មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជា គឺជាអំណាចផ្ដាច់ការ ព្រោះអំណាចបញ្ជាទាំងអស់រាប់ចាប់តាំងពីការជ្រើសរើស និងទម្លាក់ព្រះមហាក្សត្រឡើងទៅ គឺចេញពីបក្សតែមួយ ដែលស្ថិតក្រោមបញ្ជាមនុស្សតែម្នាក់ គឺលោក ហ៊ុន សែន។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះថា ក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងឧត្ដមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ សុទ្ធតែជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ខណៈអ្នកជ្រើសរើសព្រះមហាក្សត្រឡើងសោយរាជសម្បត្តិ ឬទម្លាក់ព្រះមហាក្សត្រ និងអ្នកផ្តល់យោបល់ថ្វាយព្រះមហាក្សត្រ ក៏ជាមនុស្សចេញមកពីក្រុមបក្សតែមួយដែរ។
លោក មុត ចន្ថា លើកឡើងថា ចំណែកប្រមុខរដ្ឋស្តីទីក៏ចេញពីបក្សតែមួយថែមទៀត ស្របពេលដែលស្ថាប័នរដ្ឋទាំងអស់ រួមទាំងរដ្ឋបាលស៊ីវិលថ្នាក់ក្រោមជាតិ កម្លាំងសន្តិសុខជាតិ និងកងទ័ពជាតិ ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់បក្សតែមួយដែរ ដូច្នេះសរុបមក អំណាចត្រូវបានប្រមូលផ្ដុំផ្ដាច់មុខដោយមនុស្សតែម្នាក់សម្រាប់ការដឹកនាំនៅកម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីបក្សប្រឆាំងរូបនេះរៀបរាប់ថា បក្សប្រឆាំងពិតប្រាកដត្រូវបានកម្ចាត់ មេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ឃុំខ្លួន អ្នកនយោបាយនិងសកម្មជនប្រឆាំងត្រូវបានបញ្ជាឱ្យតាមកម្ទេច បើមិនចុះចូលជាមួយបក្សកាន់អំណាច ខណៈអង្គការសង្គមស៊ីវិល និងសារព័ត៌មាន ក៏ត្រូវបានបង្ក្រាប និងរឹតត្បិតសេរីភាពស្ទើរគ្មានខ្យល់ដកដង្ហើម។
ជាងនេះទៀត លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យតាមកម្ទេចកម្លាំងនយោបាយប្រជាធិបតេយ្យមិនឱ្យប្រមូលផ្ដុំឈានទៅបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតសភាឆ្នាំ២០២៨ ថែមទៀត។
លោក មុត ចន្ថា ព្រមានថា ការរៀបរាប់របស់លោកទាំងនេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងធ្លាក់ចូលទៅក្នុងជ្រោះមរណៈនៃអំណាចផ្ដាច់ការទាំងស្រុង ដូច្នេះប្រសិនបើពលរដ្ឋខ្មែរនៅតែបន្តដេកមិនភ្ញាក់ទៀតនោះ នឹងក្លាយជាជនរងគ្រោះឥតគណនាពីការដឹកនាំសព្វថ្ងៃនេះនាពេលអនាគតដ៏ខ្លីខាងមុខជាពុំខានឡើយ។
ចាប់តាំងពីលោក ហ៊ុន សែន ផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុសច្បងរបស់គាត់កាលពីចុងខែសីហា ឆ្នាំ២០២៣ មក គេមើលឃើញថា អំណាចរបស់អតីតមេកម្មាភិបាលខ្មែរក្រហមរូបនេះកាន់តែគ្របដណ្ដប់ធំឡើងៗ។
ក្រៅពីរៀបចំឱ្យខ្លួនឯងជំនួសតំណែងព្រះមហាក្សត្រដោយស្របច្បាប់ពេលទ្រង់អវត្តមានពីប្រទេស លោក ហ៊ុន សែន ក៏បានរៀបចំឱ្យកូនៗរបស់គាត់ និងសាច់ញាតិ ព្រមទាំងបក្សពួក កាន់កាប់ក្រសួងស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ទាំងអស់ រាប់ចាប់តាំងពីស្ថាប័នកំពូលរបស់ជាតិទាំង៣ គឺស្ថាប័ននីតិប្បញ្ញតិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចោទថាការដឹកនាំរបស់រដ្ឋាភិបាលក្រុងភ្នំពេញ គឺជាការដឹកនាំតាមរបបហ្វាស់ស៊ីស ចំណែកមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺជាមេដឹកនាំកំពូលនៃរបបនេះដោយផ្ទាល់ ដែលទុកព្រះមហាក្សត្រខ្មែរជាអាយ៉ងដើម្បីបម្រើមហិច្ឆតារបស់ខ្លួនប៉ុណ្ណោះ៕
© 2024, . All rights reserved.