ផែនទី​បង្ហាញ​ពី​កោះ​គុត

ព័ត៌មានជាតិ

លោក អ៊ុំ សំអាន ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ប្តឹង​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទាមទារ​ទឹកដី ២/៣ នៃ​កោះ​គុត​មក​គ្រប់គ្រង​វិញ

By ឌឹ ខេមបូឌា ដេលី

October 10, 2024

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration “PCA”) នៅ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​ទឹកដី ២/៣ នៃ​កោះ​គុត មក​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​វិញ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ផ្ញើ​ឯកសារ​ស្ដីពី​តំបន់​ទឹក​រវាង​កម្ពុជា-ថៃ លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ផ្អែក​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ បាន​កំណត់​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា-ថៃ ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត​ជា​គោល។

លោក​ថា យោង​តាម​សន្ធិសញ្ញា​នេះ កម្ពុជា​ត្រូវ​ទទួល​បាន​ទឹកដី ២/៣ នៃ​កោះ​គុត ចំណែក​ប្រទេស​ថៃ ទទួល​បាន​តែ ១/៣ ប៉ុណ្ណោះ ព្រោះ​ព្រំដែន​សមុទ្រ​កម្ពុជា​ត្រូវ​គិត​ពី​ចំណុច​កំពូលភ្នំ​ខ្ពស់​បំផុត​នៃ​កោះ​គុត ឆ្ពោះ​មក​ចំណុច​រួម​លើ​គោក​នៅ​តំបន់​ចាំយាម ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

លោក​បន្ត​ថា ភស្តុតាង​ជាក់ស្តែង ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ក៏​មាន​កងទ័ព​កម្ពុជា​ទៅ​ឈរជើង ហើយ​សម័យ​ខ្មែរក្រហម កងទ័ព​ខ្មែរ​ក៏​បាន​កាន់កាប់​កោះ​គុត​ទាំងមូល​ដោយ​ឧត្ដមសេនីយ៍ មាស មុត ផង​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​បាត់បង់​កោះ​គុត​ទៅ​ប្រទេស​ថៃ បាន​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ព្រំដែន​សមុទ្រ​យ៉ាង​ច្រើន។

លោក​ជឿជាក់​ថា បើ​លោក ហ៊ុន ម៉ាណែត បាន​ពិនិត្យ​ឯកសារ​ទាក់ទង​នឹង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​នៅ​ពេលនេះ គាត់​ប្រហែល​ជា​អាច​នឹង​ផ្លាស់ប្ដូរ​ចិត្ត​លើ​គម្រោង​រកស៊ី​រួម​គ្នា​អំពី​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​ខ្មែរ-ថៃ ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សហការ​រកស៊ី​ជាមួយ​ថៃ នៅ​ពេល​ខាងមុខ​នេះ។

លោក អ៊ុំ សំអាន អះអាង​ថា តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ទំហំ ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ គឺ​ស្ថិត​ក្នុង​តំបន់​សមុទ្រ ៣០០០០​គីឡូម៉ែត្រ​ការ៉េ​ដែល​ថៃ បាន​ដណ្តើម​យក​ពី​កម្ពុជា​ប៉ុណ្ណោះ។

លោក​ថា តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ ដែល​ពួកគេ​បាន​យក​តាម​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា​ទសវត្សរ៍​១៩៨០ ប៉ុណ្ណោះ។

លោក​បន្ថែម​ថា កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ កន្លង​ទៅ​នោះ ត្រូវ​បាន​ទុក​ជា​មោឃៈ​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ អស់​ទៅ​ហើយ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចរចា​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ ជា​មុន​សិន មុន​នឹង​សហការ​រកស៊ី​រួម​គ្នា​លើ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ។

លោក​ថា បើ​យោង​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ តំបន់​ត្រួត​ស៊ី​គ្នា ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ​ដែល​កម្ពុជា​គ្រោង​ដាក់​រកស៊ី​រួម​គ្នា​អំពី​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ គឺជា​ដែនសមុទ្រ​ខ្លួនឯង​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា កម្ពុជា​យក​ដី​ខ្លួនឯង​ទៅ​ដាក់​រកស៊ី​ជាមួយ​ដី​ខ្លួនឯង​ដែល​ថៃ ដណ្តើម​យក មិនមែន​កម្ពុជា​យក​ដី​ខ្លួនឯង​ទៅ​ដាក់​រកស៊ី​ជាមួយ​នឹង​ដី​ថៃ នោះ​ទេ។

សន្ធិសញ្ញា​បារាំង-សៀម ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩០៧ បាន​កំណត់​ក្នុង​មាត្រា​១ ថា ព្រំប្រទល់​រវាង​ប្រទេស​ឥណ្ឌូចិន​បារាំងសែស និង​ប្រទេស​សៀម ចាប់ផ្តើម​ចេញពី​មាត់សមុទ្រ​តាម​ចំណុច​មួយ​នៅ​ចំ​ពី​មុខ “កោះ​គុត” ត្រង់​កំពូល​ខ្ពស់​បំផុត។

តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា​ថៃ និង​កម្ពុជា មាន​ផ្ទៃក្រឡា​ទំហំ​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ការ​ប៉ាន់ប្រមាណ​ថា អាច​មាន​ប្រេង និង​ឧស្ម័ន​ច្រើន​លាន​បារ៉ែល​នៅ​បាត​សមុទ្រ ប៉ុន្តែ​តាំងពី​ដើម​ទសវត្សរ៍​១៩៧០ មក កម្ពុជា​និង​ថៃ បាន​ទាមទារ​រៀងៗ​ខ្លួន​លើ​សិទ្ធិ​អភិវឌ្ឍន៍​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​ឯកភាព​គ្នា​ទាញ​យក​ផល​ប្រយោជន៍​ប្រេងកាត​លើ​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ៕

© 2024, . All rights reserved.