ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

ចក្រភព​អង់គ្លេស​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឈប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ

By ឌឹ ខេមបូឌា ដេលី

October 12, 2024

ឯកអគ្គរាជទូត​អង់គ្លេស ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រមទាំង​បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សារព័ត៌មាន។

ការ​ជំរុញ​នេះ ក្នុង​ជំនួប​រវាង​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី កាលពី​ថ្ងៃទី​១០ ខែ​តុលា។

ក្នុង​ជំនួប​នេះ លោក Dominic Williams បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​វេទិកា​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស និង​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ថា ចក្រភព​អង់គ្លេស ប្ដេជ្ញា​ក្នុង​ការ​ធ្វើការ​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា ក្នុង​នាម​ជា​មិត្ត និង​ដៃគូ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្រៅពី​ប្ដេជ្ញា​ចិត្ត​នោះ ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams បាន​លើកឡើង​ពី​កង្វល់​ទាក់ទង​នឹង​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក៏ដូចជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែល​អាច​រារាំង​ដល់​ការ​ចូលរួម​ប្រកប​ដោយ​បរិយាបន្ន​ពី​តួអង្គ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

ការ​លើកឡើង​របស់​ឯកអគ្គរាជទូត​អង់គ្លេស នេះ ធ្វើឡើង​ស្រប​ពេល​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត ម៊ុនតាប៊ន បាន​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ការ​បង្ក្រាប​សំឡេង​ប្រឆាំង និង​បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើងវិញ។

ក្នុង​សម័យ​ប្រជុំ​នៅ​សម័យ​ប្រជុំ​លើក​ទី​៥៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​០៧ ខែ​តុលា លោក វីទិត ម៊ុនតាប៊ន ក៏​បាន​រិះគន់​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ជា​កូន នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ថា ធ្វើ​ឡើង​តែ​នៅ​ក្នុង​ក្រុម​គ្រួសារ និង​បក្ខពួក។ លោក​ចាត់ទុក​ការ​ផ្ទេរ​អំណាច​បែប​នេះ​ថា​ជា​ការ​បន្ត​ក្តោប​ក្តាប់​អំណាច​ដោយ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​គ្មាន​តម្លាភាព​នោះ​ទេ៕

© 2024, . All rights reserved.