ក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ចាត់ទុកការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ជាអំពើចាប់ខ្លួនមនុស្សតាមអំពើចិត្ត ព្រោះជាការអនុវត្តវិធានការដោយគ្មានមូលដ្ឋានច្បាប់ និងអង្គហេតុជាក់លាក់។
ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) បានធ្វើការវិភាគក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៤ តុលា នេះថា ការចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម រហូតឈានដល់ការចាប់ឃុំខ្លួនលោក ម៉ិច ដារ៉ា ជាការប្រព្រឹត្តផ្ទុយស្រឡះពីច្បាប់ដែលបានចែង ព្រោះការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ ធ្វើឡើងនៅពេលដែលគាត់កំពុងធ្វើដំណើរតាមផ្លូវជាមួយក្រុមគ្រួសារប៉ុណ្ណោះ មិនមែនកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ។
ជាងនេះទៀត រហូតដល់ពេលនេះ ក៏មិនមានការបញ្ជាក់ណាមួយដែលអះអាងថា លោក ម៉ិច ដារ៉ា មិនដែលបានទទួល ឬបដិសេធមិនទទួលនូវដីការបស់តុលាការឱ្យចូលខ្លួនឆ្លើយបំភ្លឺម្តងណាឡើយ ដូច្នេះការចាប់ខ្លួននេះ រឹតតែបង្ហាញឱ្យឃើញពីការរំលោភនីតិវិធីច្បាប់ថែមទៀត។
ប្រភពដដែលអះអាងថា អាជ្ញាធរអាចចាប់ខ្លួនលោក ម៉ិច ដារ៉ា បាន លុះត្រាតែគាត់កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ប៉ុន្តែក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញជុំវិញការចាប់ខ្លួននេះ មិនបានបញ្ជាក់ពីអង្គហេតុនៃការចាប់ខ្លួនលោក ម៉ិច ដារ៉ា ថាគាត់កំពុងប្រព្រឹត្តអំពើខុសច្បាប់អ្វីនោះទេ ព្រោះពេលដែលសមត្ថកិច្ចចាប់ខ្លួនលោក ម៉ិច ដារ៉ា កំពុងឈរបង់លុយនៅបញ្ជរបង់ប្រាក់ដោយគ្មានការប្រព្រឹត្តល្មើសច្បាប់ណាមួយក្នុងពេលនោះឡើយ។
ជាងនេះទៅទៀត តុលាការក៏មិនបានបកស្រាយទៅលើបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ពីសម្ដី សំណេរ ឬការអំពាវនាវណាមួយរបស់លោក ម៉ិច ដារ៉ា ដែលខ្លួនបានចោទថាជាអំពើខុសច្បាប់ដែរ ស្របពេលដែលក្រសួងព័ត៌មាន អាជ្ញាធរមានសមត្ថកិច្ច និងអ្នកនាំពាក្យរដ្ឋាភិបាលផង សុទ្ធតែអះអាងថាការចាប់ខ្លួននេះមិនពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មានថែមទៀត។
ក្រុមអ្នកតស៊ូមតិកម្ពុជា ពន្យល់ថា គ្មាននិយមន័យតាមផ្លូវច្បាប់ទេសម្រាប់ពាក្យថា សន្តិសុខសង្គម ប៉ុន្តែមានពាក្យថា សន្តិសុខជាតិទាំងមូល ឬសន្តិសុខផ្នែកណាមួយនៃជាតិ ដូច្នេះបើតុលាការសំដៅដល់សន្តិសុខជាតិ តុលាការក៏ត្រូវបង្ហាញពីពាក្យសម្ដីណាមួយរបស់លោក ម៉ិច ដារ៉ា ដែលខ្លួនបានចោទប្រកាន់ថានាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិដែរ។ ផ្ទុយទៅវិញ បើរកមិនឃើញទេ នោះការចោទប្រកាន់នេះក៏គ្មានមូលដ្ឋានច្បាប់ដែរ។
ប្រភពដដែលអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទលើលោក ម៉ិច ដារ៉ា និងដោះលែងអ្នកសារព័ត៌មានរូបនេះឱ្យមានសេរីភាពពេញលេញឡើងវិញនៅពេលនេះ។
ក្រុមអ្នកតស៊ូមតិកម្ពុជាបញ្ជាក់ថា អ្វីៗនៅកម្ពុជា គឺស្ថិតក្នុងដៃរបស់លោក ហ៊ុន សែន និងក្រុមគ្រួសាររបស់គាត់ទាំងអស់ ដូច្នេះក្រុមគ្រួសារមួយនេះបានយកគណបក្សប្រជាជនកម្ពុជាដែលជាអង្គការចាត់តាំងនយោបាយ ទៅជ្រៀតជ្រែកអំណាចរដ្ឋបាលក្នុងក្រសួង ស្ថាប័ន គ្រប់ជាន់ថ្នាក់ ដែលបង្កអស្ថិរភាពដល់ក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋាភិបាលគ្រប់ទីកន្លែង។
លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោកបង្ហោះរូបភាពចំនួនពីរសន្លឹក បង្ហាញពីសកម្មភាពកាយយកថ្មភ្នំដោយសរសេរអក្សរបិទលើរូបភាពនោះថា «បាភ្នំឥឡូវ» និងមួយទៀតបង្ហាញពីជណ្ដើរថ្មឡើងទៅកាន់រមណីយដ្ឋានបាភ្នំ ដែលមានសរសេរអក្សរបិទលើរូបថា «បាភ្នំពីដើម» និងភ្ជាប់ជាមួយសំណេរលើរូបភាពទាំងនេះថា «ការអភិវឌ្ឍដ៏អស្ចារ្យ»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ កាលពីដើមខែសីហា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាកំពុងធ្លាក់ចំណាត់ថ្នាក់ខាងសេរីភាពសារព័ត៌មានចំនួន ៩លេខ រយៈពេល ២ឆ្នាំជាប់ៗគ្នាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ នេះ គឺធ្លាក់ពីលេខ១៤២ ក្នុងឆ្នាំ២០២២ មកចំណាត់ថ្នាក់លេខ១៥១ ក្នុងឆ្នាំ២០២៤៕
© 2024, . All rights reserved.