រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា លើកឡើងថា ទោះពេលវេលាកន្លងទៅអស់រយៈពេលជាង ១ទសវត្សរ៍ទៅហើយក្តី ក៏ពលរដ្ឋខ្មែរទូទៅនៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះអង្គ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ តុលា នេះថា ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈនៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ជាពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជភាពពីអាណានិគមនិយមបារាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កន្លងទៅ។
ក្នុងខួប ១២ឆ្នាំនេះ លោកសូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះនរោត្តម សីហនុ សូមឱ្យស្តេចយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ការបួងសួងនេះ ធ្វើឡើងដើម្បីរំលឹកខួប ១២ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាវីរក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហនុ ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ។
ព្រះបាទនរោត្តម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២១ និងឡើងសោយរាជ្យលើកទី១ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥។ ព្រះអង្គសោយរាជ្យលើកទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ ហើយព្រះអង្គក៏បានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះរោគាពាធ។
ជុំវិញថ្ងៃខួបនេះ ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ សីហមុនី បានសរសេរលើទំព័រហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge កាលពីថ្ងៃទី១៤ តុលា នេះថា ១២ឆ្នាំមុន ប្រជារាស្ត្រខ្មែរបាត់បង់នូវមហារដ្ឋបុរសដ៏ឆ្នើម ដ៏ឥតគណនាឲ្យអស់នូវព្រះរាជគុណូបការៈ និងមហាពលិកម្មដែលព្រះអង្គបានបំពេញចំពោះជាតិមាតុភូមិកម្ពុជា។
ចំណែកមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មិនបានសរសេរអ្វីច្រើនទេសម្រាប់ថ្ងៃខួបនេះ ដោយគ្រាន់តែថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តម សីហនុ និងប្ដេជ្ញាគោរពដឹងគុណព្រះអង្គដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងចំពោះជាតិមាតុភូមិកម្ពុជាប៉ុណ្ណោះ។
ដោយឡែកលោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ តុលា នេះ គ្រាន់តែសរសេរថា ខួបលើកទី១២ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» តែប៉ុណ្ណោះ។
ជុំវិញខួប ១២ឆ្នាំនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ តុលា នេះថា ខួប ១២ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបាទនរោត្តម សីហនុ ធ្វើឲ្យពលរដ្ឋ និងបញ្ញវន្តខ្មែរជាច្រើនបានរំលឹកដល់គុណតម្លៃរបស់ព្រះអង្គដែលបានជួយកម្ពុជាទទួលបានឯករាជ្យពីបារាំង នៅឆ្នាំ១៩៥៣ ហើយថែមទាំងជួយឱ្យកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីថែរក្សាបូរណភាពទឹកដីរបស់កម្ពុជាដល់សព្វថ្ងៃនេះថែមទៀត។
លោក ម៉ែន ណាត អះអាងថា បើអ្នកនយោបាយខ្មែរពិតជានៅចងចាំវីរភាព និងគោរពដឹងគុណពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការបង្រួបបង្រួមជាតិមែន ពួកគេគួរតែនាំគ្នាបញ្ចប់នយោបាយដែលធ្វើឱ្យខ្មែរបែកបាក់ជាតិដោយងាកទៅរកការបង្រួបបង្រួម សាមគ្គីជាតិ ដូចព្រះអង្គធ្លាប់បានដឹកនាំរកការផ្សះផ្សាជាតិកន្លងមក។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក ហ៊ុន សែន មិនត្រឹមតែមិនគោរពអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រខ្មែរដែលកំពុងគ្រងរាជ្យបច្ចុប្បន្នប៉ុណ្ណោះទេ តែគ្រួសារមួយនេះតែងតែប្រឆាំងនឹងព្រះរាជតម្រិះរបស់ព្រះអង្គក្នុងការស្វែងរកការផ្សះផ្សាជាតិ រហូតគំរាមរំលាយរបបរាជានិយមកាលពីឆ្នាំ២០០៥ ថែមទៀតផង៕
© 2024, . All rights reserved.