ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម និង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) និង​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នយោបាយ សិទ្ធិមនុស្ស និង​សង្គម ដែល​កំពុង​ជាប់​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​រឿង​ទឹកដី​ផ្តើម​នៅ​ច្រើន​ប្រទេស

By ឌឹ ខេមបូឌា ដេលី

October 13, 2024

អ្នក​ឃ្លាំមើល​លើកឡើង​ថា យុទ្ធនាការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ប្រឆាំង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​ពលរដ្ឋ​ខ្មែរ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ប្រាប់​ទៅ​កាន់​ពិភពលោក​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​គាំទ្រ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ឱ្យ​ដឹកនាំ​កម្ពុជា​បន្ត​ទៀត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ ដើម្បី​លើក​ស្ទួយ​ប្រជាធិបតេយ្យ ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្រៅ​ស្រុក គ្មាន​ជម្រើស​ផ្សេង​ណា​ល្អ​ជាង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដើរ​ខុស​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ឡើយ។

លោក គឹម សុខ លើកឡើង​ថា ការ​ចេញ​មុខ​ខ្វល់ខ្វាយ​ពី​ប្រទេស​ជាតិ​របស់​ខ្លួន​បែប​នេះ បង្ហាញ​ពី​សេចក្តី​ក្លាហាន ឧត្ដមគតិ មនសិការ​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ពូជសាសន៍​ខ្ពង់ខ្ពស់​បំផុត​ដែល​មិន​ព្រម​ឱ្យ​ទឹកដី​របស់​ខ្លួន​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មនុស្ស​មួយ​ក្រុម ដែល​គប់គិត​គ្នា​បំផ្លាញ​ទឹកដី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជាតិ​ខ្មែរ​អាប់ឱន​កិត្តិយស​លើ​ឆាក​អន្តរជាតិ​រាប់​ទសវត្សរ៍​កន្លង​មក​ហើយ​នោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជក់​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​ជាង ៤​ទសវត្សរ៍​មក​នេះ បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​ជាតិ​ខ្មែរ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ដោយ​រង​នូវ​ការ​ជិះជាន់ ព្រមទាំង​រំលោភ​បំពាន​ពី​បរទេស​ជិតខាង​ស្ទើរតែ​ងើប​មុខ​លែង​រួច​ទៅ​ហើយ។

លោក គឹម សុខ ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ទុក​ឱ្យ​ប្រទេស​ជាតិ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វង្ស​ត្រកូល​មួយ​ដូច​ប្រទេស​កូរ៉េខាងជើង ដាច់ខាត ព្រោះ​សញ្ញា​ដំបូង​ដែល​កម្ពុជា​រំកិល​ទៅ​រក​ការ​ដឹកនាំ​ដូច​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ គឺ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន ហើយ​បន្ទាប់​មក​ទៀត គឺជា​ផែនការ​ដែល​ពួកគេ​នឹង​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​សម្រាប់​តែ​ក្រុម​គ្រួសារ​របស់​ពួកគេ​តែម្តង។

ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក នឹង​ផ្តើម​ធ្វើ​បាតុកម្ម​ចាប់ពី​ថ្ងៃទី​១១ រហូត​ដល់​ថ្ងៃទី​១៤ ខែ​តុលា នេះ ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពិនិត្យ​អំពី​ការ​អនុវត្ត​កិច្ចសន្យា​អន្តរជាតិ​នេះ​ឡើងវិញ ក្នុង​គោលបំណង​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដើម្បី​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​លើក​កម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​ឡើងវិញ​ផង​ដែរ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក៏​នឹង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ជុំវិញ​ការ​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ដោះលែង​អ្នកទោស​នយោបាយ បើក​លំហ​សិទ្ធិ​សេរីភាព និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ដែរ ដែល​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ៥​ម៉ឺន​នាក់។

ជាង​នេះ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៤ នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ និង​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំងអស់​ផង​ដែរ។

ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ដែរ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ជា​ការ​រំលឹក​ខួប ៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​សន្តិភាព​នៅ​កម្ពុជា​មួយ​នេះ​ដែរ៕

© 2024, . All rights reserved.