មេដឹកនាំគណបក្សជំទាស់ចំនួន ៥រូប និងមនុស្សមួយចំនួនទៀត បានចូលបំភ្លឺនៅតុលាការខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែតុលា ពីបទ «រំលោភលើទំនុកចិត្ត» តាមបណ្តឹងរបស់ឈ្មោះ ឃិន យឿន អតីតសមាជិកគណបក្សជំទាស់ និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ក្នុងមណ្ឌលភូមិភាគ៣។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដើមបណ្ដឹងឈ្មោះ ឃិន យឿន ជាអតីតសមាជិកគណបក្សភ្លើងទៀនខេត្តកណ្តាល បច្ចុប្បន្នបានទៅចុះចូលជាមួយបក្សកាន់អំណាច។
លោកបន្តថា បណ្តឹងនេះបានកើតចេញពីការថ្នាំងថ្នាក់គ្នានៅក្នុងអំឡុងពេលរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត កាលពីខែឧសភា ឆ្នាំ២០២៤។ ការប្ដឹងប្រឆាំងប្រធានគណបក្សភ្លើងទៀន និងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតនេះ ជាទង្វើ «មិនសមរម្យ និងអយុត្តិធម៌»។
ប្រភពដដែលអះអាងថា លោក ឃិន យឿន ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ មកពីគណបក្សឆន្ទៈខ្មែរ បានប្តឹងសហការីខ្លួនឯងដែលជាក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់ ៥រូប។
អ្នកទាំងប្រាំរូបនោះរួមមាន លោក ទាវ វណ្ណុល បច្ចុប្បន្នជាប្រធានគណបក្សភ្លើងទៀន បណ្ឌិត សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ លោក តុល ប្រាសាទ លោក គីមសួរ ភីរិទ្ធ និងលោក ចាន់ ចេង ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សជំទាស់ និងមនុស្ស ៣នាក់ទៀតឈ្មោះ ឆាយ សុថុន ឈ្មោះ រិន រ៉ានី និងឈ្មោះ ចេង ប៊ុនថន។
លោក លី សុធារ៉ាយុត្តិ បានឲ្យដឹងថា លោកបណ្ឌិត សុក ហាច លោក គីមសួរ ភីរិទ្ធ និងលោក ចាន់ ចេង បានចូលបំភ្លឺរួចហើយ ប៉ុន្តែលោក ទាវ វណ្ណុល បានស្នើសុំពន្យារពេលចូលបំភ្លឺ ដោយសារលោកនៅក្រៅប្រទេស។ លោកថា តុលាការនៅមិនទាន់បានចេញសេចក្តីសម្រេចយ៉ាងណានៅឡើយទេ។
អ្នកឃ្លាំមើលស្ថានការណ៍សង្គម លោក ស៊ឹង សែនករុណា លើកឡើងថា ចំពោះការប្ដឹងមន្ត្រីបក្សប្រឆាំងនេះ គឺជាយុទ្ធសាស្ត្រដដែលៗរបស់បក្សកាន់អំណាច ដើម្បីគាបសង្កត់មន្ត្រីទាំងនោះឲ្យមានការលំបាកក្នុងការធ្វើនយោបាយរបស់ខ្លួន។ លោកថា ពួកគេនឹងត្រូវរំខានដោយសារតែដីការបស់តុលាការ។
យោងតាមដីការបស់សាលាដំបូងខេត្តកណ្តាល ចេញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានបង្គាប់ឲ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លោកបណ្ឌិត សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ លោក តុល ប្រាសាទ លោក គីមសួរ ភីរិទ្ធ លោក ចាន់ ចេង ឈ្មោះ ឆាយ សុថុន ឈ្មោះ រិន រ៉ានី និងឈ្មោះ ចេង ប៊ុនថន ចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ទៅតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឃិន យឿន៕
© 2024, . All rights reserved.