ព័ត៌មានអន្តរជាតិ

ពិភពលោក​បញ្ចេញ​ប្រតិកម្ម​លើ​ទ័ព​អ៊ីស្រាអែល​ដែល​វាយប្រហារ​លើ​ទីតាំង​កងកម្លាំង​មួក​ខៀវ​អង្គការ​សហប្រជាជាតិ

By ឌឹ ខេមបូឌា ដេលី

October 12, 2024

ការ​លើក​ទ័ព​ជើងគោក​របស់​អ៊ីស្រាអែល ចូល​ទៅ​ប្រទេស​លីបង់ វា​មិនមែន​ជា​សង្គ្រាម​របស់​អ៊ីស្រាអែល និង​រដ្ឋាភិបាល​លីបង់ នោះ​ទេ ប៉ុន្តែ​វា​ជា​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​កងកម្លាំង​ហេសបូឡា ដែល​ប្រទេស​អ៊ីរ៉ង់ នៅ​ពីក្រោយ។

អ៊ីស្រាអែល បាន​លើក​ទ័ព​ថ្មើរជើង ២​កងពល​ចូល​ដែនដី​លីបង់ ដោយ​បំបែក​ខ្សែ​ការពារ​ពួក​ហេសបូឡា នៅ​តាម​ព្រំដែន​លីបង់ កាលពី​ថ្ងៃទី​៣១ កញ្ញា ដែល​ជា​ប្រតិបត្តិការ​សងសឹក ព្រោះតែ​ពួក​ហេសបូឡា បាញ់​រ៉ុក្កែត​ជាង ២០០​គ្រាប់​លើ​ដែនដី​អ៊ីស្រាអែល បណ្ដាល​ឱ្យ​ប្រជាជន​អ៊ីស្រាអែល ស្លាប់​ជាច្រើន​នាក់ ក្នុង​នោះ​មាន​កុមារ​ផង​ដែរ។

ពួក​ហេសបូឡា ដែល​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​សងសឹក​ដែល​វា​ដូច​គ្នា​ចំពោះ​អ៊ីស្រាអែល លើក​ទ័ព​ចូល​លុកលុយ​ដែនដី​ហ្កាហ្សា-ប៉ាឡេស្ទីន ជា​ជម្រក​របស់​ពួក​ហាម៉ាស។ អ៊ីស្រាអែល លើក​ទ័ព​វាយ​ចូល​ដែនដី​ហ្កាហ្សា ក៏​ជា​ការ​វាយ​សងសឹក គឺ​ក្នុង​គោលដៅ​បោស​សម្អាត​ពួក​ហាម៉ាស ដូច​នឹង​អ៊ីស្រាអែល កំពុង​វាយប្រហារ​លើ​ពួក​ហេសបូឡា-លីបង់ ផង​ដែរ។ ទាំង​ពួក​ហាម៉ាស នៅ​ហ្កាហ្សា និង​ពួក​ហេសបូឡា នៅ​លីបង់ សុទ្ធតែ​ជា​កូនអុក​របស់​អ៊ីរ៉ង។

តែ​យ៉ាងណា នៅ​ក្នុង​ដែនដី​លីបង់ ជាប់​នឹង​ព្រំដែន​អ៊ីស្រាអែល ក៏​មាន​ទីបញ្ជាការ​នៃ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ស្ថិត​នៅ​ទីនោះ​ដែរ។ កង​រក្សា​សន្តិភាព​ពហុ​សាសន៍ ដែល​គេ​ហៅថា​ទ័ព​មួក​ខៀវ បាន​មក​តាំង​បេសកកម្ម​របស់​ពួកគេ​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​ហេសបូឡា និង​កងទ័ព​អ៊ីស្រាអែល។

បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ទ័ព​មួក​ខៀវ ២​នាក់​បាន​រង​របួស ព្រោះ​តែ​គ្រាប់​ប្លោង​របស់​អ៊ីស្រាអែល។ ទ័ព​មួក​ខៀវ ២​នាក់​នោះ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ទីបញ្ជាការ​នៃ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​លីបង់។

តាម​ប្រភព​ដដែល​នេះ ទីបញ្ជាការ​នៃ​កងទ័ព​មួក​ខៀវ​ស្ថិត​នៅ​ក្នុង​តំបន់ Ras an-Naqoura ភាគ​ខាងត្បូង​ប្រទេស​លីបង់។ សេចក្ដី​ថ្លែងការណ៍​របស់​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​លីបង់ បាន​ថ្កោលទោស​អ៊ីស្រាអែល ដោយ​ចាត់ទុក​ថា​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​លីបង់ បាន​ឱ្យ​ដឹង​ថា អ៊ីស្រាអែល​បាន​វាយប្រហារ​សំដៅ​លើ​ទីបញ្ជាការ​របស់​ទ័ព​មួក​ខៀវ​ក្នុង​ក្រុង Naqoura ចំនួន ៣​គ្រាប់ ដែល​ជា​គ្រាប់កាំភ្លើង​ធំ ហើយ​ក្នុង​នោះ ១​គ្រាប់​បាន​ប៉ះ​ទៅ​លើ​ប៉ុស្តិ៍​ប្រចាំការ​នៃ​ក្រុម​មួក​ខៀវ​ជាតិ​ឥណ្ឌូនេស៊ី បណ្តាល​ឲ្យ​របួស ២​នាក់។ យោង​តាម​មន្ត្រី​ឥណ្ឌូនេស៊ី ទ័ព​មួក​ខៀវ​ទាំង ២​នាក់​នោះ រង​របួស ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

នៅ​ថ្ងៃ​សុក្រ ទី​១១ តុលា នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី អ្នកស្រី Retno Marsudi បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ទ័ព​អង្គការ​សហប្រជាជាតិ ដោយ​ចាត់ទុក​ទង្វើ​របស់​អ៊ីស្រាអែល នេះ ជា​ការ​បំពាន​ខ្លាំង​ណាស់​ទៅ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​បាន​បំពាន​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ក្រៅពី​កងទ័ព​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ក៏​មាន​ប្រទេស​ជាច្រើន​ដែល​បាន​បញ្ជូន​ទ័ព​របស់​ពួកគេ​ទៅ​ប្រទេស​លីបង់ ក្រោម​ឆត្រ​នៃ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ។

ក្នុង​នាម​សហភាព​អឺរ៉ុប មាន ២៧​ប្រទេស លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ថ្កោលទោស​ការ​វាយប្រហារ​លើ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។

អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន សហភាព​អឺរ៉ុប នៅ​ប្រទេស​ឡាវ លោក Michel បាន​លើកឡើង​ថា៖ ការ​វាយប្រហារ​ទៅ​លើ​បេសកកម្ម​រក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺជា​ទង្វើ​ដែល​មិន​មាន​ការ​ទទួល​ខុសត្រូវ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក Michel បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល ក៏ដូចជា​ភាគី​ទាំងអស់ គោរព​ឱ្យ​បាន​ពេញលេញ​ចំពោះ​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ ជាមួយ​គ្នា​នេះ ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell ក៏​បាន​និយាយ​ថា គេ​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​វាយប្រហារ​ដែល​បណ្ដាល​ឱ្យ​ទ័ព​មួក​ខៀវ​រង​បួស។

ជាមួយ​គ្នា​នេះ ប្រទេស​ចិន តាមរយៈ​ក្រសួង​ការបរទេស ក៏​បាន​ថ្កោលទោស​ដាច់ខាត​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ទៅ​លើ​ទីតាំង​របស់​ទ័ព​មួក​ខៀវ​អង្គការ​សហប្រជាជាតិ។ ក្រៅពី​ថ្កោលទោស ទីក្រុង​ប៉េកាំង ក៏​អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ជាបន្ទាន់។ មាន​ប្រទេស​ជាច្រើន​ទៀត​ក៏​បាន​ថ្កោលទោស ដូចជា​ប្រទេស​បារាំង ប្រទេស​អេស្ប៉ាញ ប្រទេស​អ៊ីតាលី។ ប្រទេស​ទាំងនេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្តបន្ទាប់​ដោយ​ថ្កោលទោស​ចំពោះ​ប្រទេស​អ៊ីស្រាអែល។

ក្នុង​ក្របខ័ណ្ឌ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ កងទ័ព​មួក​ខៀវ​កំពុង​បំពេញ​បេសកកម្ម​នៅ​លីបង់ មាន​ចំនួន​ជាង ១​ម៉ឺន ៥០០​នាក់។ ឥណ្ឌូនេស៊ី ជា​ប្រទេស​មួយ​ក្នុង​ចំណោម ១០​ប្រទេស ដែល​បាន​បញ្ជូន​កងទ័ព​ទៅ​លីបង់ មាន​ដល់​ទៅ​ជាង ១២៣០​នាក់។

បើ​តាម​ក្រសួង​ការបរទេស​លីបង់ ក្រោយពី​វាយប្រហារ​ពី​ថ្ងៃទី​១០ តុលា ដោយ​ប៉ះ​ទៅ​លើ​ទីបញ្ជាការ​របស់​កងទ័ព​មួក​ខៀវ​ជាតិ​ឥណ្ឌូនេស៊ី ប្រទេស​អ៊ីស្រាអែល ក៏​បន្ត​វាយប្រហារ​ជា​ថ្មី​បន្ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ ទី​១១ តុលា ទីបញ្ជាការ​កងទ័ព​មួក​ខៀវ​មកពី​ប្រទេស​ស្រីលង្កា។

យ៉ាងណា អ៊ីស្រាអែល និយាយ​ថា ខ្លួន​បាន​ជូនដំណឹង​ច្រើន​ថ្ងៃ​ហើយ​ថា​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ត្រូវតែ​រត់​ចេញ​ជាបន្ទាន់ ព្រោះ​វា​ចំ​គោលដៅ​ដែល​ត្រូវ​វាយប្រហារ​ក្នុង​ប្រតិបត្តិការ​តាម​បោស​សម្អាត​ពួក​ហេសបូឡា។ ក្នុង​ប្រតិបត្តិការ​តាម​កម្ទេច​ក្រុម​ហេសបូឡា ដែល​អ៊ីរ៉ង់ នៅ​ពីក្រោយ​នៅ​លើ​ទឹកដី​លីបង់ កងទ័ព​អ៊ីស្រាអែល បាន​បាញ់​គ្រាប់​ប្លោង​ស្រោច​ទៅ​លើ​រដ្ឋធានី​បៃរូត បណ្ដាល​ឱ្យ​ស្លាប់​ជាង ២០​នាក់​បន្ថែម​ទៀត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ តុលា ហើយ​និង​វាយប្រហារ​នៅ​ប៉ែក​ខាងត្បូង​លីបង់ ដែល​នៅ​ភាគ​ខាងត្បូង​នេះ​ហើយ​ជា​ទីបញ្ជាការ​របស់​កងកម្លាំង​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​ប្រចាំ​លីបង់។

បើ​ទោះ​ជា​មាន​ការ​ថ្កោលទោស​យ៉ាង​នេះ​ក្ដី តែ​ប្រទេស​អ៊ីស្រាអែល នៅតែ​បន្ត​ព្រមាន​ថា កងទ័ព​មួក​ខៀវ​មិន​ត្រូវ​ស្ថិត​នៅ​ចំពោះ​មុខ​ប្រតិបត្តិការ​សឹក​នៃ​កងទ័ព​អ៊ីស្រាអែល ឡើយ។ ក្រុង​តែលអាវីវ ថា​វា​មិនមែន​ជា​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ឡើយ៕

© 2024, . All rights reserved.