ក្រុមប្រឹក្សា ២៣តុលា១៩៩១ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែតុលា រិះគន់ភ្នាក់ងារការពារសិទ្ធិមនុស្សបរទេសមានការិយាល័យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (Office of UN Special Rapporteur) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជាដើម ចំពោះករណីរំលោភសិទ្ធិមនុស្សឆ្លងដែនពីសំណាក់រាជរដ្ឋាភិបាលខ្មែរផ្ដាច់ការ ថាមិនសូវអើពើនឹងមុខនាទីខ្លួន ឬក៏យ៉ាងច្រើនបំផុតបានត្រឹមតែទិតៀនស្រាលៗព្រោះខ្លាចរបបផ្ដាច់ការក្រុងភ្នំពេញលែងសហការជាមួយ។
លោក ស្រី ពុធសាវឌី ប្រធានគណៈកម្មាធិការនាយកនៃក្រុមប្រឹក្សា ២៣តុលា១៩៩១ ហៅរបបគ្រប់គ្រងចេញពីរបបសាធារណរដ្ឋប្រជាមានិតជារបបខ្មែរក្រហមទី២។ លោកថ្លែងថា ថ្មីៗនេះមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្រៅដែនអំណាច (ប្រទេស) កម្ពុជា គឺការប៉ុនប៉ងតាមចាប់ខ្លួនអ្នកប្រឆាំងខ្មែរនៅប្រទេសថៃ គឺលោក ផន ផាន់ណា តាមរយៈសារសំឡេងបញ្ជាពីលោក ហ៊ុន សែន ដែលមានលក្ខណៈព្រៃផ្សៃ និងប្រមាថស្ថាប័នអង្គការសហប្រជាជាតិ។ បន្ទាប់មកទៀត ការចាប់ខ្លួនពលករខ្មែរនៅប្រទេសម៉ាឡេស៊ី គឺកញ្ញា នួន តឿន ដោយមានអន្តរាគមន៍ពីអាជ្ញាធរម្ចាស់ប្រទេស។
សេចក្តីថ្លែងការណ៍បន្តថា៖ គ្រប់ករណីទាំងអស់សុទ្ធសឹងតែជាការបញ្ចេញមតិទិតៀនរដ្ឋាភិបាលក្រុងភ្នំពេញ ទាក់ទងនឹងកិច្ចព្រមព្រៀងបង្កើតគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ ចំពោះបញ្ហាទាំងអស់នេះ ក្រុមប្រឹក្សា ២៣តុលា១៩៩១ កត់សម្គាល់ឃើញថា អង្គការការពារសិទ្ធិមនុស្សមិនបានយកចិត្តទុកដាក់នឹងមុខនាទីខ្លួន គឺមិនហ៊ានថ្កោលទោសរបបភ្នំពេញ ក្រៅពីគ្រាន់តែបញ្ចេញមតិរិះគន់ថ្នមៗចំពោះរបបផ្ដាច់ការភ្នំពេញនោះទេ។ ប្រសិនលើកនេះ អង្គការការពារសិទ្ធិមនុស្សនៅតែមិនធ្វើប្រតិកម្មជាក់លាក់ចំពោះរបបក្រុងភ្នំពេញ និងប្រទេសក្នុងសហគមន៍អាស៊ាន ដែលសហការគ្នារំលោភសិទ្ធិមនុស្សឆ្លងដែនបែបនេះទេនោះ ស្ថាប័នអង្គការសហប្រជាជាតិ នឹងត្រូវបានគេប្រមាថជាន់ឈ្លីនឹងបាតជើងពួកផ្ដាច់ការនៅក្នុងតំបន់ទាំងមូល។
តើនេះមិនមែនជាអំពើសហក្បត់នឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ទេឬ?
ក្រុមប្រឹក្សា ២៣តុលា១៩៩១ សូមក្រើនរំឭកស្ថាប័ន និងអង្គការការពារសិទ្ធិមនុស្សទាំងឡាយចំពោះភារកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន ក្នុងការការពារសិទ្ធិមនុស្ស ការជួយរកយុត្តិធម៌ជូនជនរងគ្រោះដោយការបញ្ចេញមតិទិតៀនរបបផ្ដាច់ការ ដែលត្រូវបានរដ្ឋអំណាចក្រុងភ្នំពេញចាប់ខ្លួន កាត់ទោស និងដាក់គុក។
ទន្ទឹមនឹងនេះ យើងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុង ទាំងក្រៅប្រទេស ប្រកាន់យកស្មារតីតស៊ូដើម្បីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ១៩៩១ ឆ្ពោះទៅកាន់អត្ថិភាពជាតិខ្មែរ ឯករាជ្យ អធិបតេយ្យ និងប្រជាធិបតេយ្យ៕
© 2024, . All rights reserved.