បេក្ខជនដែលបានចុះឈ្មោះប្រឡងជាង ១សែននាក់ បានតម្រង់ជួរចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប ក្នុងមណ្ឌលប្រឡងជាង ២០០មណ្ឌល និងជាង ៥ពាន់បន្ទប់ នៅទូទាំង ២៥រាជធានីខេត្ត ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបែងចែកជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ក្នុងនោះ ផ្នែកនីមួយៗត្រូវដំណើរការលើវិញ្ញាសា ៧មុខវិជ្ជាដូចគ្នា ដែលត្រូវចែកចាយទៅតាមបន្ទប់ប្រឡងនៅទូទាំងប្រទេស។ នៅថ្ងៃដំបូង ការប្រឡងដំណើរការលើមុខវិជ្ជាចំនួន៣ និងថ្ងៃបញ្ចប់ដំណើរការប្រឡងលើមុខវិជ្ជាចំនួន៤។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នេះ មានសិស្សស្រីចូលរួមប្រឡងជាង ៧ម៉ឺននាក់ (៧៤៨៨២នាក់) ក្នុងចំណោមសិស្សសរុបជាង ១សែន ៣ម៉ឺននាក់ (១៣៧០៤០នាក់)។
ក្នុងចំណោមសិស្សទាំង ១៣ម៉ឺន ៧ពាន់ ៤០នាក់ ត្រូវបានបែងចែកឱ្យចូលទៅក្នុងបន្ទប់ប្រឡងជាង ៥ពាន់បន្ទប់ (៥៥៣៣) ដែលតម្រូវឱ្យមានសិស្ស ២៥នាក់ ក្នុង ១បន្ទប់ នៅតាមមណ្ឌលប្រឡងទាំងជាង ២០០មណ្ឌល (២៣០មណ្ឌល) នៅទូទាំងប្រទេស។
ជុំវិញដំណើរការប្រឡងនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន អំពាវនាវឱ្យបេក្ខជនទាំងអស់គោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកនូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យរបស់ក្រសួង ខណៈបេក្ខជនដែលអវត្តមានក្នុងការប្រឡងនេះមានចំនួនជាង ២ពាន់នាក់ (២១២២នាក់) សម្រាប់ការប្រឡងថ្ងៃដំបូងនេះ៕
© 2024, . All rights reserved.