ពលរដ្ឋខ្មែរដែលរស់នៅជុំវិញពិភពលោក ប្រកាសជួបជុំគ្នាធ្វើមហាបាតុកម្មនៅសប្តាហ៍ក្រោយ ក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ដើម្បីរំលឹកខួប ៣៣ឆ្នាំនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះឡើងវិញ។
ពលរដ្ឋខ្មែរក្រៅស្រុកដែលរស់នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៧ តុលា នេះ សម្រេចប្រារព្ធធ្វើមហាបាតុកម្មមួយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅមុខបរិវេណសាលាក្រុងតូរ៉ុនតូ ប្រទេសកាណាដា ចាប់ពីម៉ោង ១ រហូតដល់ម៉ោង ៣រសៀល ព្រមទាំងដង្ហែក្បួនព្យុហយាត្រាជុំវិញបរិវេណសាលាក្រុងនេះផងដែរ។
ប្រភពដដែលបញ្ជាក់ថា ការធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញឡើងវិញ និងលុបចោលគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ជាមួយវៀតណាម និងឡាវ ព្រមទាំងគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ការប្រកាសធ្វើបាតុកម្មនៅប្រទេសកាណាដា នេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាដើម បានប្រកាសធ្វើបាតុកម្មជាបន្តបន្ទាប់ដូចគ្នាដែរ។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានប្រកាសធ្វើបាតុកម្មរយៈពេល ៤ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីទាមទារឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិនិត្យអំពីការអនុវត្តកិច្ចសន្យាអន្តរជាតិនេះឡើងវិញ។
ចំណែកពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសធ្វើមហាបាតុកម្មដែលមានមនុស្សចូលរួមប្រមាណ ៥ម៉ឺននាក់ផងដែរ ដើម្បីទាមទារឱ្យដោះលែងអ្នកដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួនជុំវិញការរិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍ ដោះលែងអ្នកទោសនយោបាយ បើកលំហសិទ្ធិសេរីភាព និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
ដោយឡែកពលរដ្ឋខ្មែរដែលរស់នៅបណ្តាប្រទេសផ្សេងៗ ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ក៏បានប្រមូលផ្តុំគ្នានៅខាងមុខវិមានរដ្ឋសភារដ្ឋធានីកង់បេរ៉ា នៃប្រទេសអូស្ត្រាលី ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែរ ដើម្បីរក្សាអធិបតេយ្យជាតិកម្ពុជាស្របតាមខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។
ជុំវិញបញ្ហានេះ គណបក្សកម្ពុជានិយម ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ តុលា នេះថា ខ្លួនគាំទ្រគោលការណ៍អហិង្សា ការគោរពលើកស្ទួយសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីកសាងសង្គមជឿនលឿនថ្លៃថ្នូរ និងដើម្បីប្រយោជន៍ជាតិខ្មែរទាំងមូល៕
© 2024, . All rights reserved.