​ថា «បាភ្នំ​ពី​ដើម» ដោយ​ភ្ជាប់​ជាមួយ​សំណេរ​លើ​រូបភាព​ទាំងនេះ​ថា «ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ»។

យ៉ាងណាក៏ដោយ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា សហគមន៍ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​អ្នក​ច្បាប់​ជាច្រើន អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ពី​ពន្ធនាគារ​ជាបន្ទាន់ និង​ចាត់ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​រូប​នេះ ថា​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ តែ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សេរីភាព​សារព័ត៌មាន​តែប៉ុណ្ណោះ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ នេះ ដោយ​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ឱ្យ​ជាប់​លេខ​១៥១ ដែល​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​ដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​វាយប្រហារ និង​គាបសង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​កាន់តែ​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ៕

© 2024, . All rights reserved.