អ្នកឃ្លាំមើលសង្គម ជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាក់លាក់លើរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបង្ក្រាបលើសារព័ត៌មានឯករាជ្យយ៉ាងអនាធិបតេយ្យ។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ តុលា នេះថា បើសហគមន៍អន្តរជាតិត្រឹមតែបង្ហាញពីការព្រួយបារម្ភ ឬភ័យព្រួយពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជាដោយគ្មានវិធានការណាមួយជាក់លាក់ទេ នោះរដ្ឋាភិបាលគឺនៅតែព្រហើនគាបសង្កត់សិទ្ធិសេរីភាពសារព័ត៌មានដោយគ្មានញញើតដដែល។
លោក ស៊ឹង សែនករុណា ថាភស្តុតាងនៃការលុបបំបាត់សេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា គឺមានគ្រប់គ្រាន់សមល្មមនឹងចាត់វិធានការបានហើយ បើគិតតាំងពីឆ្នាំ២០១៧ មក រហូតដល់ពេលនេះ ព្រោះអ្នកដែលហ៊ាននិយាយ និងផ្សាយរឿងអាថ៌កំបាំងរបស់រដ្ឋាភិបាលកន្លងមក មិនដែលទទួលបានការការពារពីរដ្ឋាភិបាលទេ គឺមានការចាប់ខ្លួនពីរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោកថា ឱ្យតែស្ថាប័នសារព័ត៌មានណា ឬអ្នកសារព័ត៌មានណាហ៊ានរិះគន់ចំៗ ឬបង្ហាញពីទង្វើអាក្រក់របស់រដ្ឋាភិបាល តែងទទួលរងនូវវាសនាអាក្រក់ដោយការរុះរើស្ថាប័នចេញពីក្នុងស្រុក ដូចជាវិទ្យុអាស៊ីសេរី សារព័ត៌មាន The Cambodia Daily និងវិទ្យុផ្សាយសំឡេងប្រជាធិបតេយ្យ វីអូឌី ជាដើម ខណៈអ្នកសារព័ត៌មានក៏ត្រូវបានចាប់ខ្លួន ដោយប្រើក្រមព្រហ្មទណ្ឌដែលមានខ្លឹមសារប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា ដើម្បីបិទបាំងនូវទង្វើរំលោភបំពានសិទ្ធិនានា រដ្ឋាភិបាលតែងបញ្ចេញការបកស្រាយគ្រប់ទម្រង់ ប៉ុន្តែការបកស្រាយនោះគ្រាន់តែដើម្បីការពារទង្វើល្មើសរបស់អ្នកប្រព្រឹត្តដែលកំពុងកាន់អំណាចក្នុងដៃប៉ុណ្ណោះ មិនមែនដើម្បីធានានូវសន្តិសុខ សិទ្ធិសេរីភាពរបស់ពលរដ្ឋឡើយ ដែលជាហេតុធ្វើឱ្យពលរដ្ឋភ័យខ្លាចពីការបញ្ចេញមតិរបស់ខ្លួនកាន់តែខ្លាំងឡើងៗសព្វថ្ងៃនេះ។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មានជុំវិញការចាប់ខ្លួនលោក ម៉ិច ដារ៉ា ថា សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនអ្នកកាសែត លោក ម៉ិច ដារ៉ា ដែលជាអ្នកកាសែតមួយរូបត្រូវអន្តរជាតិឱ្យតម្លៃ និងគោរព។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះបញ្ជាក់ថា អាមេរិកបានលើកឡើងអំពីបញ្ហានេះដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជារួចមកហើយ។
ចំណែកស្ថានទូតបារាំងប្រចាំកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះថា ស្ថានទូតបារាំងប្រចាំកម្ពុជាមានការព្រួយបារម្ភអំពីការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា យ៉ាងខ្លាំង ព្រោះសារព័ត៌មានឯករាជ្យត្រូវចូលរួមចំណែកនៃដំណើរការក្នុងសង្គមប្រជាធិបតេយ្យ។
ស្ថានទូតបារាំង ប្រកាសជំហរសាជាថ្មីថា ខ្លួននៅតែគាំទ្រដល់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការនានាដែលបំពេញការងារដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាដោយឥតងាករេ៕
© 2024, . All rights reserved.