អ្នកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រី​ថៃ ឆ្លើយ​សំណួរ​អ្នកកាសែត​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៤។

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ថៃ​ថ្លែង​ថា​អាស៊ាន​ត្រូវ​ដើរ​តួនាទី​សកម្ម​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ភូមា

By ឌឹ ខេមបូឌា ដេលី

October 09, 2024

អ្នកស្រី Paetongtarn Shinawatra ដែល​ទើប​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ បាន​ជំរុញ​សមាគម​អាស៊ាន​រួម​គ្នា​ដើរ​តួនាទី​ជា​គន្លឹះ និង​សកម្ម ដើម្បី​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​កំពុង​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ភូមា។

ការ​ថ្លែង​របស់​អ្នកស្រី Paetongtarn ធ្វើឡើង​នៅ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឡាវ ក្នុង​សប្ដាហ៍​នេះ ខណៈ​តំណាង​របប​សឹក​នៅ​ភូមា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រជុំ​ជា​លើកដំបូង​ក្នុង​រយៈពេល ៣​ឆ្នាំ​ក្រោយ​ពី​រដ្ឋប្រហារ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៨ តុលា។

ចាប់តាំងពី​ការ​ផ្ទុះ​រដ្ឋប្រហារ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ពួក​យោធា​បាន​ប្លន់​អំណាច​ជា​ថ្មី​ទៀត​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៃ​ក្រុម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ហើយ​វា​បាន​ទាញ​ទៅ​រក​រលក​បះបោរ និង​សង្គ្រាម​ប្រយុទ្ធ​គ្នា​ឡើងវិញ​រវាង​ពួក​យោធា និង​កម្លាំង​ប្រឆាំង បាន​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ពួក​យោធា​យ៉ាង​ខ្លាំង ដោយ​ដក​សិទ្ធិ​ភូមា ចេញពី​ជំនួប​កំពូល​របស់​មេដឹកនាំ​អាស៊ាន។

តែ​ឆ្នាំ​២០២៤ នេះ ប្រទេស​កុម្មុយនីស្ត​ឡាវ ដែល​ជិតខាង​ភូមា គឺជា​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​សម្របសម្រួល​ឱ្យ​របប​សឹក​ភូមា បញ្ជូន​តំណាង​របស់​ខ្លួន​មក​ចូលរួម​ប្រជុំ​កំពូល។

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុង​បាងកក អ្នកស្រី Paetongtarn សង្កត់​ធ្ងន់​ថា អាស៊ាន​ត្រូវ​នាំ​សន្តិភាព​ត្រឡប់​ទៅ​ភូមា វិញ ឱ្យ​ឆាប់​កាន់តែ​ល្អ។ ជាមួយ​គ្នា​នេះ អ្នកស្រី​នាយករដ្ឋមន្ត្រី​ថៃ សន្យា​ថា​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ដែល​ឆ្នាំ​២០២៥ ម៉ាឡេស៊ី ជា​ប្រធាន​សមាគម​អាស៊ាន ខណៈ​អ្នកស្រី​ជឿជាក់​ថា ការ​ប្រើប្រាស់​វិធានការ​ការទូត​ជា​ជម្រើស​ដ៏​ល្អ តែ​ត្រូវ​ធ្វើ​ជាមួយ​នឹង​ភាព​សកម្ម​នៃ​តួនាទី​របស់​សមាគម ដែល​ត្រូវតែ​មាន​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ភូមា។

កាលពី​ក្នុង​ខែ​មេសា លោក Srettha Thavisin ដែល​កំពុង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ បាន​ថ្លែង​ថា ពួក​យោធា​ភូមា ចាប់ផ្ដើម​ធ្លាក់​ចុះ​ខ្សោយ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​នឹង​កម្លាំង​ប្រឆាំង ដែល​អាច​នាំ​ទៅ​រក​ការ​ចរចា​រវាង​របប​សឹក និង​តំណាង​កម្លាំង​ប្រឆាំង។

អាស៊ាន បាន​ដាក់​ចុះ​នូវ​ផែនការ ៥​ចំណុច ដែល​ក្នុង​នោះ របប​សឹក​ត្រូវ​បើក​ឱ្យ​មាន​ការ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង ហើយ​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ដោយ​រាប់​ទាំង​អតីត​សមាជិក​សភា ប្រធានាធិបតី និង​អ្នកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រី​ការបរទេស​ភូមា ដែល​ជា​មេដឹកនាំ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ជា​បក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០។

តែ​បក្ស​របស់​ពួក​យោធា ដែល​ជំទាស់​ជ័យជម្នះ​របស់​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី បាន​រុញ​ឱ្យ​មាន​រដ្ឋប្រហារ​យោធា​ដែល​ជា​ការ​បិទ​បញ្ចប់​របប​ប្រជាធិបតេយ្យ​ទើប​មាន​អាយុ ៥​ឆ្នាំ។

រដ្ឋប្រហារ​របស់​ពួក​យោធា បាន​នាំ​ឱ្យ​ប្រទេស​ដែល​មាន​ប្រជាជន​ជិត ៥៥​លាន​នាក់​នេះ ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​យោធា​ជា​ថ្មី​ម្ដង​ទៀត ខណៈ​ប្រទេស​នេះ​បាន​ឆ្លងកាត់​របប​សឹក​ជាង ៦០​ឆ្នាំ​មក​ហើយ។

តែ​យ៉ាងណា មេដឹកនាំ​របប​សឹក ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ដែល​ដំឡើង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​អាស៊ាន​នោះ​ទេ។

យោង​តាម​ប្រភព​ពី​អ្នក​ការទូត​អាស៊ាន​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ប្រទេស​ភូមា ដែល​ស្ថិត​ក្នុង​ចំណោម​សមាជិក​ទាំង​១០ របស់​អាស៊ាន បាន​សម្រេច​ចិត្ត​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស ជា​តំណាង​របស់​ខ្លួន មក​ចូលរួម​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​រយៈពេល ៣​ថ្ងៃ​នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ ក្នុង​សប្ដាហ៍​នេះ។

លោក មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ ធ្លាប់​បាន​ចូលរួម​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​អាស៊ាន​ស្ដីពី​វិបត្តិ​នៅ​ភូមា កាលពី​ខែ​មេសា ឆ្នាំ​២០២១ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក រាល់​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​សមាគម​អាស៊ាន ទោះបី​តំណាង​របប​សឹក​ក៏​មិន​ត្រូវ​អនុញ្ញាត​ឡើយ។ តែ​លើក​នេះ​ជា​លើកដំបូង​ហើយ។

ក្នុង​ស្ថានការណ៍​សឹក​ដែល​របប​សឹក​មិន​មាន​លទ្ធភាព​វាយ​ឈ្នះ​ក្រុម​កម្លាំង​ប្រឆាំង គេ​សង្កេត​ឃើញ​ពួក​យោធា​ចង់​បក់​ដៃ​ទៅ​រក​តុ​ចរចា​ហើយ រហូត​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​ទៀត​ផង។ ក្នុង​ស្ថានភាព​នេះ​ហើយ​មើល​ទៅ​ដែល​សមាគម​អាស៊ាន​សាកល្បង​ឱ្យ​ភូមា បញ្ជូន​តំណាង​របស់​ខ្លួន​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នៅ​តំបន់​អាស៊ាន មើល​ឃើញ​ជំហរ​ទន់ភ្លន់​របស់​របប​សឹក​ពេលនេះ​ក៏​ដោយសារតែ​រដ្ឋាភិបាល​ភូមា កំពុង​ចុះ​ខ្សោយ​កម្លាំង​នៅ​សមរភូមិ រហូត​ចាញ់​ប្រៀប​ក្រុម​ប្រឆាំង​នៅ​លើ​សមរភូមិ​ប្រយុទ្ធ។

តាម​អ្នក​សង្កេតការណ៍ ប្រទេស​សមាជិក​អាស៊ាន​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ភូមា ក៏​ព្រោះ​តែ​គេ​ដឹង​ថា​កម្លាំង​ប្រឆាំង​ដែល​កំពុង​មាន​ប្រៀប​នៅ​សមរភូមិ អាច​រុញ​ពួក​យោធា​ចូល​ឱ្យ​ខ្លួន​ទៅ​ដោះស្រាយ​នៅ​ចំពោះ​មុខ​អនាគត​របស់​ខ្លួន​កាន់តែ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​អំណាច​ដែល​មិន​អាច​រឹងមាំ​ច្រើន​ឆ្នាំ​ទៀត​ឡើយ៕

© 2024, . All rights reserved.