ជនជាតិ​វៀតណាម ដែល​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​​ទៅ​ប្រទេស​វៀតណាម វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែកចាក ខេត្ត​កំពត កាល​ពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

ជនជាតិ​វៀតណាម​៤៦​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ដោយសារ​ធ្វើការ​និង​ស្នាក់នៅ​ដោយ​ខុស​ច្បាប់

By ឌឹ ខេមបូឌា ដេលី

October 08, 2024

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្ដេញ​ជនជាតិ​វៀតណាម ចំនួន ៤៦​នាក់ ក្នុង​នោះ​ស្រី ១៦​នាក់ ដែល​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ទៅ​ប្រទេស​វៀតណាម វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែកចាក ខេត្ត​កំពត កាល​ពី​ថ្ងៃទី​៦ ខែ​តុលា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម ទាំង ៤៦​នាក់​នោះ មាន ៤២​នាក់​លួច​ស្នាក់នៅ និង​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់​នៅ​ខេត្ត​កំពត និង ៤​នាក់​ទៀត​លួច​ស្នាក់នៅ និង​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ខេត្ត​ព្រះសីហនុ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ធ្លាប់​អះអាង​ថា ប្រទេស​កម្ពុជា​រងគ្រោះ​ពី​ទង្វើ​ដែល​ជនបរទេស​តែងតែ​យក​ប្រទេស​នេះ​ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស។ លោក​បន្ត​ថា ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ លោក​បាន​បញ្ជា​ឱ្យ​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​ឱ្យ​បាន​ម៉ឺងម៉ាត់។

នៅ​ចន្លោះ​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២៤ មាន​ជនជាតិ​វៀតណាម សរុប​ចំនួន ១៤៦​នាក់​ហើយ​ដែល​ចូល​មក​រស់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​នា​ពេល​កន្លង​មក។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​បណ្ដេញ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ចេញពី​កម្ពុជា ជា​រឿង​ល្អ ហើយ​ក៏​ត្រូវ​បណ្តេញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដទៃៗ​ទៀត​ដែរ។

លោក​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​តឹងរ៉ឹង និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ជាមួយ​គ្នា​នេះ ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​រាប់​លាន​នាក់​នៅ​កម្ពុជា ជាពិសេស​ជនជាតិ​វៀតណាម​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​នៅ​បឹង​ទន្លេសាប និង​តាម​ដង​ទន្លេមេគង្គ ជាដើម។

លោក​បន្ត​ថា មាន​តែ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​ត្រឹមត្រូវ​ទេ ទើប​អាច​ផ្តល់​ជំនឿ​ទុកចិត្ត​បាន​ខ្លះៗ​ឡើងវិញ​ពី​ពលរដ្ឋ​ខ្មែរ។ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​នឹង​រឹតតែ​រង​ថ្ម​បាក់​កាន់តែ​ខ្លាំង​ពី​រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន កន្លង​ទៅ​តែប៉ុណ្ណោះ៕

© 2024, . All rights reserved.